ដោយ: គង់ លាងហួរ
អន្តរជាតិ: មន្ត្រីជាន់ខ្ពស់អាមេរិក បានជំរុញឱ្យសហភាពអឺរ៉ុប (EU) ចូលរួមជាមួយខ្លួន ក្នុងការទប់ស្កាត់ការនាំចេញបច្ចេកវិទ្យាបៃតងរបស់ទីក្រុងប៉េកាំង ដោយព្រមានថា ទំនិញថោកៗរបស់ចិនអាចគំរាមកំហែងដល់ជោគវាសនារបស់រោងចក្រនៅទូទាំងពិភពលោក។
លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក បានលើកឡើងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់លោកខាងលិចត្រូវតែបង្ហាញប្រតិកម្ម ចំពោះការកើនឡើងនៃអំណាចផលិតកម្មរបស់ប្រទេសចិន ដែលធ្វើឱ្យឧស្សាហកម្មរបស់យើងប្រឈមហានិភ័យ។
ទន្ទឹមនឹងនេះ លោកស្រី Yellen ក៏បានច្រានចោលការរិះគន់ពីសម្ព័ន្ធមិត្តអឺរ៉ុបមួយចំនួន ដែលលើកឡើងថា ការបន្ធូរបន្ថយពន្ធ និងការឧបត្ថម្ភធនផ្ទាល់ខ្លួនរបស់សហរដ្ឋអាមេរិកសម្រាប់ការផលិតពណ៌បៃតង តំណាងឱ្យការងាកទៅរកការគាំពារនិយមរបស់អាមេរិក។
លោកស្រី Yellen បានថ្លែងបែបនេះត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីសេតវិមានបានប្រកាសដំឡើងពន្ធយ៉ាងខ្ពស់ទៅលើផលិតផលបច្ចេកវិទ្យាស្អាតរបស់ចិន ដែលនាំចូលទៅកាន់សហរដ្ឋអាមេរិក ក្នុងគោលដៅដើម្បីការពារឧស្សាហកម្មក្នុងស្រុករបស់ខ្លួន។






