ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមលោក Andrew Hollenhorst ប្រធានសេដ្ឋវិទូអាមេរិករបស់ធនាគារយក្ស Citigroup បានឱ្យដឹងថា ការធ្លាក់ចុះនៃទីផ្សារការងារនឹងក្លាយជាមូលហេតុ ដែលធ្វើឱ្យសេដ្ឋកិច្ចអាមេរិកប្រែជាមានភាពអាប់អួរយ៉ាងឆាប់រហ័ស។
លោកបានថ្លែងប្រាប់ស្ថានីយទូរទស្សន៍ CNBC ថា “ក្រុមហ៊ុននានាកំពុងជួលបុគ្គលិកក្នុងចំនួនដ៏តិច និងតម្រូវឱ្យកម្មករកាត់បន្ថយម៉ោងធ្វើការ។ ដូច្នេះ ទីផ្សារការងារបានចាប់ផ្តើមធ្លាក់ចុះបន្តិចម្តងៗរួចទៅហើយ។ នៅទីបំផុត វានឹងធ្វើឱ្យសេដ្ឋកិច្ចអាមេរិកឆ្ពោះទៅរកការធ្លាក់ចុះយ៉ាងគំហុក(Hard Landing)”។
យ៉ាងណាមិញ ទិន្នន័យទីផ្សារការងារនៅសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ មិនបានចង្អុលបង្ហាញពីស្ថានភាពដ៏អាក្រក់បែបនេះទេ។ ប៉ុន្តែ លោក Hollenhorst បានអះអាងថា របាយការណ៍មួយចំនួនបង្ហាញពីបរិយាកាសទុទិដ្ឋិនិយមជាងអ្វី ដែលមនុស្សជាច្រើនអាចមើលដឹង។
លោកបានមានប្រសាសន៍ឱ្យដឹងបន្តដោយដកស្រង់ទិន្នន័យនៃការស្ទង់មតិពីសហព័ន្ធជាតិនៃអាជីវកម្មឯករាជ្យ ថា “អាជីវកម្មខ្នាតតូចកំពុងប្រាប់យើងថា គោលបំណងរបស់ពួកគេក្នុងការជួលបុគ្គលិកបានដាំក្បាលចុះដល់កម្រិតទាបបំផុតចាប់តាំងពីឆ្នាំ២០១៦។ ហើយប្រសិនបើខ្ញុំក្រឡេកមើលសេដ្ឋកិច្ចជារួម អត្រាជួលនាពេលនេះគឺស្ថិតក្នុងអត្រាទាបបំផុតក្នុងរយៈពេលមួយទសវត្សរ៍”។
លោក Hollenhorst បានព្យាករណ៍ថា អត្រាភាពអត់ការងារធ្វើនឹងកើនឡើងដល់កម្រិតលើសពី៤% ដែលអាចជំរុញឱ្យធនាគារ Federal Reserve ចាប់ផ្តើមបញ្ចុះអត្រាការប្រាក់ភ្លាមៗនៅខែកក្កដាខាងមុខ។ សរុបមក លោកយល់ឃើញថា ការកាត់បន្ថយអត្រាការប្រាក់ឱ្យបាន៤លើកក្នុងឆ្នាំនេះ គឺជាដំណោះស្រាយតែមួយគត់ចំពោះការធ្លាក់ចុះសេដ្ឋកិច្ច”។
ចំណែកឯ លោកស្រី Danielle DiMartino Booth ស្ថាបនិកនៃក្រុមហ៊ុនប្រឹក្សាសេដ្ឋកិច្ច Money Strong, LLC និងជាអ្នកព្យាករណ៍ជើងចាស់មួយរូប បានមានប្រសាសន៍ឱ្យដឹងថា សូចនាករអត្រាអ្នកគ្មានការងារធ្វើបង្ហាញថា វិបត្តិសេដ្ឋកិច្ចបានមកដល់ហើយ។
តួយ៉ាង កាលពីខែមេសាកន្លងទៅ អត្រាអ្នកគ្មានការងារធ្វើបានកើនឡើងដល់៣,៩ភាគរយ បើធៀបនឹងការរំពឹងទុកថា នឹងស្ថិតនៅទ្រឹងត្រឹម៣,៨ភាគរយ៕ប្រភព:Business Insider៕