ដោយ ដែន ចែងចាំង
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានធ្វើការព្រមានដល់ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ត្រូវចាប់អ្នកផលិត ឬម្ចាស់ទីតាំងផ្ទុកផលិតផលក្លែងក្លាយឲ្យបាន ដើម្បីធ្វើយ៉ាងកុំឲ្យករណីនេះកើតមាននៅកម្ពុជាបន្តទៀត។
សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ក្នុងពេលអញ្ជើញចូលរួមជាអធិបតីភាពពិធីកម្ទេច និងបំផ្លាញចោលនូវទំនិញក្លែងក្លាយ ៧០តោន ដែលបង្ក្រាបនាពេលកន្លងទៅ នៅទីលានដីតាមបណ្តោយមហាវិថី សម្តេចតេជោ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យនាព្រឹកថ្ងៃទី១២ មិនានេះ បានដាក់បទបញ្ជាទៅគណៈកម្មាធិការប្រយុទ្ឋប្រឆាំងផលិតផលក្លែងក្លាយថា លើកក្រោយមិនមែនថា ចង់កាត់ទោសអ្នកនេះអ្នកនោះទេ លើកក្រោយបើថា ចាប់បានផលិតផលហ្នឹងហើយ ត្រូវតែចាប់បានម្ចាស់ បើមិនចាប់បានម្ចាស់ទេ លោកមិនមកបំផ្លាញទៀតទេនេះលក្ខខណ្ឌរបស់សម្តេចស្តាប់ឲ្យបាន។
លោកបន្តថា “បើគ្រាន់តែចាប់បានផលិតផលក្លែងក្លាយបែបនេះ តើពេលណាទៅបានអស់ផលិតផលក្លែងក្លាយ? បើមិនព្រមចាប់ម្ចាស់អ្នកផលិតផងនោះ ហើយលក្ខខណ្ឌបើចង់ឲ្យខ្ញុំមកត្រូវចាប់ម្ចាស់ឬអ្នកទទួលខុសត្រូវ លើផលិតផលក្លែងក្លាយនេះឲ្យបាន”។
សម្តេចក្រឡាហោមបានបន្តថា “ការចាប់ត្រឹមតែផលិតផលហើយចាប់ម្ចាស់ មិនបាន វាប្រៀបបានដូចជាការបក់ផ្សែងយ៉ាងដូច្នេះដែរ។ ដូច្នះហើយក្រុមការងារត្រូវតែខិតខំបន្ថែមទៀតដើម្បីទប់ស្កាត់នូវផលិតផលទាំងនេះ ក្នុងគោលបំណងការពារសុខភាពរបស់ប្រជាពលរដ្ឋក៏ដូចជាអ្នកប្រើប្រាស់ជាដើម”។
ជាមួយគ្នានេះសម្តេចក្រឡាហោម ស ខេង បានធ្វើការអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាទប់ស្កាត់បន្ថែមទៀត នូវផលិតផលក្លែងក្លាយនេះ ដើម្បីមុខមាត់ប្រទេសនិងសុខភាពទូទៅរបស់អ្នកប្រើប្រាស់ផងដែរ៕






