ដំណឹងល្អៈ ខេត្តព្រះសីហនុចូលជាសមាជិកពេញសិទ្ធនៃសមាគមអន្តរជាតិ នៃអភិបាលក្រុងនិយាយភាសាបារាំង(AIMF)

0

        ដោយៈ គង់ សូរិយា

        ព្រះសីហនុៈ អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ និងគណៈប្រតិភូខេត្តចំនួន៣រូប ចូលរួមមហាសន្និបាតលើកទី៤៤ របស់សមាគមអន្តរជាតិ នៃអភិបាលក្រុងនិយាយភាសាបារាំង(Association Internationale des Maires Francophones, AIMF) នៅទីក្រុងឡូហ្សាន ប្រទេសស្វីស។​​

នៅក្នុងមហាសន្និបាតប្រចាំឆ្នាំនេះ ខេត្តព្រះសីហនុទទួលបានការឯកភាពជាឯកច្ឆន្ទ ក្នុងការចូលរួមជាសមាជិកពេញសិទ្ធ បន្ទាប់ពីកិច្ចសម្របសម្រួលអស់រយៈពេលជាង២ឆ្នាំកន្លងមក។

លោកអភិបាលរងបានគូសបញ្ជាក់ថា ការចូលជាសមាជិកបណ្តាញសកល និងថ្នាក់តំបន់នៃសមាគមអន្តរជាតិនេះ នឹងនាំយកផលចំណេញជាច្រើន ដល់ខេត្តព្រះសីហនុ តាមរយៈការធ្វើពិពិធកម្មកិច្ចសហប្រតិបត្តិការ ការទូតថ្នាក់មូលដ្ឋាន សេដ្ឋកិច្ច សង្គម ការចែករំលែកបទពិសោធន៍ សម្រាប់បញ្ហាប្រឈមនានាថ្នាក់មូលដ្ឋាន វិនិយោគ ទេសចរណ៍-ល-។

បន្ថែមពីនេះ ការចូលជាសមាជិកAIMF នេះ ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រទេសកម្ពុជា ​និងខេត្តព្រះសីហនុ និយាយជារួមនិងដាច់ដោយឡែក ដូចជា៖ ការទទួលបានការបណ្តុះបណ្តាលពាក់ព័ន្ធនឹង ការរៀបចំទីក្រុង ការគ្រប់គ្រងបរិស្ថាន ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ និងការត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះមហន្តរាយ ព្រមទាំងការទទួលបានជំនួយនានាជាដើម។

ប្រទេសកម្ពុជាមានរាជធានី -ខេត្តចំនួន៤ បានចូលជាសមាជិកនៃAIMFរួចមកហើយគឺ៖ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តកំពត ដែលខេត្តទាំងនេះបានបង្កើត និងរក្សាទំនាក់ទំនងយ៉ាងល្អ ជាមួយសមាជិកបណ្តាញខេត្ត-ក្រុងក្នុងតំបន់ និងសកលលោក ព្រមទាំងទទួលបានចំណេះដឹង បទពិសោធន៍ និងអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការនានា ដែលជាផ្នែកមួយធានាដល់ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here