ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងអំពីគម្រោង “ព្រែកជីកហ្វូណនតេជោ” នៅលើបណ្តាញសារព័ត៌មានអន្តរជាតិ Nikkei Asia នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤កន្លងមកនេះ។
លោកបានសរសេរថា “គម្រោងផ្លូវនាវាចរណ៍របស់កម្ពុជា នឹងនាំមកនូវភាពរីកចម្រើនរុងរឿង”។
ផ្លូវទឹកនេះនឹងក្លាយជានាវាសម្រាប់ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ មិនមែនសម្រាប់ជម្លោះ ឬការគំរាមកំហែងណាមួយនោះទេ។
លាតសន្ធឹងចម្ងាយ១៨០គីឡូម៉ែត្រ ពីបេះដូងនៃទីក្រុងភ្នំពេញ ទៅកាន់ឆ្នេរសមុទ្រដ៏ស្ងប់ស្ងាត់ នៃខេត្តកែបនៅឈូងសមុទ្រថៃ គម្រោងគ្រប់គ្រង ធនធានទឹកចម្រុះហ្វូណនតេជោ ត្រូវបានអនុម័តនៅខែឧសភា ឆ្នាំ២០២៣។ គម្រោងនេះ នឹងធ្វើទំនើបកម្មផ្លូវទឹកបុរាណរបស់ប្រទេសកម្ពុជា ហើយនាំមកនូវយុគសម័យថ្មីនៃភាពរុងរឿងផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ការស្តារឡើងវិញនូវផ្លូវទឹក ដែលប្រើប្រាស់ដោយអាណាចក្រហ្វូណនបុរាណ កាលពីជាង២០០០ឆ្នាំមុន ដោយពង្រីកឱ្យមានមុខកាត់ ១០០ម៉ែត្រ និងមានជម្រៅ៥,៤ម៉ែត្រ អាចឱ្យនាវារហូតដល់ ៣០០០តោន អាចឆ្លងកាត់បាន។ ការស្តារនេះ នឹងមានការសាងសង់ទ្វារទឹកចំនួន៣ និងស្ពានចំនួន១១ផងដែរ។
អ្នកតស៊ូមតិផ្នែកបរិស្ថាន អ្នករៀបចំផែនការសង្គម និងអ្នកវិភាគភូមិសាស្ត្រនយោបាយ បានពិនិត្យយ៉ាងល្អិតល្អន់ ត្រឹមត្រូវ លើគម្រោងប្រព័ន្ធគ្រប់គ្រងទឹក ដែលបានស្នើឡើងនេះ។ សុខុមាលភាពនៃប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គ ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន និងតុល្យភាពនៃថាមវន្តក្នុងតំបន់ គឺជាបញ្ហាដែលរដ្ឋាភិបាលកម្ពុជាបានគិតគូរ ជាមួយនឹងការទទួលខុសត្រូវខ្ពស់បំផុត។
លោកស៊ុន ចាន់ថុលបានប្រាប់សារព័ត៌មានជប៉ុនបន្តថា គម្រោងផ្លូវទឹកប្រកបដោយមហិច្ឆិតា និងការប្រុងប្រយ័ត្ននេះ ឈរលើមូលដ្ឋាន ការប្តេជ្ញាចិត្តចំពោះប្រសិទ្ធភាពសេដ្ឋកិច្ច និរន្តរភាពបរិស្ថាន និងស្ថិរភាពក្នុងតំបន់។
តាមរយៈការបង្កើតគន្លងនាវាចរណ៍ផ្ទាល់ សម្រាប់ការធ្វើពាណិជ្ជកម្ម គម្រោងផ្លូវទឹកនេះ នឹងកាត់បន្ថយការពឹងផ្អែករបស់កម្ពុជាលើការដឹកជញ្ជូនទំនិញតាមផ្លូវគោក និងកំពង់ផែបរទេស ដែលជាលទ្ធផលកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងជំរុញតួនាទីរបស់កម្ពុជានៅលើទីផ្សារពិភពលោក និងតំបន់។
លើសពីផលចំណេញផ្នែកពាណិជ្ជកម្ម ប្រព័ន្ធផ្លូវទឹកដែលពង្រីកថ្មីនេះត្រូវបានរំពឹងថា នឹងដើរតួនាទីសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា រួមមានការបង្កើតឱកាសការងារជាច្រើន និងការអភិវឌ្ឍឧស្សាហកម្ម នៅក្នុងប្រទេសកម្ពុជា។ តំបន់ពាណិជ្ជកម្មថ្មីនៅតាមបណ្តោយផ្លូវទឹក នឹងទាក់ទាញការវិនិយោគក្នុងស្រុក និងអន្តរជាតិ ជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។ ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ ក៏នឹងជំរុញវិស័យទេសចរណ៍នៅកម្ពុជា ថែមទាំងបង្កើនផលិតភាពកសិកម្ម តាមរយៈការផ្តល់នូវប្រព័ន្ធធារាសាស្រ្តសម្បូរបែប ដែលនឹងហុចផល ដល់សង្គមកសិកម្មរបស់កម្ពុជាផងដែរ។
សារៈសំខាន់ជាយុទ្ធសាស្ត្រនៃផ្លូវទឹកនេះ នឹងទាក់ទាញការវិនិយោគបរទេសកាន់តែច្រើន ចូលមកក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យទាក់ទងនឹងការដឹកជញ្ជូន ភស្តុភារកម្ម និងរោងចក្រសហគ្រាស ដែលអាចទាញយកអត្ថប្រយោជន៍ ពីការដឹកជញ្ជូនដែលមានភាពអំណោយផលជាងមុន។លោកស៊ុន ចាន់ថុលបញ្ជាក់។
លោកបន្តថា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ សង្គមជាច្រើនរួមមាន បង្កើនលទ្ធភាព ក្នុងការទទួលបានការអប់រំ និងការថែទាំសុខភាព លើកកម្ពស់សន្តិសុខស្បៀងនិងទឹក ការផ្តល់សេវាដឹកជញ្ជូន និងភស្តុភារកម្ម ដែលមានភាពប្រសើរឡើង សម្រាប់ផលិតផលកសិកម្ម កាត់បន្ថយហានិភ័យនៃទឹកជំនន់ និងគ្រោះរាំងស្ងួត និងការផ្តល់សេវាសំខាន់ៗជាច្រើនផ្សេងទៀត សម្រាប់ប្រជាជននៅក្នុងតំបន់។
នៅគ្រប់ជំហាននៃគម្រោងនេះ មតិយោបល់របស់សហគមន៍ត្រូវបានទទួលការយកចិត្តទុកដាក់ខ្ពស់ ហើយសុខុមាលភាពរបស់ប្រជាជនត្រូវបានកំណត់ជាអាទិភាព ដោយមានការរៀបចំផែនការរួមគ្នា និងសំណងសមធម៌ ជាការងារចំពោះមុខ នៃកិច្ចខិតខំប្រឹងប្រែងរបស់យើង។ ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ គឺសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ដែលជាកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដែលនឹងធានាបាននូវវិបុលភាពរួមគ្នា។
ការវាយតម្លៃផលប៉ះពាល់បរិស្ថានយ៉ាងម៉ត់ចត់ ដែលធ្វើឡើងជាមួយអ្នកឯកទេសអន្តរជាតិចំនួន៤៨នាក់ នឹងធានាថាផ្លូវទឹកថ្មីនេះ គោរពដល់បេតិកភណ្ឌធម្មជាតិ នៃទន្លេមេគង្គ និងអនុលោមតាមកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ ដែលចុះហត្ថលេខា ដោយប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។
ក្នុងស្មារតីនៃតម្លាភាពពេញលេញ កម្ពុជាបានជូនដំណឹងដល់គណៈកម្មការទន្លេមេគង្គ នៅខែសីហា ឆ្នាំ២០២៣ អំពីព័ត៌មានលម្អិតនៃគម្រោង និងលទ្ធផលនៃការសិក្សារបស់យើង ដែលបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើង ចំពោះកិច្ចសហប្រតិបត្តិការ និងការទទួលខុសត្រូវ។
គម្រោងនេះនឹងផ្តល់នូវការការពារ ពីការផ្លាស់ប្តូរយ៉ាងគំហុកនៃកម្រិតទឹក និងរក្សាលំហូរទឹកធម្មជាតិនៅក្នុងតំបន់។ គំរូជលសាស្ត្រដែលមានភាពលម្អិត បានបង្ហាញលទ្ធផលព្យាករណ៍ថា មានផលប៉ះពាល់ត្រឹមតែ ០.០៦% តែប៉ុណ្ណោះ លើរំហូរទឹកប្រចាំថ្ងៃរបស់ទន្លេមេគង្គក្នុងរដូវប្រាំង ហើយមិនមានផលប៉ះពាល់អ្វីទាំងអស់ ក្នុងរដូវទឹកជំនន់។ ផ្លូវទឹកនេះនឹងបង្កើតជម្រកធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីថ្មី ហើយការពារប្រឆាំង នឹងការជ្រៀតចូលនៃទឹកប្រៃ មកកាន់ទឹកសាប ក្នុងន័យនេះ គម្រោងនេះនឹងរក្សាបាននូវជីវចម្រុះ នៃដីសណ្ដទន្លេរមេគង្គ។
លោកស៊ុន ចាន់ថុលបានបន្តថា លើសពីនេះទៅទៀត គំនិតផ្តួចផ្តើមនេះ នឹងធ្វើឱ្យប្រសើរឡើង នូវការគ្រប់គ្រងទឹកនៅខេត្តចំនួនប្រាំនៅក្នុងប្រទេសកម្ពុជា ដោយកាត់បន្ថយការកើតឡើង នៃគ្រោះរាំងស្ងួត និងកាត់បន្ថយគ្រោះទឹកជំនន់ភ្លាមៗ ក្នុងប្រទេស និងកាត់បន្ថយហានិភ័យដែលទឹកជំនន់ ក្នុងតំបន់អាចធ្វើឱ្យប៉ះពាល់ដល់ប្រទេសវៀតណាមផងដែរ។
កម្ពុជាជាប្រទេសស្រឡាញ់សន្តិភាព ហើយមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការរក្សាស្ថិរភាពក្នុងតំបន់ និងវិបុលភាពរួម។
លោកបានបញ្ជាក់ថា “ខ្ញុំអាចបញ្ជាក់បានថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោនេះ នឹងដំណើរការក្រោមគោលការណ៍ដ៏ពិសិដ្ឋនៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលបង្កើតឡើងដោយឈរលើគោលការណ៍បូរណភាពទឹកដី និងអធិបតេយ្យភាព និងហាមឃាត់ដាច់ខាតវត្តមានរបស់កងទ័ព ឬមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន”។
សរុបមក ផ្លូវទឹកនេះនឹងក្លាយជាយានថ្មី សម្រាប់ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ មិនមែនសម្រាប់ជម្លោះ ឬការគំរាមកំហែងណាមួយនោះទេ។ យើងប្តេជ្ញាអនុវត្តគម្រោង ដែលកែប្រែមុខមាត់កម្ពុជានេះឱ្យបានជាដាច់ខាត ជាមួយការគាំទ្រយ៉ាងខ្លៀវខ្លារ ពីប្រជាជនកម្ពុជាក្នុង និងក្រៅប្រទេស។
លោកបញ្ជាក់ទៀតថា “នេះជាសក្ខីភាពមួយ ចំពោះការយកចិត្តទុកដាក់ឥតងាករេរបស់កម្ពុជា ចំពោះវឌ្ឍនភាពសេដ្ឋកិច្ចសង្គម ការការពារបរិស្ថាន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព សម្រាប់ប្រទេសជាតិយើង ប្រជាជនយើង និងតំបន់របស់យើង”៕
តំណរភ្ជាប់ទៅកាន់អត្ថបទផ្សព្វផ្សាយទាំងស្រុង: https://asia.nikkei.com/Opinion/Cambodia-s-waterway-project-will-deliver-prosperity