ដោយៈ គង់ ហ្វីអូណា
កោះកុងៈ អភិបាលនៃគណអភិបាលខេត្តកោះកុង លោកជំទាវមិថុនា ភូថងបានជម្រាបជូនពីវឌ្ឍនភាពនៃការសាងសង់ និងស្តារផ្លូវជាតិលេខ៤៨ ដែលជាផ្លូវដ៏សំខាន់ក្នុងការធ្វើសមាហរណកម្មតំបន់។
លោកជំទាវបានសរសេរលើ បណ្តាញទំនាក់ទំនងសង្គមរបស់រដ្ឋបាលខេត្តកោះកុងកាលពីសប្តាហ៍មុនថា ពាក់ព័ន្ធការស្ថាបនាលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដោយអ៊ុតកៅស៊ូAC ប្រវែង១៤៨គីឡូម៉ែត្រ ទទឹង១១ម៉ែត្រ និងកម្រាស់៧០មីលីម៉ែត្រ មាន២គន្លង និង៤គន្លង ក្រុមហ៊ុនម៉ៅការសាងសង់ បានយកចិត្តទុកដាក់យ៉ាងខ្លាំង និងមមាញឹកក្នុងការស្ថាបនា ឱ្យបានសម្រេចតាមផែនការ ក៏ប៉ុន្តែ ដោយសារស្ថានភាពភូមិសាស្ត្រ ខេត្តកោះកុង មានភ្នំច្រើន ទីទួលច្រើន និងរដូវវស្សាមានភ្លៀងធ្លាក់ច្រើនជោគជាំ ដែលជាកត្តាធ្វើឱ្យការស្ថាបនាស្តារឡើងវិញ នូវផ្លូវជាតិលេខ៤៨នេះ មានការយឺតយ៉ាវបន្តិច ដែលមិនអាចសម្រេចបានតាមផែនការដែលបានគ្រោងទុក។
ម្យ៉ាងវិញទៀត ការស្ថាបនាផ្លូវជាតិលេខ៤៨ ពិតជាជួបការលំបាកយ៉ាងច្រើន ដែលត្រូវធ្វើឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងត្រូវកាត់កូតមួយចំនួន ដូចជាទីខ្ពស់ត្រូវកាត់កូត កន្លែងខ្លះមានដី កន្លែងខ្លះមានថ្ម ហើយកន្លែងដែលទាប ក៏យើងត្រូវលើកកូតឡើងវិញ។
លោកជំទាវបានបន្តថា “បច្ចុប្បន្នក្រុមហ៊ុនកំពុងរកដី និងកម្ទេចថ្ម កៀរ និងចាក់លើកន្លែងផ្លូវរអិល ដើម្បីសម្រួលឱ្យបងប្អូនអាចធ្វើដំណើរបាន”។
លោកជំទាវមិថុនា ភូថងក៏បានសម្តែងការសោកស្តាយ និងសុំ អភ័យទោស អធ្យាស្រ័យ និងមេត្តាយោគយល់ ពីសំណាក់ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ភ្ញៀវទេសចរជាតិ-អន្តរជាតិ ពាណិជ្ជករ អាជីវករ អ្នករត់តាក់ស៊ី និងពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់។
លោកជំទាវបន្តថា ទោះបីជាមានការយឺតយ៉ាវ ក្នុងការស្ថាបនាស្តារឡើងវិញ ផ្លូវជាតិលេខ៤៨នេះក៏ពិតមែន តែក្រុមហ៊ុនកំំពុងសម្រុកធ្វើផ្លូវនេះ និងស្ថាបនាឪ្យរួចរាល់ជាស្ថាពរ នៅក្នុងឆ្នាំ២០២៥ ខាងមុខ៕
