ហ្វីលីពីនទទួលបានកម្ចី១ពាន់លានដុល្លារដើម្បីសាងសង់ស្ពានឆ្លងកាត់សមុទ្រដ៏វែងលំដាប់ពិភពលោក

0

ដោយ: គង់ លាងហួរ

ម៉ានីល: ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បានអនុម័តប្រាក់កម្ចី ចំនួន១,១៤ពាន់លានដុល្លារ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការសាងសង់ស្ពាន តភ្ជាប់ពីខេត្តBataan ទៅកាន់ខេត្ត Cavite ក្នុងប្រទេសហ្វីលីពីន។

លោក Rajat Misra អនុប្រធានស្តីទីនៃធនាគារ AIIB ដែលទទួលបន្ទុកប្រតិបត្តិការវិនិយោគសម្រាប់តំបន់ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការអនុម័តប្រាក់កម្ចីសម្រាប់គម្រោងនេះ បង្ហាញពីការបោះជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការសម្រេចនូវចក្ខុវិស័យរបស់យើង ក្នុងការជំរុញកំណើនប្រកបដោយនិរន្តរភាព នៅក្នុងតំបន់ Greater Manila”។

លោកបានបន្ថែមថា “តាមរយៈការផ្តល់អាទិភាពដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដែលមានភាពធន់ទៅនឹងអាកាសធាតុ និងការប្រើប្រាស់បច្ចេកវិទ្យា យើងមិនត្រឹមតែលើកកម្ពស់ការតភ្ជាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែក ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ ហើយថែមទាំងកាត់បន្ថយ និងសម្របខ្លួនទៅនឹងផលប៉ះពាល់បរិស្ថានផងដែរ”។

គម្រោងសាងសង់ស្ពានឆ្លងកាត់សមុទ្រមួយនេះ មានប្រវែងប្រ មាណ៣២,១៥គីឡូម៉ែត្រ ដែលតភ្ជាប់តំបន់កណ្តាលកោះ Luzon ទៅកាន់តំបន់ Tagalog ភាគខាងត្បូង ខណៈធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏ជាដៃគូផ្តល់សហហិរញ្ញប្បទាន ដល់គម្រោងនេះផងដែរ។ស្ពាននេះត្រូវបានគេរំពឹងថា នឹងកាត់បន្ថយពេលវេលាធ្វើដំណើរពីទីក្រុង Mariveles ក្នុងខេត្ត Bataanនៅលើកោះ Luzon ទៅកាន់ទីក្រុង Naic ក្នុងខេត្ត Cavite ដែលស្ថិតនៅខាងត្បូងរដ្ឋធានីម៉ានីល ពី  រយៈពេល៥ម៉ោង មកនៅត្រឹម១ម៉ោងកន្លះ។ នៅពេលសាងសង់រួចរាល់ ស្ពាននេះក៏ត្រូវបានរំពឹងទុកថា នឹងក្លាយជាស្ពានឆ្លងសមុទ្រដ៏វែងបំផុតមួយផងដែរនៅក្នុងពិភពលោក។

ធនាគារ AIIB ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បានអះអាងថា  “នេះជាការគាំទ្រដ៏សំខាន់មួយ ចំពោះកម្មវិធី Build Better More របស់រដ្ឋបាល លោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. ក្នុងគោលដៅពង្រឹងការតភ្ជាប់ និងលើកកម្ពស់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់Greater Manila”។

តំបន់ Greater Manila គឺជាពាក្យដែលសំដៅ ទៅលើតំបន់ទីក្រុងម៉ានីលទាំងមូល បូកបញ្ចូលទាំងបណ្តាខេត្ត ជិតខាងមួយចំនួន ដូចជាខេត្ត Bulacan ខេត្ត Cavite ខេត្ត Laguna និងខេត្ត Rizal៕ប្រភព: Business World៕

LEAVE A REPLY

Please enter your comment!
Please enter your name here