ដោយៈ ជេស៊ីកា
ភ្នំពេញៈ អ្នកជំនាញបានបង្ហើបឲ្យដឹងថា ទីផ្សារអចលនទ្រព្យនៅតាមបណ្តាខេត្ត មានសក្តានុពលមួយចំនួន បានចាប់ផ្តើមមានសកម្មភាពបណ្តើរៗឡើងវិញហើយ។
អគ្គនាយកក្រុមហ៊ុនឆៃលីន ស៊ា រៀលធី លោកស៊ា ឆៃលីនបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាម កាលពីល្ងាចថ្ងៃទី២៧ ឧសភាថា បណ្តាខេត្តមួយចំនួន បានចាប់ផ្តើមមានសកម្មភាពលើការវិនិយោគលើវិស័យនេះបណ្តើរៗ ដូចជា ខេត្តកំពង់ស្ពឺ កណ្តាល ខេត្តព្រះសីហនុ កែប កំពត និងខេត្តសៀមរាប។

លោកបន្តថា “ខេត្តទាំងនេះ ស្ថិតក្នុងចំណុចស្នូល ដែលមានការទិញ លក់ច្រើនជាងខេត្តដទៃ ប៉ុន្តែទោះជាយ៉ាងណា មិនទាន់មានអាចធៀបនឹងស្ថានភាព អចលនទ្រព្យមុនវិបត្តិនៅឡើយទេ”។
លោកស៊ា ឆៃលីន បានបន្តទៀតថា យ៉ាងណាក៏ដោយ ក៏តម្លៃអចលនទ្រព្យ នៅតាមបណ្តាខេត្តទាំងនេះ មិនទាន់មានការកើនឡើងនៅឡើយទេ បើទោះបីជាមានសកម្មភាពទិញ លក់ខ្លះៗក្តី។
ជាមួយគ្នានេះ លោកគឹម សង្រ្គាម នាយកប្រតិបត្តិក្រុមហ៊ុនHIPPO PROJECT SALESប្រចាំខេត្តកំពតបានមានប្រសាសន៍ឲ្យដឹងថា ការត្រៀមបើកសម្ភោធកំពង់ផែពហុបំណង ខេត្តកំពតនៅដើមខែមិថុនាខាងមុខ កំពុងផ្តល់សញ្ញាវិជ្ជមាន ដល់ទីផ្សារអចលនទ្រព្យនៅក្នុងខេត្តមួយនេះ។
លោកបន្តថា “មានអ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍មួយចំនួនបានស្វែងរកដី និងទីតាំងសម្រាប់ការវិនិយោគ គំរោងរបស់ពួកគេកាន់តែច្រើន”។ លោកបន្តថា “សញ្ញាវិជ្ជមានបាន និងកំពុងចាប់ផ្តើមនៅខេត្តកំពតកាន់តែច្រើន និងសកម្មជាងមុន”៕