ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ អ្នកជំនាញដែលបាន និងកំពុងធ្វើការងារផ្ទាល់នៅក្នុងវិស័យនេះ បានលើកឡើងថា ស្ថានភាពទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញ មានភាពកាន់តែប្រសើរ ប៉ុន្តែមិនទាន់ដល់កម្រិតដូចមុនវិបត្តិនៅឡើយទេ។
លោកស៊ា ឆៃលីនអគ្គនាយកក្រុមហ៊ុនឆៃលីន ស៊ា រៀលធីបានមានប្រសាសន៍ឲ្យដឹងកាលពីម្សិលម៉ិញនេះថា បើគិតចាប់ពីក្រោយការរៀបចំរដ្ឋាភិបាលថ្មី អាណត្តិទី៧ ស្ថានភាពរបស់វិស័យនេះ បានចាប់ផ្តើមដំណើរការបណ្តើរៗឡើងវិញ ប៉ុន្តែនៅតែមិនអាចធៀបនឹងស្ថានភាពមុនវិបត្តិកូវីដ១៩នៅឡើយទេ។
លោកបន្តថា “ការទិញ លក់ ជួលនៅតែមាន និងមានសកម្មភាពបណ្តើរៗឡើងវិញ ប៉ុន្តែមិនទាន់មានសភាពពុះកញ្រ្ជោលនៅឡើយទេ”។
លោកស៊ា ឆៃលីនបានសម្តែងសុទិដ្ឋិនិយមថា ស្ថានភាពនឹងប្រសើរឡើងបណ្តើរៗ នៅត្រីមាសខាងមុខ ស្របពេលបរិយាកាសវិនិយោគកាន់តែប្រសើរ ពិសេសការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីជម្រុញ និងទាក់ទាញការវិនិយោគមកកម្ពុជា។
ជាមួយគ្នានេះ លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុនAdvance Real Estateបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ស្ថានភាពទីផ្សារ បានដំណើរការទៅមុខសន្សឹមៗ ដែលទាមទារឲ្យឲ្យអ្នកនៅក្នុងវិស័យនេះ មានភាពអត់ធ្មត់កាន់តែច្រើន។
លោកបន្តថា “ស្ថានភាពក្នុងវិស័យនេះ យើងកំពុងមើលឃើញថា អ្នកលក់អចលនទ្រព្យកាន់តែច្រើន បានដាក់លក់លើទីផ្សារ និងបានបញ្ចេញតាមរយៈធនាគារ និងមីក្រូហិរញ្ញវត្ថុដែលពួកគេបានប្រើប្រាស់”៕