Hattha top Banner

ក្រុមហ៊ុនអចលនទ្រព្យចិនធំមួយទៀតសម្រុកលក់ដីធ្លីនិងទ្រព្យសកម្មជាច្រើនដើម្បីកៀរគរសាច់ប្រាក់

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន China Vanke បញ្ជាក់ថា ខ្លួនបានលក់ដីមួយកន្លែង នៅក្នុងទីក្រុង Shenzhen ក្នុងតម្លៃប្រមាណ៣០៩,២៣លានដុល្លារ ដោយខាតបង់ជាង២៧% បើធៀបនឹងតម្លៃដែលខ្លួនបានទិញកាលពីជិត៧ឆ្នាំមុន។

ក្រុមហ៊ុននេះ កំពុងខិតខំប្រមូលកៀរគរសាច់ប្រាក់ បន្ទាប់ពីប្រកាសកាលពីខែមុនថា ខ្លួនកំពុងប្រឈមមុខ នឹងសម្ពាធសាច់ប្រាក់ងាយស្រួលរយៈពេលខ្លី។ Vanke គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យចិនជាច្រើន ដែលជាប់ផុងនៅក្នុងវិបត្តិសាច់ប្រាក់ ខណៈវិស័យអចលនទ្រព្យចិនកំពុងបន្តដាំក្បាលចុះ។

ក្រុមហ៊ុនរដ្ឋចិនចំនួន២ គឺក្រុមហ៊ុន Shenzhen Metro និងក្រុមហ៊ុន Baishuo Yinghai Investment ដែលជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ក្រុមហ៊ុន Vanke បានរួមគ្នាទិញយកដីឡូតិ៍នេះ ក្នុងតម្លៃថោកបំផុត។ នេះបើយោងតាមឯកសារ ដែលបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលពាណិជ្ជកម្មមួយនៅទីក្រុង Shenzhen។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ផ្ញើទៅកាន់សារពត៌មាន Reuters ក្រុមហ៊ុនVanke បានគូសបញ្ជាក់ថា “កិច្ចព្រមព្រៀងនេះឆ្លុះបញ្ចាំងឱ្យឃើញថា ម្ចាស់ភាគហ៊ុនធំបំផុតរបស់ខ្លួន បានគាំទ្រក្រុមហ៊ុន Vanke ជាមួយនឹងវិធានការស្របច្បាប់ ផ្អែកលើទីផ្សារ និងសាច់ប្រាក់ពិតប្រាកដ”។

កិច្ច​ព្រម​ព្រៀង​នេះ​ នឹង​ជួយ​ឱ្យក្រុម​ហ៊ុន​Vanke អាចបង្កើន​ដើម​ទុន​ ពី​ការលក់ទ្រព្យ​សកម្ម​ដីធ្លី ដែល​មិន​សំខាន់ចាំបាច់ ឬលែងប្រើប្រាស់ ក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។ ក្រុមហ៊ុន Vanke បានទិញយកដីទំហំ១៩.០០០ម៉ែត្រការ៉េនេះ កាលពីចុងឆ្នាំ២០១៧ ក្នុងតម្លៃ៣,១ពាន់លានយ័ន។ នេះបើយោងតាមឯកសារបញ្ជាក់ពីមុន។

ជាមួយគ្នានេះ ក្រុមហ៊ុនបានអះអាងថា ខ្លួនមានគោលបំណងជំរុញលំហូរសាច់ប្រាក់នៅឆ្នាំនេះ តាមរយៈការខ្ចីហិរញ្ញប្បទានពីធនាគារ និងការលក់ទ្រព្យសកម្មជាច្រើនទៀត ដែលមានតម្លៃជាង៣០ពាន់លានយ័ន។

កាលពីសប្តាហ៍មុន ក្រុមហ៊ុន Vanke បានទម្លាយឱ្យដឹងថា ខ្លួនបានទទួលប្រាក់កម្ចី ប្រមាណ២០ពាន់លានយ័ន ពីធនាគាររបស់រដ្ឋចិន ហើយ Vanke នឹងជំរុញការផ្តល់ហិរញ្ញប្បទានផ្សេងទៀត ដើម្បីបង្កើនលំហូរសាច់ប្រាក់ងាយស្រួលរបស់ខ្លួន៕ប្រភព: Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here