Hattha top Banner

ប្រធានសភាពាណិជ្ជកម្មត្រកូលលីនពិភពលោកបង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសំខាន់ៗចំនួន៤នៅកម្ពុជា

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ លោក Tan Sri Dato Lim Soon Peng ប្រធានសភាពាណិជ្ជកម្ម ត្រកូលលីនពិភពលោក បានកោតសរសើរការីកចម្រើនយ៉ាងឆាប់រហ័ស និងបង្ហាញពីបំណងចង់វិនិយោគនៅកម្ពុជា។

លោកបានថ្លែងបែបនេះ ក្នុងឱកាសទទួលបានការអនុញ្ញាត្តពី ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាចូលជួុបសម្តែងការគួរសម និងពិភាក្សាការងារកាលពីថ្ងៃទី២៨ ឧសភាកន្លងមកនេះ។

ក្នុងឱកាសនៃជំនួប លោក Tan Sri Dato Lim Soon Peng បានគោរពជម្រាបជូនសម្ដេចធិបតីថា សភាពាណិជ្ជកម្មត្រកូលលីនពិភពលោក ជាសមាគមមិនរកប្រាក់ចំណេញ និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2011។ លោកប្រធានគណៈប្រតិភូ ក៏បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើន យ៉ាងឆាប់រហ័សរបស់កម្ពុជា ជាពិសេសការសម្រេចបាននូវ កំណើនសេដ្ឋកិច្ចខ្ពស់ និងការរក្សាបាននូវសន្តិភាព និងស្ថិរភាពនយោបាយ ដែលផ្តល់នូវទំនុកចិត្តសម្រាប់ការវិនិយោគនៅកម្ពុជា។

បន្ថែមពីនេះ លោកប្រធានគណៈប្រតិភូ ក៏បានគោរពជម្រាបជូនសម្តេចធិបតីអំពីគោលបំណង នៃដំណើរទស្សនកិច្ចរបស់លោក និងគណៈប្រតិភូ គឺដើម្បីសិក្សាស្វែងយល់ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតពីសក្តានុពលរបស់កម្ពុជា ក្នុងការវិនិយោគលើវិស័យសំណង់ អចលនទ្រព្យ កសិកម្ម ថាមពលបៃតង សុខាភិបាល និងវិស័យមួយចំនួនទៀត។

ជាមួយគ្នានេះ លោកប្រធានគណៈប្រតិភូ ក៏បានគោរពជម្រាបជូនសម្ដេចធិបតីផងដែរថា សភាពាណិជ្ជកម្មត្រកូលលីនពិភពលោក នឹងសហការជាមួយ សមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា ក្នុងការរៀបចំសន្និសីទមួយ ដែលគ្រោងនឹងរៀបចំឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ នៅព្រះរាជាណាចក្រកម្ពុជា ដោយមានអ្នកចូលរួមពីបណ្ដាសមាជិក និងវិនិយោគិន នៃសភាពាណិជ្ជកម្មត្រកូលលីនពិភពលោកប្រមាណ១០០០ ទៅ២០០០នាក់ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង ក៏ដូចជាស្វែងរកនូវកាលានុវត្តភាព និងសក្ដានុពលក្នុងការវិនិ​យោគ នៅកម្ពុជា។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ ប្រកបដោយក្តីរីករាយ ដែលបានជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះបណ្តាក្រុមហ៊ុន នៃសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក ដែលបានបង្ហាញចំណាប់អារម្មណ៍ ក្នុងការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។

បន្ថែមលើនេះ សម្តេចធិបតី ក៏បានបញ្ជាក់ជូនគណៈប្រតិភូ អំពីការដាក់ចេញនូវច្បាប់ គោល នយោបាយ និងយន្តការសំខាន់ៗ ដើម្បីគាំទ្រដល់ការវិនិយោគនៅកម្ពុជា ដែលរួមមាន៖ (១) ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាការគ្រប់​គ្រងអតិផរណា ដើម្បីធានាបាននូវបរិយាកាសវិនិយោគមួយ ដែលអាចប៉ាន់ប្រមាណបាននៅកម្ពុជា។

 (២)ការអនុវត្តច្បាប់វិនិយោគ និងការដាក់ចេញនូវយន្តការដែ​លមានភាពបត់បែន ដើម្បីផ្តល់ការគាំទ្រ និងឆ្លើយតបទៅនឹងតម្រូវការរបស់វិនិយោគិន (៣) ការកសាងនូវហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដូចជាកំពង់ផែទឹកជ្រៅ ព្រលានយន្តហោះថ្មី ការធ្វើទំនើបកម្មផ្លូវដែក ដើម្បីប្រែក្លាយកម្ពុជា ជាមជ្ឈមណ្ឌលឡូជីស្ទីកតំបន់ (៤) ការដាក់ចេញនូវគោលនយោបាយ ក្នុងការអភិវឌ្ឍថាមពលស្អាត ដោយបច្ចុប្បន្ននេះកម្ពុជាសម្រេចបាន នូវការប្រើប្រាស់ថាមពលស្អាតចំនួន៦២% នៃការប្រើប្រាស់ថាមពលសរុប និងបានដាក់ចេញនូវទិសដៅ ជំរុញការប្រើប្រាស់ថាមពលស្អាតឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០។

 (៥) សក្ដានុពលរបស់កម្ពុជាក្នុង ការតភ្ជាប់ជាមួយនឹងទីផ្សារអន្តរជាតិ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាមួយ បណ្ដាប្រទេសមួយចំនួន និងក្នុងក្របខ័ណ្ឌតំបន់ ព្រមទាំងសក្ដានុពលនៃកម្លាំងពលកម្មកម្ពុជា ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ តាមរយៈការកសាងសមត្ថភាពបន្ថែមតាមយន្តការការរៀបចំជំនាញឡើងវិញ (Reskilling) និងការបង្កើនជំនាញ (Upskilling)៕

LEAVE A REPLY

Please enter your comment!
Please enter your name here