Hattha top Banner

តម្លៃលំនៅដ្ឋាននៅទីក្រុងបាងកករំពឹងបន្តកើនឡើងនៅឆមាសទី២

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមក្រុមហ៊ុនស្រាវជ្រាវមួយ បានឱ្យដឹងថា តម្លៃលំនៅដ្ឋានថ្មីនៅទីក្រុងបាងកក នឹងបន្តកើនឡើងនៅក្នុងឆមាសទីពីរ ដោយសារតែលំនៅដ្ឋាន ដែលមានស្រាប់ត្រូវបានលក់ចេញយ៉ាងគំហុក បន្ទាប់ពីរដ្ឋាភិបាលថៃ បានដាក់ចេញវិធានការជំរុញទីផ្សារអចលនទ្រព្យនៅដើមខែមេសា។

លោក Vichai Viratkapan អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌ មានអចលនទ្រព្យ (REIC) បានមានប្រសាសន៍ឱ្យដឹងថា វិធានការជំរុញថ្មី របស់រដ្ឋាភិបាលសម្រាប់លំនៅដ្ឋាន ដែលមានតម្លៃ៧លានបាត ឬទាបជាងនេះ នឹងជំរុញឱ្យតម្រូវការលំនៅដ្ឋានកើនឡើង។

លោក​បាន​បន្ត​ថា​ “ផ្លែផ្កានឹង​បង្ហាញ​ឱ្យ​យើងឃើញ​នៅ​ឆមាស​ទី​ពីរ ឆ្នាំ២០២៤ ដោយសារ​វិធានការ​នេះ​ នឹង​ជួយ​ឱ្យអ្នកអភិវឌ្ឍន៍អាចលក់លំនៅដ្ឋានចាស់ ដែលមានស្រាប់នៅក្នុងស្តុកចេញ យ៉ាងឆាប់រហ័ស”។
លោក Vichai បានបញ្ជាក់ថា “ក្រោយពីលំនៅដ្ឋានដែលមានស្រាប់ត្រូវបានលក់ចេញអស់ នោះអ្នកអភិវឌ្ឍន៍នឹងចាប់ផ្តើមផ្គត់ផ្គង់លំនៅដ្ឋានថ្មី ដែលការណ៍នេះនាំទៅរកការកើនឡើង នៃសន្ទស្សន៍តម្លៃលំនៅដ្ឋាននៅក្នុងឆមាសទីពីរ”។

វិធានការទាំងនោះ រួមមាន ការកាត់បន្ថយថ្លៃផ្ទេរ និងថ្លៃកម្ចីទិញផ្ទះមកនៅត្រឹម០,០១% ពី២% និង១% រៀងៗគ្នា សម្រាប់ផ្ទះដែលមានតម្លៃ៧លានបាត ឬទាបជាងនេះ។

យោងតាមមជ្ឈមណ្ឌល REIC បានឱ្យដឹងទៀតថា សន្ទស្សន៍តម្លៃផ្ទះ និងខុនដូថ្មី ដែលមានកម្ពស់ទាបៗ នៅតំបន់Greater Bangkok ក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ បានកើនឡើង២,៥% និង០,២% ដល់១៣១,៥ពិន្ទុ និង១៥៥ពិន្ទុរៀងៗគ្នា។

លោក Vichai បានមានប្រសាសន៍ឱ្យដឹងបន្ថែមថា “ស្ថានភាពសេដ្ឋកិច្ចប្រសើរឡើង ក៏អាចជួយលើកកម្ពស់លទ្ធភាពទិញផ្ទះ និងបង្កើនលទ្ធភាព ទទួលបានប្រាក់កម្ចីទិញផ្ទះ ស្របពេលដែលតម្លៃផ្ទះកើនឡើង”៕ប្រភព: Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here