Hattha top Banner

តើការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីត្រីភាគីចិន-កូរ៉េ-ជប៉ុនមានលទ្ឋផលបែបណាបើគ្មានវត្តមានលោកស៊ី ជីនពីង?

0

ដោយ: គង់ លាងហួរ

សេអ៊ូល: ប្រទេសជប៉ុន កូរ៉េខាងត្បូង និងចិន បានបើកកិច្ចប្រជុំកំពូលរួមគ្នាលើកដំបូង ក្នុងរយៈពេលជាង៤ឆ្នាំ ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅ ក្នុងគោលបំណងបង្កើនវឌ្ឍនភាព ក្នុងការចរចារលើការបង្កើតកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) បន្ទាប់ពីជាប់គាំងនាពេលកន្លងមក។

យ៉ាងណាមិញ ទីក្រុងសេអ៊ូល និងទីក្រុងតូក្យូក៏បានឆ្លៀតយកឱកាសនៃកិច្ចប្រជុំកំពូលត្រីភាគីនេះ ដើម្បីសម្តែងការរិះគន់ទៅលើប្រទេសកូរ៉េខាងជើង ជុំវិញផែនការបាញ់បង្ហោះផ្កាយរណបផងដែរ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានជួបជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang និងនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នៅទីក្រុងសេអ៊ូល ខណៈកិច្ចប្រជុំត្រីភាគីលើកចុងក្រោយក្នុងឆ្នាំ២០១៩ បានធ្វើឡើងនៅទីក្រុងChengdu ប្រទេសចិន។

យោងតាមសេចក្តីថ្លែងការណ៍រួមមួយ ដែលបានចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំកំពូល ថ្នាក់ដឹកនាំទាំង៣ បានប្តេជ្ញាបង្កើតកិច្ចសហប្រតិបត្តិការត្រីភាគី ដោយរៀបចំកិច្ចប្រជុំកំពូលត្រីភាគី និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជាទៀងទាត់ ខណៈប្រទេសជប៉ុន នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកក្រោយ។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំង៣ក៏បានអះអាងផងដែរថា ពួកគេនឹងបន្តការពិភាក្សា ដើម្បីពន្លឿនការចរចាបង្កើត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានភាពសេរី មានយុត្តិធម៌ គ្រប់ជ្រុងជ្រោយ មានគុណភាពខ្ពស់ និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

ប្រទេសទាំង៣ បានប្រកាសចាប់ផ្តើមការចរចានេះ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១២មកម្ល៉េះ ប៉ុន្តែកិច្ចចរចាបានជាប់គាំង បន្ទាប់ពីឈានដល់ជុំទី១៦ ដែលបានធ្វើឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០១៩។

ប្រទេសចិនបានអំពាវនាវ ឱ្យចាប់ផ្តើមការចរចាឡើងវិញ ដោយ​សារតែកំណើនសេដ្ឋកិច្ចរបស់ខ្លួនបានធ្លាក់ចុះ។ ការផ្អាកកិច្ចពិភាក្សានេះបានកើតឡើង ស្របពេលមានជម្លោះផ្នែកពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិន គួបផ្សំនឹងផលប៉ះពាល់ ដោយសារជំងឺរាតត្បាតផងដែរ។

លោក Choo Jae-woo អ្នកជំនាញខាងគោលនយោបាយការបរទេសចិន នៅសកលវិទ្យាល័យ Kyunghee ក្នុងទីក្រុងសេអ៊ូល បានលើកឡើងថា ខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមនេះ មិនបង្ហាញថា ប្រទេសទាំង៣បានខិតទៅជិត សម្រេចបានកិច្ចព្រមព្រៀង FTA នោះទេ។

លោក Choo បានបន្ថែមថា ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងនេះ ប្រទេសចិនត្រូវតែតំណាងដោយឥស្សរជន ដ៏មានឥទ្ធិពលបំផុតរបស់ខ្លួននៅក្នុងកិច្ចចរចាត្រីភាគី ដោយមានលោកប្រធានាធិបតី ស៊ី ជីនពីង ជាអ្នកចូលរួមជំនួសឱ្យលោក Li Qiang។

លោក Choo បាន​បញ្ជាក់ប្រាប់សារពត៌មានជប៉ុន Nikkei Asia ថា​ “ប្រសិនបើ​គ្មាន​អំណាច​ចរចា​របស់​លោកស៊ី ជីនពីង ទេ នោះការចរចាគ្នា នឹង​ពុំមាន​ការ​រីកចម្រើន​ណាមួយ​ឡើយ”៕ប្រភព: Nikkei Asia៕

LEAVE A REPLY

Please enter your comment!
Please enter your name here