ដោយ: គង់ លាងហួរ
សេអ៊ូល: យោងតាមអាជ្ញាធរ ប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងថា ខ្លួនគ្រោងនឹងបើកដាក់ឱ្យដំណើរការ សណ្ឋាគារដ៏ប្រណីតមួយ ដែលត្រូវបានសាងសង់ឡើង នៅលើស្ពានឆ្លងកាត់ទន្លេ Hangang នៅរដ្ឋធានីសេអ៊ូល ក្នុងខែកក្កដាខាងមុខ។
នៅពេលបើកដំណើរការជាផ្លូវការ សណ្ឋាគារនេះនឹងអនុញ្ញាតឱ្យភ្ញៀវទេសចរណ៍ ដែលចូលមកស្នាក់នៅអាចគយគន់មើលទេស ភាពដ៏ស្រស់ត្រកាលនៃទន្លេរHan និងផ្ទៃមេឃរបស់ទីក្រុងសេអ៊ូល។
សារពត៌មាន Korea Times បានរាយការណ៍ឱ្យដឹងថា សណ្ឋា គារនេះមានឈ្មោះថា Sky Suite និងមានទីតាំងស្ថិតនៅចុងភាគខាងជើងនៃស្ពាន Hangang ដែលគ្រោងនឹងបើកដាក់ ឱ្យដំណើរការជាសាធារណៈនៅថ្ងៃទី១៦ ខែកក្កដា។
ចំណែកឯ កាសែតកូរ៉េខាងត្បូងមួយទៀត ដែលមានឈ្មោះថា Korea Herald បានចុះផ្សាយថា សណ្ឋាគារ Sky Suite ខាងលើនឹងក្លាយជាសណ្ឋាគារ ដែលត្រូវបានសាងសង់ នៅលើស្ពានដំបូងគេបង្អស់របស់ពិភពលោក។
លក្ខណៈពិសេសរបស់សណ្ឋាគារនេះ រួមមានដូចជា បន្ទប់ទទួលភ្ញៀវ បន្ទប់គេង និងបន្ទប់ទឹក ដែលអាចទទួលភ្ញៀវបានចំនួន៤នាក់។ ជាមួយគ្នានេះ តម្លៃស្នាក់នៅចំនួនមួយយប់ នៅសណ្ឋាគារនេះនឹងមានតម្លៃប្រហែល៣៤៥.០០០ ទៅ៥០០.០០០វ៉ុន (ប្រហែល២៥០ ទៅ៣៦១ដុល្លារ)។
ម្យ៉ាងវិញទៀត ការកក់បន្ទប់សណ្ឋាគារ Sky Suite នេះអាចនឹងត្រូវបានធ្វើឡើង នៅលើវេទិកាស្វែងរកទីតាំងស្នាក់នៅ Airbnb ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១ខែកក្កដា ខាងមុខតទៅ៕ប្រភព: Vnexpress៕