ដោយ: គង់ លាងហួរ
បាងកក: នាយកដ្ឋានដីធ្លីរបស់ប្រទេសថៃ បានធ្វើបច្ចុប្បន្នភាពលើលក្ខណៈវិនិច្ឆ័យចុងក្រោយបំផុត សម្រាប់ការអនុញ្ញាតឱ្យជនបរទេសអាចកាន់កាប់ដីធ្លី នៅក្នុងប្រទេសរបស់ខ្លួន។ នេះបើយោងតាមសេចក្តីប្រកាស នៅលើគេហទំព័ររបស់នាយកដ្ឋានខាងលើ។
លក្ខណៈវិនិច្ឆ័យទី១: មរតក៖ ជនបរទេស ដែលជាអ្នកស្នងមរ តកស្របច្បាប់របស់ជនបរទេស ដែលធ្លាប់ត្រូវបានអនុញ្ញាតឱ្យកាន់កាប់ដីកាលពីមុនមក អាចទទួលមរតកកាន់កាប់ដីបន្តទៀតបាន។
-->
ជនបរទេស ដែលជាអ្នកស្នងមរតក អាចទទួលបានដីសម្រាប់ប្រើប្រាស់ ក្នុងវិស័យឧស្សាហកម្មមិនលើសពី១រ៉ៃ (០,១៦ហិកតា) ឬដីសម្រាប់ប្រើប្រាស់ ក្នុងវិស័យកសិកម្មមិនលើសពី១០រ៉ៃ (១,៦ហិកតា)។
លក្ខណៈវិនិច្ឆ័យទី២: ការទិញដី៖ នាយកដ្ឋានខាងលើបានបញ្ជាក់ថា មាត្រា៩៦ នៃក្រមដីធ្លី អនុញ្ញាតឱ្យជនបរទេស អាចទិញដីទំហំ១រ៉ៃ សម្រាប់សាងសង់លំនៅដ្ឋាន ប្រសិនបើពួកគេបោះទុនវិនិយោគយ៉ាងតិច៤០លានបាតនៅក្នុងប្រទេសថៃ។
នាយកដ្ឋានបានកត់សម្គាល់ថា ប្រភេទនៃការវិនិយោគទាំងនោះត្រូវតែផ្តល់ផលប្រយោជន៍សម្រាប់សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសថៃ ឬស្ថិតក្នុងចំណោមប្រភេទអាជីវកម្ម ដែលត្រូវបានលើកកម្ពស់ដោយក្រុមប្រឹក្សាទទួលបន្ទុកការវិនិយោគ(BoI)។
ជាមួយគ្នានេះ ការវិនិយោគទាំងនោះ ត្រូវតែមានរយៈពេលយ៉ាងតិច៣ឆ្នាំ ហើយតំបន់លំនៅដ្ឋាន ដែលជនបរទេសបានទិញត្រូវតែស្ថិតនៅក្នុងទីក្រុងបាងកក ទីក្រុងប៉ាតាយ៉ា ឬទីក្រុងផ្សេងទៀត។
លក្ខណៈវិនិច្ឆ័យទី៣: ការផ្ទេរដី៖ ជនបរទេសអាចទទួលបានការផ្ទេរដី ដោយអនុលោមតាមច្បាប់ផ្សេងទៀត ដូចជា ច្បាប់ជំរុញការវិនិយោគឆ្នាំ១៩៧៧។
យ៉ាងណាមិញ នាយកដ្ឋាននេះបានព្រមានថា ជនជាតិថៃ ដែលដើរតួជាអ្នកតំណាង ឈរឈ្មោះឱ្យជនបរទេស អាចប្រឈមនឹងការជាប់ពន្ធនាគារជាអតិបរមាចំនួន៣ឆ្នាំ ឬត្រូវបានផាកពិន័យជាទឹកប្រាក់អតិបរមាចំនួន៦.០០០បាត ឬអាចប្រឈមនឹងទោសទាំង២ប្រភេទនេះតែម្តង។
ចំណែកឯ ជនបរទេស ដែលទទួលបានដីដោយខុសច្បាប់ ត្រូវប្រឈមនឹងការផាកពិន័យប្រចាំថ្ងៃ ជាអតិបរមាចំនួន២០.០០០បាត ឬអាចជាប់ពន្ធនាគារអតិបរមាចំនួន២ឆ្នាំ ឬអាចប្រឈមនឹងទោសទាំង២ប្រភេទនេះតែម្តង៕ប្រភព: The Nation៕