បណ្តាប្រទេសនៃ GMS សម្រេចបើកច្រកទ្វារអន្តរជាតិចំនួនពីរទៀត

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៖ កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការ​រួមការងារដឹកជញ្ជូនឆ្លងកាត់ព្រំដែន​ក្របខ័ណ្ឌ​មហាអនុតំបន់ទន្លេមេគង្គ​ (7th Joint Committee Meeting GMS – CBTA) បានសម្រេចបើកច្រកទ្វារអន្តរជាតិចំនួនពីរទៀតនៅកម្ពុជា ដើម្បីសម្រួលការដឹកជញ្ជូនក្នុងកម្រិតតំបន់។

 

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក វ៉ាស៊ីម សូរិយា បានមាន​ប្រ​សាសន៍ឲ្យដឹងតាមទូរស័ព្ទ​នាថ្ងៃទី១៣ មិនានេះថា តាមរយៈកិច្ចប្រជុំរយៈពេលពីរថ្ងៃដែ​ល​បានចាប់ផ្តើមពីថ្ងៃទី១២ ដល់ ១៣ មីនានេះ ថ្នាក់ដឹកនាំដែលធ្វើការទទួលខុសត្រូវលើការដឹកជញ្ជូនថ្នាក់តំបន់នេះ បានសម្រេចជ្រើសរើសច្រកទ្វារអន្តរជាតិចំនួនពីរទៀត គឺច្រកព្រែកចាក ហាទៀងប្រទេសវៀតណាម និងច្រកស្ទឹងបត់ ណងអៀន ប្រទេសថៃ។

លោកបន្តថា កន្លងមកសម្រាប់ប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ បានសម្រេចលើច្រក​ទ្វារចំនួន៤រួចហើយ រួមមានច្រកប៉ោយប៉ែត ស្ថិតក្នុងខេត្តបន្ទាយមានជ័យ ច្រកទ្វារអន្តរជាតិបាវិត ខេត្តស្វាយរៀង  ច្រកទ្វារអន្តរជាតិចាំយាម ខេត្តកោះកុង និងច្រកត្រពាំងក្រៀល ខេត្តស្ទឹងត្រែង។

កិច្ចប្រជុំថ្នាក់តំបន់នេះ មានការចូលរួមជាអធិបតីភាពពី លោក ស៊ុន​ ចាន់ថុល​ ទេសរដ្ឋមន្រ្តី​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និងដឹកជញ្ជូន​ និង​លោក​ Hideaki lwasaki នាយកធនាគាអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជា​ ដោយមានការចូលរួមពីគណៈប្រតិភូមកពីប្រទេសក្នុងតំបន់មហាអនុតំបន់មេគង្គរូមមានប្រទេសចិន ថៃ វៀតណាម ឡាវ និងប្រទេសមីយ៉ាន់ម៉ា​ រួមទាំងក្រុមការងារ ADB អង្គការ DFAT និងអង្គការ GIZ នៅសណ្ឋា​គារសុខាអង្គ​រ ខេត្តសៀមរាប៕

LEAVE A REPLY

Please enter your comment!
Please enter your name here