ដោយ គង់ សូរិយា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា ដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយបរិយាប័ន្ន នឹងឈានឆ្ពោះទៅតាមចក្ខុវិស័យរដ្ឋាភិបាលចាំបាត់ត្រូវបង្កើនការខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការជម្រុញធ្វើពិពិធកម្ម និងការលើក កម្ពស់ភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិ និងការជម្រុញអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល។
លោកបណ្ឌិតអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី គោលនយោបាយនិងទិសដៅ នៃសេដ្ឋកិច្ចឌីជីថលកម្ពុជាកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩កន្លងមកថា កម្ពុជាមិនត្រឹមតែសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាសម្រេចបាននូវការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច ពីប្រទេសដែលពឹងផ្អែកយ៉ាងខ្លាំងលើវិស័យកសិកម្ម ទៅជាប្រទេសដែលមានសេដ្ឋកិច្ច ពឹងផ្អែកលើវិស័យឧស្សាហកម្ម និងសេវាកម្ម។
ប៉ុន្តែដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយបរិយាប័ន្ន និងឈានឆ្ពោះទៅនូវចក្ខុវិស័យ រាជរដ្ឋាភិបាលចាំបាច់ត្រូវបង្កើនការខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការជម្រុញធ្វើពិពិធកម្ម និងការលើកកម្ពស់ភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិ ជាពិសេសការជម្រុញអភិវ ឌ្ឍន៍សេដ្ឋកិច្ចឌីជីថល ដែលជាមុខសញ្ញាយ៉ាងសំខាន់ នៅក្នុងគោលនយោបាយជម្រុញសេដ្ឋកិច្ចជាតិ ។
លោកបន្តថា នៅក្នុងរយៈពេលជាង២ទស្សវត្សចុងក្រោយនេះ ជាមួយស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចគួរជាទីកត់សម្គាល់ជាមធ្យម៧,៧% ក្នុងមួយឆ្នាំ និងបានប្រែ ក្លាយពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប កាលពីឆ្នាំ២០១៥ កន្លងមក ។
លោកបន្តថា “កំណើនរឹងមាំ និងប្រកបដោយបរិយាប័ន្ននេះ បានចួលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅ ការកាត់បន្ថយភាពក្រីក្រ និងការបង្កើនការងារសម្រាប់ប្រជាជនកម្ពុជានៅទូទាំងប្រទេស”។

ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ បានកើនឡើងប្រមាណ៤ដង ពោលគឺពីប្រមាណ៤១៧ ដុល្លារ ក្នុងឆ្នាំ២០០៤ មកដល់ប្រមាណ១,៥៦២ដុល្លារសំរាប់មនុស្សម្នាក់នៅឆ្នាំ២០១៨ ហើយអត្រានៃភាពក្រីក្របានធ្លាក់ចុះពី៥៣% នៅឆ្នាំ២០០៤ មកនៅត្រឹមប្រមាណ១៣,៤% ក្នុងឆ្នាំ២០១៤ និងតាមការប៉ាន់ស្មានអាចធ្លាក់បន្តមក នៅក្នុងរង្វង់១០%នៅក្នុងឆ្នាំ២០១៨៕






