ដោយ: គង់ លាងហួរ
ប៉េកាំង: កាលពីថ្ងៃសុក្រទី២៨ ខែមិថុនា រដ្ឋាភិបាលចិនបានអនុម័តច្បាប់ថ្មីមួយដើម្បីការពារសិទ្ធិដីធ្លីរបស់កសិករ និងគាំទ្រដល់ការអភិវឌ្ឍន៍សមូហភាពនៅក្នុងភូមិ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅតាមទីជនបទ និងសម្រេចបាននូវសន្តិសុខស្បៀង។
បច្ចុប្បន្ន ដីស្រែចំការទាំងអស់នៅក្នុងប្រទេសចិនគឺជាកម្មសិទ្ធិរបស់រដ្ឋ។ ក្នុងនោះ កសិករមានសិទ្ធិជួលដីរយៈពេលវែងជាច្រើនទស្សវត្ស ប៉ុន្តែសមូហភាពគឺជាអ្នកប្រើប្រាស់ជំនួស។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Reuters។
-->

ហេតុនេះ រដ្ឋាភិបានបានសម្រេចចិត្តអនុម័តច្បាប់ស្តីពីអង្គការសេដ្ឋកិច្ចសមូហភាពជនបទថ្មី ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ខាងមុខ។ ច្បាប់នេះនឹងកំណត់តួនាទីរបស់សមូហភាពជនបទ និងផ្តល់សិទិ្ធឱ្យកសិករអាចត្រួតពិនិត្យសមូហភាព។
យោងតាមទីភ្នាក់ងារសារពត៌មាន Xinhua បានរាយការណ៍ថា “ច្បាប់ថ្មីនេះមានគោលបំណងការពារសិទ្ធិរបស់សមូហភាព និងកសិករ ព្រមទាំងលើកទឹកចិត្តឱ្យមានវិធានការសារពើពន្ធ និងពន្ធដារ ដើម្បីពង្រឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតាមទីជនបទ”។

យោងតាមទ្រឹស្តី ដែលបានចែងនាពេលបច្ចុប្បន្ន ប្រជាជនរស់នៅតាមភូមិដាច់ស្រយ៉ាល ក្នុងប្រទេសចិន អាចសម្រេចចិត្តដាក់លក់ ឬអភិវឌ្ឍន៍ដីរបស់ពួកគេបាន។ ប៉ុន្តែ បើយោងតាមការអនុវត្តន៍ជាក់ស្តែងវិញ មន្ត្រីរដ្ឋនៅតែជាអ្នកធ្វើការសម្រេចចិត្តដដែល។

ត្រង់ចំណុចនេះ ក្រុមកសិករបានលើកឡើងថា ប្រព័ន្ធច្បាប់នាពេលបច្ចុប្បន្ន បានផ្តល់អំណាចច្រើនពេកដល់មន្ត្រីរដ្ឋ ក្នុងការទាមទារយកដីតាមរយ:ការផ្តល់សំណងមិនសមរម្យ ខណៈការទន្ទ្រានយកដីគឺជាមូលហេតុ ដែលបង្កឱ្យមានភាពចលាចលនៅក្នុងសង្គមនាពេលកន្លងមក៕ប្រភព: Reuters៕