ដោយ: គង់ លាងហួរ
អន្តរជាតិ: អាជ្ញាធរព្រែកជីកប៉ាណាម៉ា (ACP) បានព្រមានថា ផ្លូវទឹកដ៏ល្បីល្បាញរបស់ខ្លួនមួយនេះ នៅតែបន្តប្រឈមមុខនឹងការខ្វះខាតទឹក បើទោះបីជាមានភ្លៀងធ្លាក់នាពេលថ្មីៗនេះ និងបន្ទាប់ពីជួបគ្រោះរាំងស្ងួតកាលពីឆ្នាំមុន។
អាជ្ញាធរ ACP បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ផ្លូវទឹកនេះនៅតែបន្តប្រឈមមុខនឹងផលប៉ះពាល់ ដែលអូសបន្លាយចាប់តាំងពីឆ្នាំមុនមកម្ល៉េះ។ ថ្វីត្បិតតែ រដូវវស្សាចាប់ផ្តើមឈានចូលមកដល់ ក៏ប៉ុន្តែបញ្ហាកង្វះទឹកនៅព្រែកជីកប៉ាណាម៉ាមិនទាន់បញ្ចប់នៅឡើយទេ”។
-->
ព្រែកជីកប៉ាណាម៉ា ដែលជាធម្មតាគ្រប់គ្រងចំណែកប្រហែល៦ភាគរយនៃទំហំពាណិជ្ជកម្មតាមផ្លូវសមុទ្រទូទាំងពិភពលោក ពឹងផ្អែកលើទឹកភ្លៀង ដែលស្តុកទុកនៅក្នុងបឹងសិប្បនិម្មិតចំនួន២ រួមមានបឹង Gatun និងបឹង Alajuela។

កាលពីឆ្នាំ២០២៣កន្លងទៅ ព្រែកជីកប៉ាណាម៉ា បានបង្ខំចិត្តកាត់បន្ថយចំនួន និងទម្ងន់កប៉ាល់ដឹកជញ្ជូន ដែលត្រូវធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវទឹកដ៏ល្បីល្បាញមួយនេះជារៀងរាល់ថ្ងៃ ដោយសារតែបាតុភូតគ្រោះរាំងស្ងួត ដែលគេស្គាល់ថា “El Nino”។
ជាមួយគ្នានេះ អាជ្ញាធរព្រែកជីកប៉ាណាម៉ា (ACP) បានបញ្ជាក់ថា “ខ្លួនគ្រោងបង្កើនជម្រៅបាតកប៉ាល់ ដែលលិចទៅក្នុងទឹក(Vessel draft) ដល់១៤,៦ម៉ែត្រ ឬស្មើនឹង៤៨ហ្វីត ចាប់ពីថ្ងៃទី១១ ខែកក្កដា ហើយចំនួនកប៉ាល់ ដែលអាចឆ្លងកាត់ព្រែកជីកនេះក្នុងមួយថ្ងៃមានកម្រិតអតិបរមាចំនួន៣៥គ្រឿងចាប់ពីថ្ងៃទី៥ ខែសីហា”។
ជុំវិញបញ្ហានេះ អាជ្ញាធរព្រែកជីកប៉ាណាម៉ា (ACP) ក៏បានខិតខំអំពាវនាវឱ្យមានការបង្កើតប្រភពទឹកថ្មីផ្សេងទៀតដើម្បីជំនួសប្រភពចាស់ៗ និងគម្រោងសាងសង់អាងស្តុកទុកទឹកសម្រាប់ផ្គត់ផ្គង់លំហូរទឹកនៅក្នុងព្រែកជីក។
នៅក្នុងឆ្នាំសារពើពន្ធ២០២៣ ទំនិញចំនួន៥១១លានតោនត្រូវបានដឹកជញ្ជូនឆ្លងកាត់ព្រែកជីកប៉ាណាម៉ា (Panama) ដែលបង្កើតប្រាក់ចំណូលបានសរុបចំនួន៣,៣៤ពាន់លានដុល្លារអាមេរិក៕ប្រភព:AFP៕