ក្រុមហ៊ុនចំនួន២៣បានចូលទីផ្សារមូលបត្រកម្ពុជា ជាមួយការបោះផ្សាយមូលបត្រជិត៤០០លានដុល្លារក្នុងមួយឆ្នាំ

0

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់និយ័តករមូលបត្រកម្ពុជា បានថ្លែងថា រហូតមកទល់ពេលនេះ មានក្រុមហ៊ុនជាតិ អន្តរជាតិចំនួន២៣រួចហើយ បានឈានជើងចូលក្នុងទីផ្សារហ៊ុនកម្ពុជា។

អគ្គនាយករងនិយ័តករមូលបត្រកម្ពុជាលោកវិនភ័ក្តីបានថ្លែងឲ្យដឹងក្នុងពិធីបើកសិក្ខាសាលាស្តីពីចំណេះដឹងហិរញ្ញវត្ថុសម្រាប់សហគ្រិនក្នុងការវិនិយោគលើទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាដែលរៀបចំដោយក្រុមហ៊ុនBIC Marketsកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុនថា បង្កើតឡើងនៅឆ្នាំ២០១១ រយៈពេលជាង១ទសវត្សរ៍មកនេះ មានក្រុមហ៊ុនចំនួន២៣បានបោះផ្សាយលក់មូលបត្រ និងចុះបញ្ជីរលក់មូលបត្រ នៅផ្សារមូលបត្រកម្ពុជា។

លោកបន្តថានេះជាមោទកភាពថ្មីមួយ សម្រាប់កម្ពុជា ដែលថ្វីត្បត្បិតតែប្រទេសយើង ចាប់ផ្តើមទីផ្សារក្រោយគេ ទំហំទីផ្សារនៅតូច តែការអនុវត្ត និងការអភិវឌ្ឍទីផ្សារស្របនឹងនិន្នាការថ្នាក់តំបន់ និងសកល

ទាក់ទងទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាលោកបណ្ឌិតវិនភ័ក្តីបានថ្លែងថាទីផ្សារឧបករណ៍និស្សន្ទត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៦ដែលនៅពេលចាប់ផ្តើមទីផ្សារដំបូងការជួញដូរបានចាប់ផ្តើមនៅឆ្នាំ២០១៧មានទំហំទឹកប្រាក់ជាង៤លានដុល្លារអាមេរិកប៉ុណ្ណោះហើយបានកើនឡើងជារៀងរាល់ឆ្នាំដោយនៅក្នុងឆ្នាំ២០២៣ទំហំជួញដូរឧបករណ៍និស្សន្ទបានកើនឡើងជិត៣០០លានដុល្លារហើយនៅត្រឹមឆមាសទី១ឆ្នាំនេះទំហំជួញដូរបានកើនឡើងជិត៥០លានដុល្លារ។

លោកបន្តថាបច្ចុប្បន្ននិយ័តករមូលបត្រកម្ពុជាបានផ្តល់ការអនុញ្ញាត្តជួញដូរផលិតផលឧបករណ៍និស្សន្ទចំនួនសរុប២៤៩ដែលបែងចែកជា៦ប្រភេទទី១កិច្ចសន្យាលើគម្លាតថ្លៃចំនួន៤២ផលិតផលទី២កិច្ចសន្យាលើគម្លាតថ្លៃលោហធាតុមានចំនួន៤ផលិតផលទី៣កិច្ចសន្យាលើគម្លាតថ្លៃប្រេងឆៅចំនូន៥ផលិតផលទី៤កិច្ចសន្យាលើគម្លាតថ្លៃខុម៉ុឌីធីចំនួន៦ផលិតផលទី៥កិច្ចសន្យាលើគម្លាតថ្លៃសន្ទស្សន៍ចំនួន២២ផលិតផលនិងទី៦កិច្ចសន្យាលើគម្លាតថ្លៃមូលបត្រកម្មសិទ្ឋចំនួន១៧០ផលិតផល។

ជាមួយគ្នានេះលោកស្រីប៊ុនសុវ៉ាត់ឌីប្រធានBIC Marketsបានមានប្រសាសន៍ថា ដោយឈរជើងយ៉ាងរ៉ឹងមាំ លើទីផ្សារអស់រយៈពេលជាយូរមកហើយ ក្រុមហ៊ុនBICតែងតែរួមចំណែកជម្រុញការអភិវឌ្ឍទីផ្សារនេះ ជាមួយការបណ្តុះបណ្តាលធនធានមនុស្សផ្ទៃក្នុងក្រុមហ៊ុន និងដល់សាធារណៈជន។

លោកស្រីបន្តថាក្រុមហ៊ុនតែងតែគោរពបទបញ្ញត្តិនានា និងសហការជាមួយនិយ័តករមូលបត្រកម្ពុជា ដើម្បីជម្រុញទីផ្សារឧបករណ៍និស្សន្ទឲ្យកាន់តែរីកចម្រើន

LEAVE A REPLY

Please enter your comment!
Please enter your name here