ជប៉ុន​ជួយ​ឱ្យកម្ពុជា​ឆ្ពោះ​ទៅ​រក​គោលដៅ​ក្លាយជា​ប្រទេស​នាំ​ចេញ​គ្រាប់​ស្វាយ​ចន្ទី​លំដាប់កំពូល

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជប៉ុន បានជួយឱ្យកម្ពុជាបោះជំហានដ៏ធំមួយ ឆ្ពោះទៅរកគោលដៅប្រែក្លាយខ្លួនជាប្រទេសនាំចេញ គ្រាប់ស្វាយចន្ទីលំដាប់កំពូល នៅលើពិភពលោក។នេះបើយោងតាមសារពត៌មាន Nikkei Asia

កាលពីដើមខែមិថុនាកន្លងទៅ ក្រុមហ៊ុនអចលនទ្រព្យជប៉ុន Mirarth Holdings បានរៀបចំពិធីសម្ភោធ ដាក់ឱ្យដំណើរការរោងចក្រកែច្នៃ គ្រាប់ស្វាយចន្ទីដ៏តូចមួយ នៅភាគកណ្តាលនៃខេត្តកំពង់ធំ ដែលមានព្រំប្រទល់ជាប់នឹងខេត្តសៀមរាប។

ការអភិវឌ្ឍន៍រោងចក្រ កែច្នៃគ្រាប់ស្វាយចន្ទីនេះឡើង គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា។

ថ្វីត្បិតតែកម្ពុជា ជាប្រទេសផលិតគ្រាប់ស្វាយចន្ទីឈានមុខគេមួយ ក៏ប៉ុន្តែគ្រាប់ស្វាយចន្ទីភាគច្រើន ដែលផលិតបាននាពេលកន្លងមក ត្រូវបាននាំចេញទៅកាន់បណ្តា ប្រទេសជិតខាងដើម្បីកែច្នៃ និងនាំចេញឡើងវិញ។

យោងតាមប្រភពក្រុមហ៊ុន Mirarth បានបញ្ជាក់ប្រាប់សារពត៌មានNikkei Asia ថា រោងចក្រថ្មីនេះ មានខ្សែសង្វាក់កែច្នៃចំនួន២ ដែលអាចទទួលគ្រាប់ស្វាយចន្ទី ដែលមិនទាន់បកសំបកចំនួន៨តោនក្នុងមួយថ្ងៃ។ រោងចក្រនេះ អាចនាំចេញផលិតផលគ្រាប់ស្វាយចន្ទី សម្រេចបានចំនួន២តោន ក្នុងមួយថ្ងៃ និង៦០០តោនក្នុងមួយឆ្នាំ។

ក្រុមហ៊ុន Mirarth ក៏កំពុងស្វែងរកកម្មករប្រហែល៣០នាក់មកពីគ្រួសារកសិករក្នុងស្រុក ហើយរោងចក្រនេះ នឹងក្លាយជាប្រភពចំណូលបន្ថែម ដ៏សំខាន់សម្រាប់ពួកគេ។ ក្រុមហ៊ុនដែលមានមូលដ្ឋាន នៅទីក្រុងតូក្យូមួយនេះបញ្ជាក់ថា ខ្លួននឹងមិនត្រឹមតែលក់គ្រាប់ស្វាយចន្ទីកែច្នៃប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនថែមទាំងផលិតឥន្ធនៈជីវម៉ាស ចេញពីសំបកគ្រាប់ស្វាយចន្ទីផងដែរ។

ជាមួយគ្នានេះ ក្រុមហ៊ុន Mirarth គ្រោងនឹងសាងសង់រោងចក្រមួយផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា ដែលមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទី ប្រចាំឆ្នាំចំនួន២០.០០០ម៉ឺន។

យោងតាមសមាគមស្វាយចន្ទីកម្ពុជា(CAC) បានឱ្យដឹងថា ប្រទេសកម្ពុជាបានផលិតគ្រាប់ស្វាយចន្ទីឆៅ ចំនួន៦៥០.០០០តោនក្នុងឆ្នាំ២០២៣ ហើយទិន្នផលស្ទើរតែទាំងអស់ ត្រូវបាននាំចេញដោយមិនបានកែច្នៃ។

លោក Kentaro Taniguchi មន្ត្រីផ្នែកប្រតិបត្តិមួយរូបនៅក្រុមហ៊ុន Mirarth បានមានប្រសាសន៍ឱ្យដឹងថាកម្មករ ដែលទទួលបានបទពិសោធន៍ ក្នុងខេត្តកំពង់ធំ នឹងអាចក្លាយជាអ្នកកាន់តំណែងផ្នែកគ្រប់គ្រង រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនេះនាពេលអនាគត៕ប្រភព: Nikkei Asia

LEAVE A REPLY

Please enter your comment!
Please enter your name here