ដោយ វុត្ថា
ភ្នំពេញ៖ នៅវិមានសន្ដិភាព មានការរៀបចំ ”វេទិកាធុរកិច្ចកម្ពុជា-កូរ៉េ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក មូន ជេអ៊ីន ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ។
វេទិកានេះត្រូវបានសហការរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជាជាមួយសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ ក្រសួងពាណិជ្ជកម្ម និង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក មូន ជេអ៊ីន ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ មកកាន់ព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ និងធុរជនកម្ពុជា-កូរ៉េ។
គោលបំណងនៃវេទិកានេះ គឺដើម្បីលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចទ្វេរភាគី និងកិច្ចសហប្រតិបត្តិការធុរកិច្ចសម្រាប់វិបុលភាពរួមរវាងកម្ពុជា-កូរ៉េ។ លើសពីនេះ ក្នុងវេទិកានេះមានការធ្វើបទបង្ហាញពីវាគ្មិនកម្ពុជា-កូរ៉េលើប្រធានបទសំខាន់ៗ ៖
១.ការចែករំលែកចំណេះធ្វើរបស់កូរ៉េជាមួយនឹងផលិតផលកសិកម្មកម្ពុជា
២.ភាពជោគជ័យក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កូរ៉េ
៣.ការបង្កើតការត្ជាប់ទៅនឹងវិស័យហិរញ្ញវត្ថុនៅកម្ពុជា
៤.ករណីជោគជ័យស្ដីពីមូលដ្ឋានីយកម្ម
៥.យុទ្ធសាស្ត្រកម្ពុជាក្នុងការថែទាំប្រព័ន្ធអេកូធុរកិច្ចថ្មី
៦.ការជំរុញសហគ្រិនភាពថ្មីនៅកម្ពុជាជាមួយកម្មវិធីបណ្ដុះបណ្ដាលបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍កូរ៉េ។
ក្នុងឱកាសនេះដែរ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏បានឡើងថ្លែងសុន្ទរកថាចំពោះថ្នាក់ដឹកនាំ និងអង្គវេទិកាទាំងមូលក្នុងនាមជាតំណាងឱ្យវិស័យឯកជននៅកម្ពុជាផងដែរ។ ក្នុងសុន្ទរកថាស្វាគមន៍ អ្នកឧកញ៉ាបានសម្ដែងសេចក្ដីសោមនស្សរីករាយនិងមានកិត្តិយសយ៉ាងក្រៃលែងចំពោះវត្តមានជាអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកប្រធានាធិបតី មូន ជេអ៊ីន ក្នុងអង្គវេទិកានិងសម្ដែងការទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោកប្រធានាធិបតី មូន ជេអ៊ីន និងគណៈប្រតិភូកូរ៉េអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងយល់អំពីបរិយាកាសសេដ្ឋកិច្ច និងវិនិយោគ ក៏ដូចជា ភាពរីកចម្រើនរបស់កម្ពុជា។
អ្នកឧញ៉ាបានជម្រាបជូនអង្គវេទិកាទាំងមូលថា សភាពាណិជ្ជកម្មកម្ពុជា ធ្លាប់បានរៀបចំវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ ចំនួនបីលើកមកហើយ ដែលប្រព្រឹត្តនៅសណ្ឋាគាអាំំងទែកុងទីណង់តាល់ រាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី និងអតីតប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ដូចជា លោកប្រធានាធិបតី គីម ដេ-ជុន លោកប្រធានាធិបតី រូ មូ យ៉ុន និង លោកប្រធានាធិបតី លី ម៉្យុងបាក់។
ដោយឡែក វេទិកាថ្ងៃនេះគឺជាវេទិកាធុរកិច្ចកម្ពុជា-កូរ៉េលើកទីបួន ដែលសភាពាណិជ្ជកម្មកម្ពុជាបានសហការរៀបចំឡើង។ លើសពីនេះ អ្នកឧកញ៉ា ក៏បានលើកឡើងអំពីសក្កដានុពល និង គុណសម្បត្តិនៃប្រទេសកម្ពុជា និងលើកទឹកចិត្តធុរជនកូរ៉េឱ្យមកវិនិយោគបន្ថែមទៀតនៅកម្ពុជា ព្រោះកម្ពុជាគឺជាប្រទេសដ៏ល្អសម្រាប់ការវិនិយោគ ហើយឥឡូវនេះគឺជាពេលវេលាដ៏ល្អសម្រាប់វិនិយោគិនកូរ៉ចាប់ផ្ដើមការវិនិយោគ៕






