ធនាគារជាតិ​មិន​ទទួលស្គាល់​រូបិយប័ណ្ណ​កាក់ ដែល​កំពុងមាន​ការឃោសនា​ពី​ជន​បោកប្រាស់

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖  ធនាគារជាតិ​នៃ​កម្ពុជា (NBC) បានប្រកាស​ដល់​សាធារណៈជន​ទូទាំងប្រទេស​កុំ​ឲ្យ​ជឿ​ឃោសនាការ​ប្រើប្រាស់កាក់​ជំនួស​រូបិយប័ណ្ណ ដែល​មន្ត្រីជាន់ខ្ពស់​ធនា​គារ​ជាតិ​បាន​ចាត់ទុកជា​ទម្រង់​នៃ​ការ​ឆបោក​ថ្មី និង​មាន​ហា​នី​ភ័យ​ខ្ពស់​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ។

លោកជំទាវ ជា សិរី អគ្គនាយក​បច្ចេកទេស ធនាគារជាតិ​នៃ​កម្ពុជា បាន​ថ្លែង​លើកឡើង​នៅក្នុង​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​លើក​ទី៤ ស្តីពី​តួនាទី​របស់​បច្ចេកវិទ្យា ក្នុងការ​លើកកម្ពស់​ប​រិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​កាលពី​ម្សិល​ម៉ិ​ញ​នេះ​ថា កាលពីពេលថ្មីៗនេះ​មាន​ក្រុមហ៊ុន​មួយចំនួន​បានធ្វើការ​ផ្សព្វផ្សាយ និង​បាន​បើក​សិក្ខ​សាលា ដើម្បី​បញ្ជ្រាប​នៃ​ការប្រើប្រាស់​កាក់​របស់ខ្លួន ដែលជា​ប្រភេទ​កាក់​ឌីជីថល សម្រាប់​ប្រើប្រាស់​នៅក្នុង​ក្រុមហ៊ុន​របស់គេ ពោលគឺ​នៅពេល​ក្រុមហ៊ុន​លក់​ចេញ​បាន​ច្រើន ហើយ​ក្រុមហ៊ុន​លែង​ប្រមូល​ទិញ​វិញ នោះ​កាក់​នេះ​នឹង​ធ្លាក់​ថ្លៃ ឬ​អត់​តម្លៃ​ដោយ​ខ្លួនឯង ដែល​ចាត់ទុក​ជាការ​ឆបោក​នៃ​ទម្រង់​ថ្មី​មួយទៀត។

លោកជំទាវ​បាន​បន្តថា កាក់​ទាំងអស់នេះ​ធនាគារជាតិ​នៃ​កម្ពុជា មិន​ទទួលស្គាល់​ឡើយ ហើយ​ពាក់ព័ន្ធ​បញ្ហា​នេះ​ធនាគារជាតិ​នៃ​កម្ពុជា បាន​ទាក់ទង​ទៅ​ធនាគារពាណិជ្ជ​រួចរាល់​ហើយ គឺ​មិន​អនុ​ញ្ញា​ត្តិ​ឲ្យ​ធ្វើ​ប្រតិបត្តិការ​ណា ទាក់ទិន​នឹង​កាក់​ឌីជីថល​នេះឡើយ ព្រោះ​វា​ជា​ឧបករណ៍​ដែលមាន​ហា​នី​ភ័យ​ខ្ពស់ ដូច្នេះ​សូម​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ការ​បំផុសបំផុល​ឲ្យ​ទទួល​កាក់​នោះ​ជំនួស​រូបិយប័ណ្ណ ក្នុងនោះ​បើ​ធនាគារពាណិជ្ជ​ឥត​ទទួលយក​ប្រភេទ​កាក់​ឌីជីថល​នេះ​ទេ យើង​នឹង​ជួប​បញ្ហា​ខាតបង់ ។

លោកជំទាវ​ជា សិរី​បាន​បន្តថា ទាក់ទិន​នឹង​ការប្រើប្រាស់​កាក់​ឌីជីថល​នេះ ប្រជាពលរដ្ឋ​ដែល​ចង់​សាកល្បង​ប្រើប្រាស់ គឺជា​សិទ្ធ​នៃ​ការប្រើប្រាស់​របស់​ពួកគាត់ ប៉ុន្តែ​ធនាគារជាតិ​នៃ​កម្ពុជា​មិនមាន​ការទទួលស្គាល់​នោះឡើយ ព្រោះ​កន្លងមកនេះ​ធនាគារជាតិ បានចេញ​សេចក្តីប្រកាស​ម្តង​រួចមកហើយ អំពី​ការប្រើប្រាស់​កាក់​ប្រភេទ​ឌីជីថល​ប្រភេទ​នេះ។

ប្រធាន​គណកម្មកា​រមូល​ប​ត្រ​កម្ពុជា​លោក​ស៊ូ សុជាតិ​បាន​ថ្លែងថា ការងារ​នេះ​ជា​សមត្ថកិច្ច​របស់​ធនា​គារ​ជាតិ​នៃ​កម្ពុជា ប៉ុន្តែ​កន្លងមក​លោក​ធ្លាប់​លឺ​ពី​ការយក​កាក់​មក​ទូទាត់ ក្នុង​ទម្រង់​រូបិយប័ណ្ណ​ឌីជីថល សម្រាប់​យកមក​ធ្វើជា​មធ្យោបាយ​ទូទាត់​ក្នុង​ទីផ្សារ ហើយ​ការប្រកាស​របស់​ធនាគា​រ​ជាតិ​ជា​រឿង​ត្រឹមត្រូវ។

លោក​បន្តថា “ខ្ញុំ​គាំទ្រ​ការលើកឡើង​របស់​ធនា​គារ​ជាតិ ព្រោះ​នៅពេល​មិនទាន់​ច្បាស់លាស់ មិនទាន់មាន​ព៌​ត​មាន​គ្រប់គ្រាន់ សូម​ប្រជាជន​កុំ​ប្រឡូក​លើ​រឿងនេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here