ដោយៈ យិន លាងគង់អគ្គនាយកគេហទំព័រPropertyarea
ព្រះសីហនុៈ លើសពីទឹកសមុទ្រព៌ណខៀវស្រងាត់ ជើងមេឃឆ្ងាយសន្លឹម និងរលកបោកបក់ឆ្នេរខ្សាច់គ្រាំគ្រេង ខេត្តព្រះសីហនុបាន និងកំពុងក្លាយជាទីកន្លែងមួយ ដែលរដ្ឋាភិបាលប្រទេសនេះ បាននិងកំពុងយកចិត្តទុកដាក់។
ជាទឹកដីធ្លាប់ស្ងប់ស្ងាត់មានតែអាគារចាស់ៗកំពស់៨ជាន់បីបួនឈរហាក់អស់សង្ឃឹមនៅកៀនផ្លូវឥលូវស្រមោលអតីតកាលបានបញ្ចប់ហើយការរីកចម្រើននគរូបនីយយកម្មរបស់ទីក្រុងនេះបានផ្លាស់ប្តូរទាំងស្រុងដោយវត្តមានអាគារកប់ពពករាប់រយបានបញ្ចប់ការសាងសង់និងខ្លះនៅម៉េម៉ាយមានតែគ្រោងអាគារទុកចោលក្នុងប៉ុន្មានឆ្នាំកន្លងនមកនេះបន្ទាប់ពីការចាកចេញរបស់ចិនយ៉ាងប្រញាប់ប្រញាល់និងការបិទហ្គេមអនឡាយព្រមទាំងការមកដល់នៃជំងឺកូវីដ១៩។
ក្តីសង្ឃឹមថ្មី
រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលមានវ័យក្មេង មានថាមពល ទេពកោសល្យ និងបញ្ញាញ្ញាណបានដាក់ចេញកម្មវិធីជម្រុញការវិនិយោគនៅខេត្តព្រះសីហនុ ដោយផ្តល់នូវការលើកលែងពន្ឋ និងវិធានការណ៍លើកទឹកចិត្តជាច្រើន ដល់អ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ មកដាក់ទុន និងសាងសង់អាគារជាប់គាំងជិត៤០០ឡើងវិញ។
ជាមួយនឹងការដាក់ដំណើរការកម្មវិធីនេះគណៈកម្មការជម្រុញការវិនិយោគនៅខេត្តព្រះសីហនុដឹកនាំដោយលោកបណ្ឌិតហ៊ានសាហ៊ីបនិងមន្រ្តីរដ្ឋបាលខេត្តបានធ្វើការយ៉ាងសកម្មដោយបានសម្របសម្រួលនិងអនុម័តគំរោងវិនិយោគថ្មីៗជាបន្តបន្ទាប់ជាមួយទំហំទឹកប្រាក់ជាង៧០០លានដុល្លារអាមេរិក។
លើសពីអ្វីទាំងនេះខ្យល់សមុទ្រនៅតែទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរណ៍ជាមួយឆ្នេរខ្សាច់សក្បុរទឹកសមុទ្រថ្លាដូចកញ្ចក់ខេត្តព្រះសីហនុបាននិងកំពុងក្លាយជាគោលដៅទេសចរណ៍ជាមួយនឹងការតភ្ជាប់ផ្លូវល្បឿនលឿនជាប្រវត្តិសាស្រ្តពីរាជធានីភ្នំពេញការពង្រីកព្រលានយន្តហោះកងកេងថ្មីការពង្រីកកំពង់ផែខេត្តដើម្បីអនុញ្ញាត្តឲ្យកប៉ាល់ដឹកទំនិញចូលចតបានបាននិងកំពុងក្លាយជាមេដែកស្រូបទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរណ៍ផងពីអ្នកវិនិយោគអន្តរជាតិផងនិងជាឱកាសថ្មីផងក្នុងការជម្រុញឲ្យក្តីសុបិនដ៏ធំមួយក្លាយជាពិតនាពេលអនាគត។
ការប្រែក្លាយជាទីក្រុងពហុបំណង
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានចេញផ្សាយ កាលពីសប្តាហ៍មុនបានបង្ហាញថា “ផែនការមេដើម្បីអភិវឌ្ឍ ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” ជាត្រីវិស័យក្នុងការអភិវឌ្ឍខេត្តព្រះសីហនុឱ្យទៅជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយសំដៅជំរុញកំណើនសេដ្ឋកិច្ចការអភិវឌ្ឍសង្គមនិងការការពារបរិស្ថានប្រកបដោយចីរភាពនិងនិរន្តរភាព។
ឧបនាយករដ្ឋមន្រ្តី លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានដឹកនាំកិច្ចប្រជុំកាលពីថ្ងៃទី៩កក្កដា ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងនេះ មុចសម្រេចដាក់ជូនរាជរដ្ឋាភិបាលអនុម័តដាក់ឱ្យអនុវត្តន៍។
លោករដ្ឋមន្ត្រីបញ្ជាក់ថា “ផែនការមេ” នេះ មានចក្ខុវិស័យ រយៈពេលវែងក្នុងការអភិវឌ្ឍខេត្តព្រះសីហនុទៅជាច្រកទ្វារអន្តរជាតិរបស់កម្ពុជាដោយប្រែក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនពហុមធ្យោបាយនិងឡូជីស្ទិក។ជាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។
លើសពីនេះ រដ្ឋាភិបាល នឹងធ្វើឱ្យខេត្តមួយនេះ ក្លាយជាប៉ូលអភិវឌ្ឍន៍ជាតិ ដោយប្រែក្លាយជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រ និងប្រជុំកោះលំដាប់សកលលោក មជ្ឈមណ្ឌលជាតិនៃការអភិវឌ្ឍឧស្សាហកម្ម និងមជ្ឈមណ្ឌលជាតិសម្រាប់ នវានុវត្តន៍បច្ចេកវិទ្យា។
ពិសេសជាងនេះទៅទៀត រដ្ឋាភិបាលនឹងប្រែក្លាយខេត្តមាត់សមុទ្រមួយនេះ ទៅជាទីក្រុងធំមួយ នៅក្នុងតំបន់អាស៊ាន ជាមួយនឹងកិត្តិនាមជាទីក្រុងគំរូបៃតង ប្រកបដោយចីរភាពចម្រុះវប្បធម៌ និងឆ្លាតវៃ។
សុបិន
ការប្រែក្លាយសុបិននេះឲ្យក្លាយជាការពិត មិនមែនជារឿងសាមញ្ញទេ ប៉ុន្តែវាងាយប្រសិនគ្រាន់តែនិយាយ តែការប្រែក្លាយឲ្យសុបិននេះក្លាយជាការពិត ជាបញ្ហាលំបាកដែលត្រូវការធនធានមនុស្ស មូលធន លំហូរទុនវិនិយោគផ្ទាល់ពីបរទេស(FDI) ឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្តជាមួយផែនការយុទ្ឋសាស្រ្តដាក់ចេញឲ្យមានប្រសិទ្ឋភាព និងសង្គតភាព។
បើតាមរដ្ឋមន្រ្តីសេដ្ឋកិច្ចបានឲ្យដឹងថា ដើម្បីសម្រេចបានចក្ខុវិស័យខាងលើនេះ “ផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ច ពិសេសគំរូពហុបំណង” នឹងត្រូវអនុវត្តន៍ជាពីរដំណាក់កាល។
ដំណាក់កាលទី១ ចាប់ផ្តើមពីឆ្នាំ២០២៥– ២០២៨ ដោយផ្តោតលើការធ្វើសមាហរណកម្ម ខេត្តព្រះសីហនុ ទៅក្នុងប្រព័ន្ធពាណិជ្ជកម្មក្នុងតំបន់ ការពង្រីកមុខងារភស្តុភារកម្ម និងវិស័យទេសចរណ៍។ ស្ថិតនៅក្នុងដំណាក់កាលនេះ រដ្ឋាភិបាលនឹងធ្វើឱ្យប្រសើរឡើងនូវទីក្រុងចាស់ និងអភិវឌ្ឍតំបន់ថ្មីរួមទាំងការទាក់ទាញការវិនិយោគដែលមានតម្លៃបន្ថែមខ្ពស់។
ដំណាក់កាលទី២ គិតពីឆ្នាំ២០២៩–២០៣៨ ខេត្តព្រះសីហនុនឹងពង្រឹងតួនាទីរបស់ខ្លួនជាច្រកទ្វារ ជាតិ និងជាទីក្រុងមជ្ឈមណ្ឌលក្នុងតំបន់លើវិស័យហិរញ្ញវត្ថុពាណិជ្ជកម្មការអភិវឌ្ឍឧស្សាហកម្មការដឹកជញ្ជូននិងបច្ចេកវិទ្យា។
ខេត្តឧស្សាហកម្មមួយនេះ នឹងអភិវឌ្ឍខ្លួនទៅជាទីក្រុងពហុមុខងារ សមស្របសម្រាប់សហគ្រិនភាព ទីក្រុងបៃតង និងទីក្រុងឆ្លាតវៃ ព្រមទាំងជាខេត្តដែលមានចំណូលខ្ពស់ ប្រកបដោយវិបុលភាព ។
កាលពីថ្ងៃ១៨តុលា ឆ្នាំ២០២១ វិទ្យាស្ថានផែនការ និង គំនូសប្លង់ទីក្រុងរបស់ខេត្តស៊ិនជិន (Urban Planning and Design Institute of Shenzhen-UPDIS) នៃប្រទេសចិន បានចុះហត្ថលេខាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកិច្ចសន្យាផ្តល់សេវាកម្មរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក្រោមវត្តរបស់លោក អូន ព័ន្ធមុនីរ័ត្ន។
គោលដៅនៃការរៀបចំផែនការមេនេះឡើង គឺដើម្បីទាញយកសក្កានុពលអភិវឌ្ឍន៍ ឱ្យស្របទៅនឹងការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងស្រុក។ ជាពិសេសចាប់យកកាលានុវត្តភាពថ្មីៗ និងការទាក់ទាញបន្ថែមនូវការវិនិយោគ ធុរកិច្ច ដែលកើតពីការផ្លាស់ប្តូរខ្សែច្រវ៉ាក់ផ្គត់ផ្គង់ នៅក្នុងតំបន់ចូលមកកម្ពុជា ដោយសំដៅពន្លឿន ការអភិវឌ្ឍវិស័យឧស្សាហកម្ម វិស័យកសិកម្ម និងវិស័យសេវាកម្ម ប្រកបដោយចីរភាព និងភាពធន់។
លោកអូន ព័ន្ឋមុនីរ័ត្នបានបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាបានកំណត់ចក្ខុវិស័យ ប្រែក្លាយខេត្តព្រះសីហនុ ឱ្យជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយ ក្នុងការទាក់ទាញនិងស្រូបយកការវិនិយោគពីបរទេសដែលអាចឈានក្លាយទៅជាក្បាលម៉ាស៊ីនមួយថ្មីសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យរីកលូតលាស់ទៅមុខឥតឈប់ឈរ។
ជាពិសេស ការអភិវឌ្ឍខេត្តនេះ នឹងជួយប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០៕