កួរ៉េព្រួយបារម្ភពីបញ្ហាពាណិជ្ជកម្ម ខណៈសេណារីយោបង្ហាញថា លោកDinald Trumpនឹងឈ្នះឆ្នោត

ចែករំលែក

ដោយ: គង់ លាងហួរ

សេអ៊ូល: លោក Ryu Jin ប្រធានសហព័ន្ធឧស្សាហកម្មកូរ៉េ (FKI) បានលើកឡើងថា ទំនាក់ទំនងពាណិជ្ជកម្មទ្វេរភាគីរវាងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន នឹងបន្តមានភាពរឹងមាំ ទោះបីជាសេណារីយ៉ូបង្ហាញថា អតីតប្រធានាធិបតីអាមេរិក លោក Donald Trump អាចឈ្នះឆ្នោតម្តងទៀតយ៉ាងណាក្តី។

យុទ្ធសាស្ត្រមិនអាចទាយទុក ជាមុនបានរបស់លោក Trump ចំពោះគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ និងគោលនយោបាយការបរទេស គឺជាបញ្ហាឈឺក្បាលដ៏ធំសម្រាប់ក្រុមហ៊ុនកូរ៉េខាងត្បូង ខណៈដែលក្រុមហ៊ុនភាគច្រើន ពឹងផ្អែកលើការនាំចេញ ទៅកាន់សហរដ្ឋអាមេរិក និងប្រទេសចិន។

សេណារីយ៉ូចំពោះជ័យជំនះ របស់លោក Trump កំពុងបង្កឱ្យមានការព្រួយបារម្ភជាអន្តរជាតិ ខណៈលោកបានគំរាមដំឡើងពន្ធកាន់តែខ្ពស់ លើបណ្តាក្រុមហ៊ុនផលិតរថយន្តទូទាំងពិភពលោក ដែលមានមូលដ្ឋាននៅខាងក្រៅទឹកដីអាមេរិក និងកាត់បន្ថយការលើកទឹកចិត្ត សម្រាប់ក្រុមហ៊ុនផលិតថ្មអាគុយរបស់កូរ៉េខាងត្បូង។

ទោះ​ជាយ៉ាង​ណាក្តី លោក Ryu Jin ប្រធានសហព័ន្ធឧស្សាហកម្មកូរ៉េ (FKI) បានលើកឡើងថា “ហានិភ័យ​នឹង​មិន​ធ្ងន់ធ្ងរ​ដូច​ការ​រំពឹង​ទុក​នោះ​ទេ”។

លោក Ryu បានថ្លែងប្រាប់ទៅកាន់អ្នកយកព័ត៌មាននៅខាងក្រៅវេទិកា CEO Summer ឆ្នាំ២០២៤ដែលរៀបចំដោយសហព័ន្ធ FKI នៅលើកោះ Jeju ថា “ទោះបីជាលោក Trump អាចឈ្នះការបោះឆ្នោត នាពេលខាងមុខយ៉ាងណាក្តី ក៏ទំនាក់ទំនងពាណិជ្ជកម្មរវាងកូរ៉េ និងសហរដ្ឋអាមេរិក នឹងមិនមានការប្រែប្រួលខ្លាំងនោះទេ”។

លោក Ryu ក៏បានគូសបញ្ជាក់ផងដែរ អំពីសារៈសំខាន់នៃការបង្កើនភាពជាដៃគូ ត្រីភាគីរវាងកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន។

លោកបន្តថា “ទីប្រឹក្សារបស់លោក Trump បានដឹងយ៉ាងច្បាស់អំពីសារៈសំខាន់ នៃទំនាក់ទំនងនេះ។ ដូច្នេះ លោក Trump នឹងមានកិច្ចសហប្រតិបត្តិការ កាន់​តែ​ច្រើន​ក្នុង​ការ​ចរចា​ជាមួយ​ទីក្រុងសេអ៊ូល។ យើងមិនចាំបាច់ព្រួយបារម្ភជ្រុលពេកអំពីរឿងនេះនោះទេ”។

លោកបន្ថែមថា លោក Trump បើកចំហឱ្យបណ្តាក្រុមហ៊ុនបរទេស ដែលបោះទុនវិនិយោគនៅសហរដ្ឋអាមេរិក អាចឈរជើងដោយស្មើភាពគ្នា ជាមួយក្រុមហ៊ុនក្នុងស្រុករបស់អាមេរិក ដែលការណ៍នេះ នឹងអនុញ្ញាតឱ្យក្រុមហ៊ុនកូរ៉េ អាចផ្តោតទៅលើការប្រកបអាជីវកម្ម របស់ពួកគេនៅអាមេរិក ដោយមិនរងផលប៉ះពាល់ ពីហានិភ័យនយោបាយនៅទីនោះ។

លោក Ryu Jin ក៏បានជំរុញឱ្យរដ្ឋាភិបាលកូរ៉េលុបចោលបទប្បញ្ញត្តិ ដែលហួសសម័យមួយចំនួន ដើម្បីជួយជំរុញឱ្យក្រុមហ៊ុនក្នុងស្រុក ចូលរួមនៅក្នុងការប្រកួតប្រជែងជាសកល ហើយរាល់​បទប្បញ្ញត្តិ​ហួស​សម័យ ​គួរ​តែ​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​ឬ​លុប​ចោល​ក្នុង​ពេល​ឆាប់ៗនេះ។

ជាក់ស្តែង សហរដ្ឋអាមេរិកបានអនុញ្ញាត ឱ្យក្រុមហ៊ុនដែលទើបចាប់ផ្តើមអាជីវកម្មថ្មី ឬ (Startups) អាចធ្វើអាជីវកម្មដោយសេរី ដោយគ្មានការរឹតបន្តឹងបទប្បញ្ញត្តិ ហើយប្រសិនបើមានបញ្ហានៅក្នុងដំណើរការនោះ ទើបអាមេរិកដាក់ចេញបទប្បញ្ញត្តិតាមក្រោយ។ ប៉ុន្តែនៅក្នុងប្រទេសកូរ៉េខាងត្បូងវិញ រដ្ឋាភិបាលកូរ៉េ បានដាក់ចេញបទប្បញ្ញត្តិទុកជាមុន ហើយនេះជាហេតុផល ដែលនាំឱ្យក្រុមហ៊ុនជាច្រើន ជួបប្រទះការលំបាក៕ប្រភព: Korea Times៕


ចែករំលែក