ដោយ រ៉ាណេត
ភ្នំពេញ៖ ឆ្លើយតបទៅនឹងប្រតិកម្ម និងការត្អូញត្អែរ ពីការខ្វះខាតថាមពលអគ្គិសនីប្រើប្រាស់ប្រចាំថ្ងៃពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលកំពុងរស់នៅក្នុងតំបន់រាជធានីភ្នំពេញ រួមជាមួយនឹងតំបន់ជិតខាងនោះ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នេះ អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញសេចក្ដីប្រកាសមួយ ដែលបង្ហាញពីការខិតខំរកដំណោះស្រាយ ដោយការរៀបចំផែនការអភិវឌ្ឍប្រភពផ្គត់ផ្គង់អគ្គិសនីបន្ថែម។
នៅក្នុងសេចក្ដីប្រកាសរបស់អាជ្ញាធរអគ្គិសនីកម្ពុជា នៅព្រឹកថ្ងៃទី១៨ មិនានេះថា បញ្ហាខ្វះខាតថាមពលអគ្គិសនី សម្រាប់ផ្គត់ផ្គង់នាពេលបច្ចុប្បន្ននេះ បញ្ហាចម្បងគឺបណ្តាលមកពីកត្តាអាកាសធាតុក្ដៅខ្លាំង និងការខ្វះទឹកខុសប្រក្រតី ធ្វើឱ្យតម្រូវការនៃការប្រើប្រាស់ថាមពលអគ្គិសនីនៅឆ្នាំ២០១៩ មានការកើនឡើងយ៉ាងគំហុកលើសពីការរំពឹងទុក។ ដោយឡែកការខ្វះខាតទឹកនេះ បានធ្វើឱ្យសមត្ថភាពផ្គត់ផ្គង់ថាមពលចេញវារីអគ្គិសនីថយចុះ មិនអាចធានាការផ្គត់ផ្គង់ថាមពលអគ្គិសនី បានពេញលេញទូទាំងប្រទេសដល់ចុងរដូវប្រាំងនោះឡើយ។
ជាដំណោះស្រាយបញ្ហានេះ អគ្គិសនីកម្ពុជាបានទាក់ទងប្រទេសជិតខាងឱ្យជួយបង្កើនការផ្គត់ផ្គង់អគ្គិសនីបន្ថែមដល់កម្ពុជា។ ជាលទ្ធផល ប្រទេសថៃបានជួយបង្កើនការផ្គត់ផ្គង់បន្ថែម ៨០MW ប្រទេសឡាវបន្ថែម ១០WM និងប្រទេសវៀតណាមបានជួយរក្សាការផ្គត់ផ្គង់ឱ្យនៅដដែល ទោះបីជាភាគខាងត្បូង នៃប្រទេសវៀតណាមកំពុងជួបបញ្ហាផ្គត់ផ្គង់អគ្គិសនីដូចគ្នា។






