គម្រោងវិនិយោគតម្លៃជាង២២៤លានដុល្លារក្នុងតំបន់សេដ្ឋកិច្ចពិសេសថៃ កម្ពុជា នៅខេត្តស្រះកែវមានភាពយឺតយ៉ាវ

0

បាងកក: បណ្តាសហគ្រិនថៃ នៅខេត្តស្រះកែវ បានសម្តែងការព្រួយបារម្ភ ចំពោះដំណើរការយឺតយ៉ាវ ក្នុងការពង្រីកគំនិតផ្តួចផ្តើមតំបន់សេដ្ឋកិច្ចពិសេស ជាមួយប្រទេសកម្ពុជាដែលបានចាប់ផ្តើមឡើងនៅឆ្នាំ២០១៥។

តំបន់សេដ្ឋកិច្ចពិសេសស្រះកែវ គឺជាគំនិតផ្តួចផ្តើមរួមគ្នារបស់រដ្ឋាភិបាលថៃ និងរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគឆ្លងព្រំដែនរវាងប្រទេសទាំងពីរ។

បញ្ហានេះត្រូវបានលើកឡើង កាលពីថ្ងៃពុធ ទី១៧ ខែកក្កដា ក្នុងអំឡុងពេលដែលរដ្ឋមន្ត្រីការបរទេសថៃគឺលោក Maris Sangiampongsa បានបំពេញទស្សនកិច្ចនៅតំបន់ឧស្សាហកម្មខេត្តស្រះកែវ ដើម្បីពិភាក្សាជាមួយសហគ្រិនក្នុងស្រុក អំពីការដោះដូរពាណិជ្ជកម្ម និងការវិនិយោគឆ្លងព្រំដែនជាមួយកម្ពុជា។

លោក Maris បានថ្លែងថា ក្រុមប្រឹក្សាវិនិយោគ (BOI) បានអនុម័តលើសិទ្ធិវិនិយោគ សម្រាប់គម្រោងផ្សេងៗនៅក្នុងសង្កា ត់ចំនួន៤នៃខេត្តស្រះកែវ រួមមានសង្កាត់ Phak Kha សង្កាត់ Ban Dan សង្កាត់ Tha Kham និងសង្កាត់ Pa Rai ដែលស្ថិតក្រោមគំនិតផ្តួចផ្តើម បង្កើតតំបន់សេដ្ឋកិច្ចពិសេសស្រះកែវ។

គម្រោងទាំងនេះ មានដើមទុនវិនិយោគសរុបចំនួន៨,១៤ពាន់លានបាត(ប្រហែល២២៤,៦៨លានដុល្លារអាមេរិក) ដែលគម្រោងភាគច្រើន ផ្តោតលើការវេចខ្ចប់ប្លាស្ទិក ការផលិតចំណីសត្វ ស្ករ និងផលិតផលអនាម័យ។

លោករដ្ឋមន្ត្រីបានបន្ថែមថា ខេត្តស្រះកែវក៏មានសក្តានុពល សម្រាប់ការវិនិយោគនាពេលអនាគត ទៅលើឧស្សាហកម្មកែច្នៃម្ហូបអាហារ ដូចជាអំពៅ ដំឡូងមី និងពោតសម្រាប់ធ្វើជាចំណីសត្វ ដែលមានតម្រូវការខ្ពស់នៅកម្ពុជា។

បណ្តាសហគ្រិនថៃ ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះ បានថ្លែងប្រាប់លោក Maris ថា តំបន់សេដ្ឋកិច្ចពិសេសស្រះកែវបានបង្ហាញពីវឌ្ឍនភាពយឺតយ៉ាវ ដោយសារការខិតខំប្រឹងប្រែ ងមិនទាន់គ្រប់គ្រាន់ ក្នុងការទាក់ទាញអ្នកវិនិយោគ មកបណ្តាក់ទុននៅខេត្តស្រះកែវ ទោះបីជាខេត្តមួយនេះ មានហេដ្ឋារចនាសម្ព័ន្ធ សម្រាប់បម្រើឱ្យឧស្សាហកម្ម មួយចំនួនរួចមកហើយយ៉ាងណាក្តី។

ក្រុមសហគ្រិនថៃបានបន្ថែមថា ឧបសគ្គទាក់ទងនឹងបទប្បញ្ញត្តិ ដូចជាការរៀបចំផែនការទីក្រុង និងច្បាប់ការពារបរិស្ថាន ក៏បានរារាំងដល់ការអនុម័ត គម្រោងវិនិយោគថ្មីៗនៅក្នុងខេត្តស្រះកែវផងដែរ។

ជាមួយគ្នានេះ បណ្តាសហគ្រិនថៃ ក៏បានជំរុញឱ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន ជួយពន្លឿនការបើកច្រកព្រំដែនចំនួន២ ដែលមានទីតាំងនៅតំបន់ Ban Pa Rai និងតំបន់ Nong Ian ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនទំនិញចូល និងចេញពីកម្ពុជា៕ប្រភព: The nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here