តម្លៃសំបុត្រយន្តហោះនៅប្រទេសវៀតណាមកំពុងកើនឡើងថ្លៃខ្ពស់បើធៀបនឹងប្រទេសជិតខាង

0

អន្តរជាតិ: មន្ត្រីជាន់ខ្ពស់វៀតណាមលើកឡើងថា មូលហេតុដែលធ្វើឱ្យថ្លៃសំបុត្រយន្តហោះ នៅក្នុងប្រទេសវៀតណាមមានកម្រិតខ្ពស់ជាងប្រទេសថៃ ដោយសារការប្រែប្រួលនៃអត្រាប្តូរប្រាក់ គួបផ្សំនឹងតម្លៃប្រេងកើនឡើង និងគោលនយោ បាយផ្សព្វផ្សាយទេសចរណ៍។

យោងតាមវេទិកាអនឡាញមួយចំនួន ដូចជាវេទិកា Agoda វេទិកា eDreams វេទិកាTrip.com និងវេទិកា MyTrip បង្ហាញថា ថ្លៃទិញសំបុត្រយន្តហោះ ដើម្បីធ្វើដំណើររវាងទីក្រុងបាងកក និងទីក្រុងឈៀងម៉ៃ ចន្លោះពីថ្ងៃទី១៧ដល់២០ខែមិថុនា មានតម្លៃចាប់ពី៥១ដុល្លារ ទៅ៥៥ដុល្លារប៉ុណ្ណោះ។

ផ្ទុយទៅវិញ នៅប្រទេសវៀតណាម ថ្លៃទិញសំបុត្រយន្តហោះធ្វើដំណើរ រវាងទីក្រុងហាណូយ និងទីក្រុងដាណាង ក្នុងកាលបរិច្ឆេទដូចគ្នាខាងលើ មានតម្លៃចាប់ពី៩៨ដុល្លារទៅ១០៦ដុល្លារឯណោះ។

ចំណែក ថ្លៃសំបុត្រជើងហោះហើរ ពីរដ្ឋធានីហាណូយ ទៅកាន់ទីក្រុង Khanh Hoa នៅពាក់កណ្តាលខែមិថុនា មានតម្លៃ៤លានដុង រួមទាំងពន្ធ និងថ្លៃសេវាចំនួន១,៤លានដុង ខណៈតម្លៃសំបុត្រ រវាងទីក្រុងបាងកក និងតំបន់កោះភូកេត គឺមានកម្រិតត្រឹមតែ១,៥លានដុង រួមទាំងពន្ធ និងថ្លៃសេវាចំនួន៣០ម៉ឺនដុង។

លោក Nguyen Danh Huy អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាម បានលើកឡើងថា តម្លៃសំបុត្រយន្តហោះជាមធ្យមរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines បានកើនឡើងចន្លោះពី១៤%ទៅ២០% ចាប់ពីចុងឆ្នាំ២០២៣ ដល់០,០៨ដុល្លារទៅ០,១២ដុល្លារអាមេរិក ក្នុងមួយគីឡូម៉ែត្រ នៅក្នុងឆ្នាំ២០២៤នេះ។

មន្ត្រីជាន់ខ្ពស់រូបនេះ បានថ្លែងក្នុងសម័យប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាជាតិ កាលពីពេលថ្មីៗនេះថា គិតមកទល់ពេលនេះ ប្រាក់ដុល្លារអាមេរិក បានងើបឡើងថ្លៃជិត៥ភាគរយ បើធៀបនឹងប្រាក់ដុងរបស់វៀតណាម។

ជាមួយគ្នានេះ ការងើបឡើងថ្លៃ១% នៃតម្លៃប្រាក់ដុល្លារ អាចនាំ ឱ្យក្រុមហ៊ុនអាកាសចរណ៍Vietnam Airlines ជួបប្រទះការខាតបង់ប្រចាំឆ្នាំ ក្នុងទំហំទឹកប្រាក់ចំនួន៣០០ពាន់លានដុង (ប្រហែល១២,១លានដុល្លារអាមេរិក)។

ក្រុមហ៊ុនអាកាសចរណ៍ខាងលើបានបញ្ជាក់ថា ថ្លៃចំណា​យ លើការចាក់ប្រេងឥន្ធនៈ បានកើនឡើងជិតទ្វេរដងពី២៥% នៃថ្លៃសំបុត្រធ្វើដំណើរមុន ពេលផ្ទុះជំងឺកូវីដ-១៩ ឡើងដល់៤០%នាពេលបច្ចុប្បន្ននេះ។

លោក Nguyen Danh Huy បានអះអាងថា កង្វះខាតយន្តហោះ ក៏ជាមូលហេតុមួយ ដែលធ្វើឱ្យតម្លៃសំបុត្រយន្តហោះកើនឡើងខ្ពស់ផងដែរ។

លោកបានពន្យល់ថា ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន ត្រូវបង្ខំចិត្តផ្អាកដំណើរការយន្តហោះម៉ាក A321 របស់ពួកគេ ដែលជាយន្តហោះបើកបរ នៅលើផ្លូវអាកាសក្នុងស្រុក ដោយសារតែបញ្ហាម៉ាស៊ីន និងជំរុញឱ្យក្រុមហ៊ុនទាំងនោះ ជួលយន្តហោះផ្សេង ដែលនាំឱ្យការចំណាយ កាន់តែកើនឡើងថែមមួយកម្រិតទៀត។

លោកបន្ថែមថា មូលហេតុ ដែលធ្វើឱ្យតម្លៃសំបុត្រយន្តហោះរបស់ប្រទេសថៃ មានកម្រិតទាបជាងវៀតណាម ដោយ​សារតែថៃបានដាក់ចេញ គោលនយោបាយផ្សព្វផ្សាយទេស​ចរណ៍នាពេលថ្មីៗនេះ តាមរយៈការកាត់បន្ថយ ថ្លៃសេវាអាកាសចរណ៍អស់យ៉ាងច្រើន៕ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here