ហេតុអ្វីអ្នកដំណើរត្រូវប្រកាសសាច់ប្រាក់២ម៉ឺនដុល្លារសិង្ហបុរី នៅពេលចូល ឬចាកចេញពីប្រទេសសិង្ហបុរី?

0

អន្តរជាតិ: ថ្មីៗនេះ អាជ្ញាធរសិង្ហបុរីបានឃាត់ខ្លួនអ្នកដំណើ​​រមួយចំនួន នៅអាកាសយានដ្ឋាន Changi ដោយសារពួកគេមិនបានប្រកាសថា ខ្លួនបាននាំសាច់ប្រាក់ជាង២ម៉ឺនដុល្លារសិ​ង្ហបុរី (១៤.៧២០ដុល្លារអាមេរិក) ចូលទៅកាន់ប្រទេសសិង្ហបុរី។

គិតចាប់តាំងពីខែឧសភាមក អាជ្ញាធរសិង្ហបុរី បានតម្រូវឱ្យអ្នកដំណើរទាំងអស់ ធ្វើសេចក្តីប្រកាសបែបនេះ តាមអ៊ីនធឺណេត ក្នុងរយៈពេល៧២ម៉ោងនៃការមកដល់ ឬចាកចេញពីប៉ុស្តិ៍ត្រួតពិនិត្យរបស់ប្រទេសសិង្ហបុរី។

តើហេតុអ្វីអ្នកដំណើរចាំបាច់ត្រូវប្រកាសចំនួនសាច់ប្រាក់ដែលពួកគេដាក់មកតាមខ្លួនបែបនេះ?

ក្រុមអ្នកជំនាញបានលើកឡើងថា មូលហេតុដែលនាំឱ្យអាជ្ញាធរចាត់ចំណាត់ការបែបនេះ គឺដើម្បីទប់ស្កាត់ក្រុមជនអនាមិក និងអ្នកដែលចូលរួមក្នុងសកម្មភាពខុសច្បាប់ ដើម្បីរកប្រាក់ចំណូល។

លោកស្រី Sandra Booysen នាយកមជ្ឈមណ្ឌលច្បាប់ធនាគារ និងហិរញ្ញវត្ថុ នៅមហាវិទ្យាល័យច្បាប់នៃសាកលវិទ្យាល័យជាតិសិង្ហបុរី បានមានប្រសាសន៍ឱ្យដឹងថា “កាលណាអ្នកដំណើរកាន់សាច់ប្រាក់កាន់តែច្រើន នោះវាជារឿងគួរឱ្យសង្ស័​យណាស់”។ លោកស្រីបន្ថែមថា “នាពេលបច្ចុប្បន្ននេះ យើងមានវិធីកាន់តែមានប្រសិទ្ធភាព និងកាន់តែមានសុវត្ថិភាពជាងមុន ក្នុងការរក្សាទុកសាច់ប្រាក់ និងការទូទាត់ប្រាក់”។

ចំណែកលោកស្រី Razwana Begum Abdul Rahim ប្រធានកម្មវិធីសុវត្ថិភាព និងសន្តិសុខសាធារណៈ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គមសិង្ហបុរី បានថ្លែងប្រាប់សារពត៌មាន CNA ថា ការធ្វើសេចក្តីប្រកាស អាចជួយអាជ្ញាធរតាមដានលំហូរសាច់ប្រាក់ ដែលគួរឱ្យសង្ស័យ និងធានាថា មូលនិធិមិនត្រូវបានប្រើប្រាស់ សម្រាប់គោលបំណងខុសច្បាប់។

សកម្មភាពដែលរដ្ឋាភិបាលសិង្ហបុរី កំពុងខិតខំទប់ស្កាត់ទាំងនេះរួមមាន ដូចជា ការលាងលុយកខ្វក់ ការផ្តល់ហិរញ្ញប្បទានដល់ភេរវកម្ម ការក្លែងបន្លំ និងការគេចពន្ធជាដើម។

លោក Rajan Supramaniam មេធាវីជាន់ខ្ពស់នៅសាលាច្បាប់ Regent Law បានលើកយកឧទាហរណ៍ អំពីករណីកាលពីប៉ុន្មានឆ្នាំមុន ដែលកូនក្តីម្នាក់ភេទស្រី បានទទួលប្រាក់ចំណូ​លជាង១០ម៉ឺនដុល្លារសិង្ហបុរី ពីប្រតិបត្តិការជួញដូរគ្រឿងញៀន។

លុយ​ទាំងនោះត្រូវ​បាន​ផ្ទេរ ​ពី​គណនី​នៅ​ទីក្រុង​គូឡាឡាំពួ​ទៅ​កាន់សិង្ហបុរី។ បុគ្គលនោះ​បាន​ដក​ប្រាក់​ចេញ ហើយ​រៀបចំផែនការ​ទៅ​កាន់ទីក្រុង Johor Bahru ដើម្បីប្រគល់​លុយទៅ​ឱ្យនរណា​ម្នាក់​នៅ​ទីនោះ។

ប៉ុន្តែទីបំផុត​ បុគ្គលនោះត្រូវ​បាន​ចោទ​ប្រកាន់ ​ពី​បទ​លាង​លុយ​កខ្វក់ និង​បានជាប់ពន្ធនាគារ៕ប្រភព: CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here