ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋមន្ត្រីនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាជំរុញឱ្យមានការបង្កើតនូវប្រព័ន្ធ Eco System ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកវិនិយោគទុន តាមរយៈក្រុមប្រឹក្សាជាតិភស្តុភារ ដើម្បីជួយឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាក្នុងសេវាភស្តុភា និងបង្កើនប្រសិទ្ធភាពលំហូរទំនិញ និងសេវាកម្ម។
ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាជាតិភស្តុភារកម្ពុជាលោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ឲ្យដឹងនៅក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់ និងកិច្ចព្រមព្រៀងសហហិរញ្ញប្បទានរវាង UNDP ជាមួយក្រុមហ៊ុន SHENZHEN 4PX EXPRESS CO., LTD នៅថ្ងៃទី១៩ ខែមីនានេះ ថា «ភាពជាដៃគូរវាងក្រុមហ៊ុន Shenzhen 4PX Express និង UNDP ដែលត្រូវបានបង្កើតឡើង ផ្អែកតាមចំណុចខ្លាំងរបស់ស្ថាប័នទាំងពីរ នឹងនាំឱ្យមានការសហការជាមួយនឹងតួអង្គពាក់ព័ន្ធក្នុងស្រុក និងក្នុងសកលលោកទាំងមូល ដើម្បីបង្កើនប្រសិទ្ធភាព និងដោះស្រាយបញ្ហានានាដែលនាំឱ្យមានការរាំងស្ទះ។
-->
លោកបន្តថា “ការពង្រីកមូលដ្ឋានសេដ្ឋកិច្ច ពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិកត្រូនិកឲ្យមានភាពរ៉ឹងមាំ ទាមទារឱ្យមានការធ្វើកំណែទម្រង់ជាមូលដ្ឋានមួយចំនួន ដើម្បីឱ្យមានការចែកចាយផលិតផលកាន់តែលឿនជាងមុន និងអាចដោះស្រាយបញ្ហាប្រឈមជុំវិញសេវាភស្តុភារបានយ៉ាងរហ័ស”។
ជាមួយគ្នានេះលោក Nick Beresford អ្នកតំណាង UNDP ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “ខណៈពេលដែលប្រទេសកម្ពុជា កំពុងខិតខំពង្រឹងសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម (MSME) របស់ខ្លួន ការងាកទៅប្រើប្រាស់ប្រព័ន្ធឌីជីថល នឹងជួយឱ្យព្រះរាជាណាចក្រនេះ កាន់តែអាចច្បាមយកសក្តានុពលទីផ្សារក្នុងស្រុក និងអន្តរជាតិបន្ថែមទៀត”។ លោកបន្តថា “សេដ្ឋកិច្ចឌីជីថល បានកំពុងនឹងប្រែក្លាយកម្ពុជាតាមរយៈការផ្លាស់ប្តូរទម្លាប់បញ្ជាទិញអាហារ ទូទាត់ថ្លៃទំនិញ ហៅរ៉ឺម៉ក់កង់បី (tuk-tuk) កក់សណ្ឋាគារ ឬទិញសម្លៀកបំពាក់ពីតាមហាងជាដើម។ សេវាទាំងនេះ បានជួយសម្រួលដល់ទំនាក់ទំនងរវាងអតិថិជន និងប្រកបអជីវកម្មតាមប្រព័ន្ធអនឡាញ”។
លោកបន្តថា ប្រការនេះនាំឱ្យមានការអភិវឌ្ឍវិស័យសេដ្ឋកិច្ច ដែលអាចរក្សាបាននូវផលិតភាពសេដ្ឋកិច្ចក្នុងកម្រិតមួយខ្ពស់។ ប្រព័ន្ធ Eco System សម្រាប់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក មានគោលបំណងលើកកម្ពស់ បរិយាបន្ន និងភាពងាយស្រួ លក្នុងការទទួលបានសេវាកម្ម ក្រោមការចូលរួមពីតួអង្គពាក់ព័ន្ធសំខាន់ៗចំនួនបី រាជរដ្ឋាភិបាល ធុរកិច្ច និងឯកត្តជន ឬអ្នកប្រើប្រាស់។ ប្រព័ន្ធនេះនឹងផ្តល់ឱកាសការងារតាមរយៈការពង្រីកការធ្វើពិពិធកម្ម និងនវានុវត្តន៍ បើកចំហឱ្យមានការជួលបុគ្គលិកតាមរបៀបថ្មី សម្រាប់ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មដំបូង (startups), សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម និងសហគ្រាសប្រភេទផ្សេងទៀង និងគាំទ្រដល់ការអភិវឌ្ឍជំនាញ និងបច្ចេកទេស។
ប្រធានយកប្រតិបត្តិនៃក្រុមហ៊ុន Shenzhen 4PX Express លោក Yue Li មានប្រសាសន៍ថា សេវាភស្តុភារឆ្លងដែន នឹងបង្កើតនូវមធ្យោបាយសម្រាប់ឱ្យកម្ពុជា ទទួលបានប្រយោជន៍ពីចរន្តដ៏រស់រវើក នៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិកនៅក្នុងតំបន់ ដោ យមានការជំរុញបន្ថែមពីសមាហរណកម្មអាស៊ាន។ វាក៏នឹងជួយឱ្យប្រទេសកម្ពុជាទទួលបានប្រយោជន៍ តាមរយៈការវិនិយោគកាន់តែច្រើន ពីសំណាក់ក្រុមហ៊ុនអន្តរជាតិធំៗ ដែលកំពុងផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក និងភស្តុភារនៅក្នុងប្រទេសនេះ។
លោកបន្ថែមថា “ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក ពិតជាមានសក្តានុពលយ៉ាងធំធេងនៅក្នុងប្រទេសកម្ពុជា។ គេគួរចាត់ទុកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិកនេះ ថាជាឧបករណ៍កសាងឱកាសដើម្បីបើកទ្វារបន្ថែមទៀតឱ្យទីផ្សារក្នុងស្រុកទទួលបានឱកាសរីកចម្រើន និងទទួលបានការទទួលស្គាល់ក្នុងទីផ្សារសកល”។
ប្រទេសកម្ពុជាមានសក្តានុពល ក្នុងការទាញប្រយោជន៍ពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក (e-commerce) ដើម្បីផ្តល់ភាពងាយស្រួល និងបង្កើនប្រសិទ្ធភាពដល់អតិថិជន អ្នកលក់រាយ ទីផ្សារ និងការទទួលបានព័ត៌មានពាណិជ្ជកម្ម។ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក មានអត្ថប្រយោជន៍ក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងមានសក្តានុពលក្នុងការជួយលើកកម្ពស់ទីផ្សារក្នុងស្រុកផងដែរ៕