បញ្ហាហេដ្ឋារចនាសម្ព័ន្ឋរំខានដំណើរទេសចរណ៍ទៅ កាន់តំបន់កន្ទុយនាគ

0

ដោយៈ និស្ស័យ

       រតនៈគិរីៈ តំបន់​មុំ៣ ឬ​បង្គោល​ឡាក់​កន្ទុយនាគ ​ស្គាល់​​ជា​បង្គោល​ព្រំដែន​ត្រី​ភាគី​ រវាង​ប្រទេស​វៀតណាម កម្ពុជា និង​ឡាវ ជា​តំបន់​​ដ៏​សំខាន់​មួយ ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ភ្ញៀវទេសចរ​នាពេល​ថ្មីៗ​នេះ​។​

តំបន់​មុំ៣ ដែល​ប្រជាជន​កម្ពុជា​និយម​ហៅថា ​កន្ទុយ​នាគ ស្ថិត​នៅ​លើ​កំពូលភ្នំ ហើយ​ត្រូវ​បាន​គេ​ប្រារព្ធ​ ធ្វើជា​និមិត្តរូប​នៃ​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រជាជាតិ​ទាំងបី។​

ទីតាំង​ពិសេស​នេះ​ទាក់ទាញ ​អ្នក​ទស្សនាចរ​ចាប់​អារម្មណ៍​លើ​ភូមិសាស្ត្រ​នយោបាយ ប្រវត្តិសាស្ត្រ និង​ការ​ធ្វើដំណើរ​ផ្សង​ព្រេង។ ភ្ញៀវទេសចរ​អាច​ទទួល​បាន​បទពិសោធន៍ ​ប្រពៃណី ភាសា និង​របៀប​រស់នៅ​របស់​ក្រុម​ជនជាតិ​ចម្រុះ ​ដែល​រស់​នៅ​ក្នុង​តំបន់។

ភាពសម្បូរបែប​នៃ​​វប្បធម៌​ ​ធ្វើ​ឱ្យ​តំបន់​នេះ​​ក្លាយ​ជា​ទិសដៅ​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​សម្រាប់​អ្នក​ចូលចិត្ត​វប្បធម៌។

រូបថត​របស់​ភ្ញៀវទេសចរ​វៀតណាម ​មក​ទស្សនា​កន្លែង​​នេះ ដែល​ត្រូវ​បាន​ចែករំលែក​យ៉ាង​ទូលំទូលាយ ​នៅលើ​បណ្តាញ​សង្គម បាន​បង្ហាញ​ពី​ភាព​ទាក់ទាញ ​នៃ​គោលដៅ​ដាច់ស្រយា​ល​នេះ​។​

ទោះជា​យ៉ាងណា​ក៏ដោយ រូបភាព​ទាំងនេះ​ក៏បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ មាន​ការ​ខកចិត្ត​ផងដែរ ដែល​សោកស្ដាយ​ចំពោះ​បញ្ហា​​ក្នុង​ការ​ធ្វើ​ដំណើរ ​ទៅ​កាន់​តំបន់​ដ៏​សំខាន់​​នេះ ដោ​យ​សារ​ស្ថានភាព​ផ្លូវ​លំបាក​។​

លោកង៉ែត ពិទូ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ដ​រតនគិរីបានទទួ​ល​ស្គាល់​ថា ការ​ធ្វើ​ដំណើរ​ពី​ភាគី​កម្ពុជា ​ទៅ​តំបន់​កន្ទុយ​នាគ ឬ​មុំ ៣ ពិតជា​មាន​ការ​លំបាក​ ជាពិសេស រដូវ​វស្សានេះ។

លោក​មិន​អាច​កំណត់​ពេលវេលា ​ក្នុង​ការ​ធ្វើដំណើរ ដោយសារ​ស្ថានភាព​លំបាក​ខ្លាំង ដែល​អ្នក​ដំណើរ​អាច​ជាប់​ផុង។

លោកង៉ែត ពិទូ បានបញ្ជាក់ថា “រាជរដ្ឋាភិបាល​បាន​កសាង​ផ្លូវ​តាម​ក្រវាត់​ព្រំដែន​ ហើយ​បន្ដិច​ទៀត យើង​ធ្វើ​ដំណើរ​តាម​ច្រក​ព្រំដែន​អូរយ៉ាដាវ​យើង​”។ លោកបន្ថែមថា “ប៉ុន្ដែ​ផ្លូវ​ពី​ស្រុក​តាវែង​ ទៅកាន់​តំបន់​កន្ទុយ​នាគ ​មាន​សភាព​លំបាក ដោយសារ​វាជា​តំបន់​ភ្នំ​”។

បង្គោល​ព្រំដែន​ទាំងបី​ ដែល​មាន​កម្ពស់​ប្រមាណ១,០៨៦ ម៉ែត្រ ស្ថិត​ក្នុង​ខេត្ត កុនទំ ប្រទេស​វៀតណាម ខេត្តអាត់តាភូ របស់​ឡាវ និង​ខេត្តរតនគិរី​នៃ​ប្រទេស​កម្ពុជា​។​

លោក ពិទូ បាន​និយាយ​ថា ទេសភាព​ខៀវ​ស្រងាត់ ទន្លេរ និង​ភ្នំ ផ្តល់​ឱកាស​ដ៏​ល្អ​សម្រាប់​ការដើរ​លេង ទស្សនា​សត្វព្រៃ និង​ទេសចរណ៍​ធម្មជាតិ​។​

តំបន់​នោះ​មាន​សក្តានុពល ​សម្រាប់​ការអភិវឌ្ឍ​កញ្ចប់​ទេសចរណ៍​ឆ្លងដែន ដែល​រួមបញ្ចូល​ការ​ទស្សនា​ ទៅកាន់​ទីតាំង​សំខាន់ៗ​ នៅ​ក្នុង​ប្រទេស​ទាំងបី​។ នេះ​អាច​ជំរុញ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់ និង​ការ​ផ្លាស់ប្តូរ​វប្បធម៌​។​

បង្គោល​ឡាក់​កន្ទុយនាគ​ ជា​សរសរ​​រាង​ស៊ីឡាំង​​ត្រីកោណ​ដែល​ធ្វើ​ពី​ថ្មកែវ ដោយ​ផ្នែក​នីមួយៗ​បែរមុខ ​ទៅ​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ទាំង​បី ហើយ​ឆ្លាក់​ដោយ​និមិត្តសញ្ញា​ជាតិ និង​ឈ្មោះ​រៀងៗ​ខ្លួន​។​

សាងសង់​ក្នុង​ឆ្នាំ ២០០៧ និង​សម្ពោធ​នៅ​ឆ្នាំ២០០៨ បង្គោលព្រំដែននេះ បាន​ឈរ​ជា​សក្ខីភាព​នៃ​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ ​ក្នុង​ចំណោម​ប្រជាជាតិ​ទាំងនេះ ហើយ​ត្រូវ​បាន​ហ៊ុំព័ទ្ធ ​ដោយ​សម្រស់​ធម្មជាតិ និង​ជីវចម្រុះ រួមទាំង​ព្រៃឈើ​ និង​សត្វព្រៃ​ជាច្រើន​ប្រភេទ​។​

គណៈកម្មាធិការ​ប្រជាជន​ខេត្តកុនទំ ក្នុង​ប្រទេស​វៀតណាម​បាន​អនុម័ត​រួច​ហើយ ​នូវ​គម្រោង​មួយ ​ដើម្បី​ប្រើប្រាស់​សញ្ញា​សម្គាល់​នេះ​ សម្រាប់​ការ​អភិវឌ្ឍន៍​ទេសចរណ៍​ក្នុងស្រុក​។​

គំនិត​ផ្តួចផ្តើម​នេះ ​មាន​គោល​បំណង​ចូលរួម​ចំណែក​ ក្នុង​ការ​លុប​បំបាត់​ ភាព​អត់ឃ្លាន​ក្នុង​មូលដ្ឋាន ការកាត់បន្ថយ​​ភាពក្រីក្រ ក៏ដូចជា​​ការ​​ថែរក្សា​សន្តិសុខ​ព្រំដែន និង​សណ្តាប់ធ្នាប់​សង្គម​។ ទោះជា​យ៉ាងណា ភាគី​កម្ពុជា​មិនទាន់​ឃើញ​មានការ​ខិតខំ​អភិវឌ្ឍ​ស្រដៀង​គ្នា​នេះ​នៅឡើយ​ទេ​។​

លោក មាស នី អ្នក​វិភាគសង្គម បាន​ឱ្យដឹងថា លោក​បាន​ស្គាល់​តំបន់​កន្ទុយ​នាគ​នេះ​ច្បាស់​ដែរ ដោយសារ​លោក​ធ្វើ​ការ​នៅ​តំបន់​នោះ ​តាំងពី​ព្រៃ​មើល​មិន​ឃើញ​មេឃ រហូតដល់​អស់​រលីង​ក្លាយជា​វាល​ដី​សម្បទាន​សេដ្ឋកិច្ច។

លោក​បានបញ្ជាក់ថា​ “ជាទូទៅ ខ្ញុំ​មើល​ឃើញ​ថា កាលពី​ ៣ឆ្នាំមុន ផ្លូវ​កំពុង​ត្រូវបាន​កសាង​ ដោយ​មិន​ទាន់​បាន​ក្រាល​កៅស៊ូ តែជា​ផ្លូវ​ក្រួស​ក្រហម​ស្អាត ​សំដៅ​ទៅ​ព្រំដែន​កន្ទុយនាគ”។​ លោកបន្ថែមថា “ខ្ញុំមិន​ដឹងថា ស្ថានភាព​ផ្លូវ​ត្រូវបាន​អភិវឌ្ឍ​ទៀត​ឬ​យ៉ាង​ណានោះទេ។ ប៉ុន្ដែ​បើ​មិន​ក្រាល​កៅស៊ូ​ទេ វា​ប្រាកដ​ជា​ទឹក​ភ្លៀង​ហូរ​ច្រោះ​អស់ហើយ​”។

លោក​មាស នី បាន​បន្ដថា កន្លងមក​ តំបន់​នោះ​ត្រូ​វបាន​អភិវឌ្ឍ​ន៍ ដោយ​ក្រុមហ៊ុន​របស់​លោក​ ទី្រ ភាព ដែល​លោក​ធ្លាប់​មាន​បំណង​ចង់​សង់ស្ពាន​ ឆ្លង​កាត់​ទន្លេ​សេសាន​ ទៅ​តំបន់​កន្ទុយ​នាគ ហើយ​ក៏ត្រូវ​ផ្អាក​វិញ។

លោកបន្តថា ​ដោយសារ​តំបន់​កន្ទុយ​នាគ​ ជា​តំបន់​អភិវឌ្ឍ​របស់​ប្រទេស​ទាំង៣ កម្ពុជា​ក៏​ត្រូវ​បង្កើន​សក្ដានុពល​របស់​ខ្លួន ហើយ​ធ្វើ​ផ្លូវ​យុទ្ធសាស្ដ្រ​មួយ​ឱ្យ​បាន​ទាន់​ដែរ។ បើមិន​ដូច្នោះ​ទេ ប្រទេស​គេ​មាន​លទ្ធភាព​ គេធ្វើ​ផ្លូវ ស្ពាន​ទៅ ខណៈ​ពលរដ្ឋ​ខ្មែរ​មិន​អាច​ទៅ​អើត​មើល​ទឹក​ដី​របស់ខ្លួន​ដែរ។

អ្នក​វិភាគ​សង្គម លោក នី បាន​លើកឡើង​ថា ការ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​គឺជា​រឿង​សំខាន់​។

លោកង៉ែត ពិទូ ​បាន​អះអាងថា លោក​អភិបាល​ខេត្ដ​កំពុង​តែ​ព្យាយាម​ ស្នើ​សុំ​រាជរដ្ឋាភិបាល​កសាង​ផ្លូវ ​ទៅ​ដល់​តំបន់​កន្ទុយ​នាគ​។

បច្ចុប្បន្ន​នេះ មិន​មានភ្ញៀវ​ទេសចរណ៍ ​បាន​ទៅដល់​តំបន់​នោះ​នៅឡើយទេ ដោយ​ពួកគេ​អាច​ទៅដល់​ត្រឹម​វាល​ធំ ឧទ្យានជាតិ​វរជ័យ លើក​លែង​មាន​ប្រតិភូ​ដឹកនាំ ដោយ​ធ្វើ​ដំណើរ​តាម​ប្រទេស​វៀតណាម និង​បត់​ចូល​ទឹក​ដី​កម្ពុជា​វិញ​។

ចំណែកលោក ជួន ភិរម្យ ជា​បុគ្គល​លេចធ្លោរ​​ក្នុង​ដំណើរ​ផ្សង​ព្រេង ឡើង​ភ្នំ​ ដើរ​ព្រៃ ​បានបង្ហាញ​ពី​បំណង​ទៅ​ទស្សនា​បង្គោល​ព្រំដែន​ក្នុង​រដូវក្តៅ​នេះ​។​

លោក​និយាយថា​ “ខ្ញុំ​មិន​ធ្លាប់​ទៅ​ទេ ប៉ុន្តែនៅ​ខែ​១១ ​ឆ្នាំនេះ​ខ្ញុំ​នឹង​ទៅ​”។ លោកបន្តថា “ផ្លូវ​ពី​ខាងយើង​ពិបាក​ចូល​ណាស់ ជាពិសេស​រដូវវស្សា”។

លោក​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​ នៃ​ការ​កែលម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ដើម្បី​ធ្វើឱ្យ​គោលដៅ​ទាំងនោះ​ កាន់តែ​ងាយ​ស្រួល​ប្រើប្រាស់​។​

លោក ភិរម្យ បាន​បញ្ជាក់ថា “ខ្ញុំ​គាំទ្រ​ឱ្យបង​ប្អូន​យើង​ទៅលេង​បាន​ច្រើន ​ស្គាល់​ពី​សក្តានុពល​តំបន់​ទេសចរណ៍ ​ប្រទេស​យើង។ អ្វីដែល​សំខាន់​គឺ​ហេដ្ឋារចនា​សម្ព័ន្ឋ​នេះ ​ហើយ​ដែល​បង្ក​ភាព​ងាយស្រួល​ដល់​ភ្ញៀវទេសចរ​ទៅលេង”។

លោក ថុន ស៊ូខុន អនុប្រធាន​ការិយាល័យ​ឧទ្យានជាតិ​វរជ័យ​ បាន​និយាយថា បច្ចុប្បន្ន​នេះ ផ្លូវ​ដែល​កសាង​ឡើង​អំឡុងពេល​ក្រុមហ៊ុន​ ដីសម្បទាន​ធ្លាប់​ដំណើរការ​នោះ បាន​ខូចខាត​ទាំង​ស្រុង​ ដោយសារ​ធម្មជាតិ​ ហើយ​គ្មាន​នរណា​អាច​ឆ្លង​កាត់​តំបន់​នោះ​បាន​ឡើយ​។

លោកបានបញ្ជាក់ថា “មិន​មាន​ភ្ញៀវ​ទេសចរ​ណ៍ ទៅ​លេង​តំបន់​នោះទេ ដោយសារ​វាជា​តំបន់​ដី​សម្បទាន​ មិន​មែនជា​តំបន់​ទេសចរណ៍​”។ លោកបន្តថា “បច្ចុប្បន្ន​នេះ ភ្ញៀវ​ទេសចរ​ទៅលេង​តំបន់​វាល​ធំ ដែល​ចំណាយ​ពេល​ជិះម៉ូតូ​កែច្នៃ​៥-៦ម៉ោង ហើយបើការធ្វើដំណើរដោយ​ថ្មើរ​ជើង ​អាច​ចំណាយ​ពី១២ ទៅ១៥ម៉ោង”៕ ភ្នំពេញប៉ុស្ត៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here