ដោយ វុត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានឹងប្រកាសដាក់ចេញនូវកំណែទម្រង់សេដ្ឋកិច្ច ដែលមានចក្ខុវិស័យយូរអង្វែង ដើម្បីឈានឆ្ពោះទៅរកដង្ហើមដកចេញចូល និងរស់ដោយខ្លួនឯង ដោយគ្មានការកៀបសង្កត់ពីបរទេស។

សម្តេចតេជោបានប្រកាសបែបនេះ នៅលើទំព័រហ្វេសបុកផ្លូវការរបស់សម្តេច នៅថ្ងៃទី២០ ខែមីនានេះថា នៅថ្ងៃទី២៩ មីនា ២០១៩ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជានឹងប្រកាសចេញ នូវកំណែទម្រង់សេដ្ឋកិច្ចដែលមានចក្ខុវិស័យយូរអង្វែង ដើម្បីឈានឆ្ពោះទៅរកដង្ហើមដកចេញចូល និងរស់ដោយខ្លួនឯង ដោយគ្មានការកៀបសង្កត់ពីបរទេស។
សម្តេចបន្តថា “កំណែទម្រង់នេះ នឹងមិនរងផលប៉ះពាល់ដោយកត្តាខាងក្រៅនោះទេ។ ប៉ុន្តែនឹងផ្តល់នូវភាពអនុគ្រោះ និងផលប្រយោជន៍កាន់តែច្រើន ដើម្បីលើកទឹកចិត្តដល់វិស័យឯកជន ដែលជាឱកាសដ៏ល្អ សម្រាប់វិនិយោគគិន និងពាណិជ្ជករទាំងក្នុងស្រុក និងមកពីបរទេស”។
សម្តេចបន្ថែមថា កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើកំណែទម្រង់ជាបណ្តើរៗមួយចំនួនហើយ ដើម្បីសម្រួលអោយការនាំទំនិញចូលមកកម្ពុជា មានល្បឿនលឿន មិនចំណាយលើតុ ក្រោមតុច្រើន ដូចជា ការរំលាយចោលអង្គភាពកាំសាប ដកចេញកាំកុងត្រូល និងមិនចាំបាច់តម្រូវអោយស្កែន (Scan) ទំនិញនាំចូល។
ប៉ុន្តែក្នុងករណីដែលយើងសង្ស័យថាមានគ្រឿងញៀន គឺអាចស្កែនបាន ប៉ុន្តែត្រូវធ្វើអោយបានលឿន និងឆាប់រហ័សបំផុត ដើម្បីកុំអោយខកពេលវេលា និងខាតបង់ប្រាក់កាសក្រុមហ៊ុនច្រើន។ ចំពោះការនាំចេញវិញ បើស្កែន គឺធ្វើចំពោះប្រទេសណាដែលគេតម្រូវអោយស្កែនតែប៉ុណ្ណោះ។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបាន បានឲ្យដឹងថា ការដាក់ចេញនូវកំណែទម្រង់ថ្មីរបស់រដ្ឋាភិបាលនេះ នឹងជួយដល់ការរីកចម្រើននៅក្នុងប្រទេសកម្ពុជា និងជាផលចំណេញហិរញ្ញវត្ថុរបស់ជាតិផងដែរក្នុងការយកទៅអភិវឌ្ឍប្រទេស និងជួយដល់ពលរដ្ឋ។ អ្វីដែលរដ្ឋាភិបាលរំលាយចោលអង្គភាពកាំសាប, ដកចេញកាំកុងត្រូលជាដើម គឺជាការដកនូវនាំងនូវការនាំចូល និងនាំចេញរបស់វិនិយោគិនមានលក្ខណៈងាយស្រួលមួយកម្រិតទៀត។

លោកបន្តថា “ប្រទេសមួយចំនួននៅលើពិភពលោក ក៏គេគិតផងដែរទៅលើវិស័យណាដែលជារនាំង ឬការិយាល័យធិប្បតេយ្យ ដែលត្រូវបានគេសម្រួលដើម្បីនាំចេញនាំចូល និងការការលើកទឹកចិត្តដល់វិនិយោគិន”។ លោកបន្តថា “ចាប់ពីពេលនេះឬទៅមុខទៀត រដ្ឋាភិបាលក៏គួរតែគិតផងដែរដល់ស្ថាប័នណាដែលជាន់គ្នា ជៀសវាងការរេរាំងដល់ការវិនិយោគ និងបាត់បង់ពេលវេលា និងចំណូលរបស់វិនិយោគិន ព្រមទាំងជាការទាក់ទាញវិនិយោគិនជាច្រើនផ្សេងទៀតមកវិនិយោគក្នុងប្រទេសកម្ពុជា”។
លោកបានរំពឹងថា រដ្ឋាភិបាលនឹងបន្តគិតគូដល់ការកំណែទម្រង់ផ្សេងៗទៀតដើម្បីទាក់ទាញមូលធនថ្មី តាមរយៈលំហូរទុនវិនិយោគផ្ទាល់មកចាក់នៅក្នុងប្រទេសកម្ពុជា តែបើយើងគ្មានវិនិយោគិនថ្មី យើងគ្មានលុយថ្មី ហើយក៏គ្មានកំណើនសេដ្ឋកិច្ចផងដែរ”៕






