ដោយ វុត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានប្រកាសបញ្ជាទិញកប៉ាល់ផលិតអគ្គីសនីពីប្រទេសទួរគី ដែលអាចផ្តល់ភ្លើងប្រើប្រាស់បានប្រមាណ ២០០មេហ្កាវ៉ាត់ ដើប្បីឆ្លើយតបទៅនៅនឹងកង្វះខាត នៃការប្រើប្រាស់អគ្គិសនីរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា។
នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីជាង ១ម៉ឺននាក់ នៅខេត្តពោធិ៍សាត់ជំនួបនៅថ្ងៃទី២០ ខែមីនា ២០១៩នេះ សម្តេចតេជោបានឲ្យដឹងថា កម្ពុជាត្រូវការរោងចក្រអគ្គីសនី ដែលប្រើប្រាស់បច្ចេកវិទ្យាថ្មីទំនើបនាពេលអនាគត ដើម្បីយកមកផ្គត់ផ្គង់ក្នុងទីក្រុង ទម្រាំមានរោងចក្រផលិតអគ្គីសនីថ្មីថែមទៀត ចាំដកកប៉ាល់ទួរគី ចេញវិញ។
សម្តេចបន្តថា “ទោះបីយើងទិញកប៉ាល់ផលិតអគ្គីសនីពីតួគីថ្លៃបន្តិចមែន ប៉ុន្តែប្រជាពលរដ្ឋមិនទទួលផលប៉ះពាល់ដោយសារថ្លៃភ្លើងទេ”។ សម្តេចបន្ថែមថា “កម្ពុជានឹងប្រឈមនូវកង្វះខាតភ្លើងប្រើប្រាស់ ដោយសារតម្រូវការកាន់តែខ្ពស់ដូចជានៅទីក្រុងភ្នំពេញ, សៀមរាប និងក្រុងព្រះសីហនុជាដើម ដែលពីមុនប្រើប្រាស់តែជាង២០ មេហ្កាវ៉ាត់ ប៉ុន្តែពេលនេះគឺត្រូវការភ្លើងជាង១០០មេហ្កាវ៉ាត់”។
ជាក់ស្តែងវិស័យសំណង់គឺបានកើនឡើងជាង៧០០% បើប្រៀបធៀបក្នុងខែ មករា និង កុម្ភះឆ្នាំទៅ។ ចំណុចហ្នឹងហើយដែលយើងការភ្លើងប្រើប្រាស់កាន់តែច្រើន ដែលខុសពីការព្យាករណ៍របស់រាជរដ្ឋាភិបាលកាលពីមុន។
សម្តេចតេជោហ៊ុន សែន បានជំរុញអោយក្រសួងរ៉ែ និងថាមពល សហការជាមួយអាជ្ញាធរអគ្គិសនីកម្ពុជា ជ្រើសរើសយករោងចក្រផលិតអគ្គិសនី ដែលមានលក្ខណៈបច្ចេកវិទ្យាទំនើប ដូចជា រោងចក្រដែលប្រើប្រាស់ហ្គាស (Gas) ដែលប្រសើរជាងធ្យូងថ្ម ព្រោះយូរទៅវាមានតម្លៃកាន់តែខ្ពស់ដែលបង្កការលំបាក។ ដូច្នេះយើងត្រូវការរោងចក្រផលិតអគ្គិសនីបែបទំនើបសម្រាប់កម្ពុជានាពេលអនាគត។






