ដោយៈ គង់ សូរិយា
បន្ទាយមានជ័យៈ ស្ថិតនៅព្រំប្រទល់កម្ពុជា ថៃ ទីក្រុងប៉ោយប៉ែត បាននិងកំពុងរះឡើងក្នុងសញ្ញាវិជ្ជមាន ជាមួយនឹងកំណើនប្រជាសាស្រ្ត និងលំហូរចូលនៃទុនវិនិយោគពីបរទេស។
ជាទីក្រុងតូចមួយ ដែលបច្ចុប្បន្នមានមនុស្សរស់នៅ ប្រមាណ២០ម៉ឺននាក់។ ទីក្រុងនេះមានសភាពរសរវើកទាំងពេលថ្ងៃ និងពេលរាត្រី។
-->
ក្នុងដំណើរសិក្សាស្វែងយល់ រយៈពេល២ថ្ងៃមួយយប់ នៅទីក្រុងនេះ អគ្គនាយកគេហទំព័រ Propertyarea.asia បានមើលឃើញចក្ខុវស័យដ៏វែងឆ្ងាយរបស់ទីក្រុងនេះ ជាមួយនឹងល្បឿននៃការអភិវឌ្ឍយ៉ាងលឿន ដោយអាគារកំពស់ចាប់ពី៥ដល់ជាង៣០ជាន់ រាប់រយបាននិងកំពុងសាងសង់ ស្របពេលផ្សារាត្រីនៅទីក្រុងនេះ មានសភាពរសរវើកដូចទីក្រុងបាងកក ប្រទេសថៃ ដែលអាជីវករនានាញញឹម និងបន្តលក់ដូរទំនិញរបស់ពួកគេរហុតដល់ម៉ោង២ទៅម៉ោង៣ទាបភ្លឺ។

បច្ចុប្បន្នទីក្រុងនេះ មានកាស៊ីណូចំនួន២០ មានហាងកាហ្វេទំនើបៗដូចជា Starbuck, Brown , ផ្សារទំនើបBic C និងសំណង់អាគារ ដែលបានសាងសង់បញ្ចប់ និងកំពុងសាងសង់ទាំងយប់ទាំងថ្ងៃជាច្រើនអាគារទៀត។
ប៉ុន្តែបញ្ហាប្រឈមចំនួន៣ គឺផ្លូវ ទឹក និងអគ្គិសនី បាននិងកំពុងក្លាយជាឧបសគ្គចំបង សម្រាប់ជម្រុញជាកំលាំងចលកររបស់អ្នកអភិវឌ្ឍន៍នៅទីក្រុងនេះ។

ប្រធានសមាគមសហគ្រិន សារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA) លោកយិន លាងគង់ បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី៦ សីហាបានមានប្រសាសន៍ឲ្យដឹងថា លោកបានទៅទស្សនាទីក្រុងនេះ កាលពីសប្តាហ៍កន្លងមកនេះផងដែរ។ ទីក្រុងដែលពោរពេញ ដោយដើមត្រែងកាលពីអតីតកាល បានជំនួសមកវិញនូវសំណង់អាគារតូច ធំ ខ្ពស់ៗ ជាមួយភោជនីយដ្ឋាន ហាងទំនើបៗ មិនចាញ់បណ្តាទីក្រុង ដែលមានសភាពរីកចម្រើននានាប៉ុន្មានឡើយ។
លោកបន្តថា “ការសាងសង់អាគារខ្ពស់ៗពី២០ ទៅ៤០ជាន់ជាង បាននិងកំពុងត្រៀមចាប់ផ្តើមបន្តទៀត ដែលធ្វើឲ្យមុខមាត់ទីក្រុងនេះ កាន់តែលេចត្រដែតនៅឯនាយប្រទេស”។ លោកបន្តថា “ការរីកចម្រើននេះ មិនអាចកាត់ផ្តាច់ចេញពីការគាំទ្ររបស់រដ្ឋាភិបាលឡើយ ស្របពេលទីក្រុងនេះត្រូវការការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ ផ្លូវថ្នល់ឲ្យមានភាពប្រសើរជាងមុន មានប្រព័ន្ឋផ្គត់ផ្គង់ទឹកស្អាតគ្រប់គ្រាន់ និងការផ្គត់ផ្គង់អគ្គិសនីមានស្ថេរភាព”។

លោកយិន លាងគង់បានបន្តថា បញ្ហាទឹកស្អាតកំពុងចោទជាបញ្ហាប្រឈមធំ ដោយក្រុមហ៊ុនផ្គត់ផ្គង់ទឹក សម្រាប់ប្រជាពលរដ្ឋរស់នៅទីក្រុងនេះប្រើប្រាស់ ពោរពេញដោយភាពគ្មានអនាម័យ និងស្តង់ដា ដោយសារក្រុមហ៊ុនផ្គត់ផ្គង់ទឹកក្នុងទីក្រុងនេះ បានបង្ហូរទឹកឆៅ ដែលមិនឆ្លងកាត់អាងប្រព្រឹត្តកម្មឲ្យប្រជាជនប្រើប្រាស់ ដែលជាលទ្ឋផលហ្វូងដង្កូវ ស្លែ ក្លិនស្អូយ និងមេរោគផ្សេងៗ បានបង្ហូរចួលផ្ទះប្រជាពលរដ្ឋស្ទើរមិនគួរឲ្យជឿ។
ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មក្នុងទីក្រុងនេះ បាននិងកំពុងសំណូមពរឲ្យប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចធិបតីជាប្រមុខ សូមជួយពិនិត្យ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងបីខាងលើ ដើម្បីឲ្យទីក្រុងនេះទាក់ទាញ បានការវិនិយោគកាន់តែច្រើន និងផ្តល់ឲ្យប្រជាពលរដ្ឋ នូវស្នាមញញឹមប្រកបដោយវិបុលភាព៕
