កម្ពុជាក្លាយជាប្រភពប្រាក់ចំណូលខ្ពស់បំផុតរបស់ក្រុមហ៊ុនចម្រាញ់ប្រេងOR

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុន PTT Oil & Retail Business (OR) កំពុងបោះទុនចំនួន៨ពាន់លានបាត (ប្រហែល២២៥,៩លានដុល្លារ) ដើម្បីពង្រីកអាជីវកម្មនៅបរទេស ខណៈក្រុមហ៊ុនមួយនេះ ខិតខំព្យាយាមបង្កើនការប្រកួតប្រជែង នៅក្នុងទីផ្សារពិភពលោក។

លោក Disathat Panyarachun នាយកប្រតិបត្តិក្រុមហ៊ុន OR បានមានប្រសាសន៍ឱ្យដឹងថា ក្រុមហ៊ុនកំពុងផ្តោតលើការពង្រីកស្ថានីយ៍ PTT និងសាខា Café Amazon នៅក្នុងប្រទេសឡាវ កម្ពុជា វៀតណាម និងហ្វីលីពីន។

-->

លោកបន្ថែមថា “ក្រុមហ៊ុនរកប្រាក់ចំណូល បានខ្ពស់បំផុតពីកម្ពុជា តាមពីក្រោយដោយហ្វីលីពីន និងឡាវ”។

លោកបន្តថា “OR បានវិភាជន៍ដើមទុន៨ពាន់លានបាតដើម្បីពង្រីកអាជីវកម្ម នៅក្នុងប្រទេសទាំងនេះ ក្នុងរយៈពេល៥ឆ្នាំចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ ឬស្មើនឹងចំណែក១២ភាគរយនៃទុនវិនិយោគសរុប។ ការណ៍នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការធានានូវកំណើន ប្រកបដោយនិរន្តរភាពនៅក្នុងទីផ្សារពិភពលោក”។

ក្រុមហ៊ុនបានផ្តោតការយកចិត្តទុកដាក់ ជាពិសេសចំពោះប្រទេសកម្ពុជា។

លោកបានលើកឡើងថា កម្ពុជាប្រៀបដូចជា “ផ្ទះទី២”របស់យើង និងមានសក្តានុពល ក្នុងការជួយដល់ក្រុមហ៊ុនបុត្រសម្ព័ន្ធ Thai Oil របស់យើង។ ក្រុមហ៊ុននេះ នឹងមានសមត្ថភាពចម្រាញ់ប្រេងចន្លោះពី២៦ម៉ឺនបារ៉ែល ដល់៤០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃក្នុងរយៈពេល២ឆ្នាំខាងមុខ។

លោក​Disathat បាន​បន្ត​ទៀតថា​ “កម្ពុជា​មិន​មាន​រោងចក្រ​ចម្រាញ់​ប្រេង​ទេ។ ដូច្នេះ​ កម្ពុជាត្រូវ​នាំ​ចូល​ប្រេងឥន្ធនៈ​ពីក្រៅប្រទេស”។ ​លោក​បន្ថែម​ថា​ ក្រុមហ៊ុន​នឹង​ផ្តោត​លើ​ការ​វិនិយោគ​សាងសង់ឃ្លាំង​ស្តុកប្រេង​ និង​ប្រេង​ចាក់យន្តហោះ ​ដើម្បី​បំពេ​ញ​តម្រូវការ​នៅកម្ពុជា។

លើសពីនេះ ក្រុមហ៊ុន OR ក៏គ្រោងបង្កើនការវិនិយោគនៅក្នុងប្រទេសមីយ៉ាន់ម៉ា ព្រោះវិស័យលក់រាយ នៅមីយ៉ាន់ម៉ាមានសក្តានុពលខ្ពស់។  ទោះជាយ៉ាងណា ក្រុមហ៊ុនកំពុងកែសម្រួ​លយុទ្ធសាស្រ្តអាជីវកម្មរបស់ខ្លួន នៅក្នុងទីផ្សារប្រទេសចិន ដោយសារតែលក្ខខណ្ឌ នៃការប្រកួតប្រជែងខ្ពស់៕ប្រភព: The Nation៕