រដ្ឋាភិបាលអនុម័តគំរោងវិ​និយោគ​មានទឹកប្រាក់ជិត៤០០លានដុល្លារក្នុងខែកក្កដា

ចែករំលែក

ដោយៈ គង់ សូរិយា

ភ្នំពេញៈ គម្រោងវិនិយោគចំនួន៤៤បន្ថែមទៀត ដែលមានទុនវិនិយោគ សរុបប្រមាណ៣៩៦លានដុល្លារ ត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែកក្កដា ឆ្នាំ២០២៤។

យោងតាមសេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងបន្តថា ក្នុងខែកក្កដា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន៤៤នេះ ក្នុងនោះ៤១គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៣៩៦លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ២៥ពាន់កន្លែង។

ក្នុងចំណោមគម្រោងវិនិយោគសរុបនេះ គម្រោងវិនិយោគដែលមាន ទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន៣១គម្រោង និងគម្រោងវិនិយោគ មានទីតាំងស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន១៣គម្រោង ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបញ្ជាក់ថា គម្រោងវិនិយោគ ដែលមានភាពលេចធ្លោ ជាងគេប្រចាំខែកក្កដារួមមាន ទី១.គម្រោងពង្រីកផលិតកម្ម របស់គម្រោងវិនិយោគ បង្កើតរោងចក្របោកគក់ ជ្រលក់ពណ៌ និងបោះពុម្ព ដែលមានទីតាំងស្ថិតនៅភូមិក្រាំងទា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគ បន្ថែមប្រមាណ២១លានដុល្លារ និងអាចបង្កើតការងារបន្ថែមបានចំនួន៧៤កន្លែង (ក្រៅតំបន់សេដ្ឋកិច្ចពិសេស) ។

២.គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង ដែលមានទីតាំង ស្ថិតនៅភូមិអូរជ្រៅភូមិផ្លោង ឃុំបឹងព្រាវ និងភូមិឈើនាងនៃឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងទុន វិនិយោគចំនួន១០០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៣១កន្លែង (ក្នុងតំបន់សេដ្ឋកិច្ចពិសេស) ។

ទី៣.គម្រោងវិនិយោគ បង្កើតរោងចក្រផលិតសារធាតុកែច្នៃចំណីអាហារ (Galatin) ដែលមានទីតាំង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង ក្នុងទុនវិនិយោគប្រមាណជាង ២៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន១៩៤កន្លែង (ក្នុងតំបន់សេដ្ឋកិច្ចពិសេស) ។

កាលពីខែកក្កដា ឆ្នាំ២០២៤នេះ ការវិនិយោគមកពីប្រ​ទេសចិន ស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក៦៨,០៦%នៃទុនវិនិយោគសរុប ខណៈការវិនិយោគក្នុងស្រុក គ្របដណ្តប់ ១៤,២៤% នៃទុនវិនិយោគសរុប៕


ចែករំលែក