ដោយៈ គង់ សូរិយា
ភ្នំពេញៈ ការងារពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ សម្រេចបានជាង៩០ភាគរយហើយ គិតរហូតមកទល់ពេលនេះ។
ព៌តមាននេះ ត្រូវបានបញ្ជាក់ឲ្យដឹងកាលពីព្រឹកថ្ងៃទី៧ សីហា ក្នុងឱកាសលោកប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំ ក្រុមការងារចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពគំរោងនេះ។
-->
បេសកកម្មនាឱកាសនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យមើលស្ថានភាពសាងសង់ និងការងារបច្ចេកទេស ធានាឱ្យបានថាគម្រោងផ្លូវជាតិលេខ៣៣ អនុវត្តទៅតាមលក្ខណៈបទដ្ឋានត្រឹមត្រូវ ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង។

លោករដ្ឋលេខាធិការ បានធ្វើការណែនាំដល់ក្រុមហ៊ុនសាងសង់ ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការអនុវត្តការងារឱ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ។
បេសកកម្មលើកនេះ ក្រុមការងារបានចុះពិនិត្យទីតាំងចាក់បេតុង ការដ្ឋានស្ពានក្បាលរមាស ប្រឡាយតាមដងផ្លូវ និងទីតាំងផ្លូវថ្មើរជើង ត្រង់រង្វង់មូលសេះស ស្ថិតក្នុងខេត្តកែប និងសកម្មភាពអ៊ុតគំនូស ចរាចរណ៍នៅលើទ្រូងផ្លូវ ដើម្បីធានាឱ្យបានគុណភាពត្រឹមត្រូវតាមស្តង់ដារសុវត្ថិភាព។

គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។
គម្រោងនេះ មានប្រវែងប្រមាណ៥២,៥៧គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្ត ក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប គ្រប់គ្រងដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន៕
