ក្រុមហ៊ុន​មួយ​របស់​លោក ​Jack Ma ​ចាប់​ផ្ដើម​ចូល​មក​វិនិយោគ​នៅកម្ពុជា

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ បាន​ប្រកាស​ស្វាគមន៍​ និង​គាំទ្រ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ Shenzhen​ 4PX​ Express​ ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ Alibaba​ Cainiao​ Logistics​ Group​ ដើម្បី​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ (E-Commerce​) ឆ្លងកាត់​ព្រំដែន​នៅក្នុង​ប្រទេស​កម្ពុជា​ និង​បង្កើត​កាលានុវត្ត​ភាព​ធុរកិច្ច​ សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ដើម្បី​ពង្រីក​ការនាំចេញ​។

នៅក្នុង​ជំនួប​ជាមួយ​ប្រតិភូ​ក្រុមហ៊ុន​ Shenzhen​ 4PX​ Express​ និង​តំណាង​អង្គការ​ UNDP​ ប្រចាំ​នៅ​កម្ពុជា​ កាលពី​ថ្ងៃទី២០​ ខែមីនា​ម្សិលមិញ​នេះ​ លោក​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ក៏បាន​ជំរុញ​ក្រុមហ៊ុន​ Shenzhen​ 4PX​ Express​ ធ្វើការ​បោះទីតាំង​នៅក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​បង្កើត​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្នែក​ទន់​ (ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ និង​ផ្ទេរ​ចំណេះដឹង​) សម្រាប់​គាំទ្រ​ប្រតិបត្តិ​ការ​ E-Commerce​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​ ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ ដំណាក់កាល​ទី៤​ របស់​រាជរដ្ឋាភិបាល​។

លោក​រដ្ឋមន្ត្រី​ បាន​ស្នើ​ក្រុមហ៊ុន​ Shenzhen​ 4PX​ Express​ ពិចារណា​ចាប់ដៃ​គូ​ ជាមួយ​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា​ ដើម្បី​ជំរុញ​វត្តមាន​ផលិតផល​ខ្មែរ​ ដូចជា​ទំនិញ​កសិកម្ម​ គ្រឿង​ចម្លាក់​ពី​ដៃ​ វត្ថុ​អនុស្សាវរីយ៍​ ផ្លែឈើ​ស្រស់​ និង​ម្ហូបអាហារ​ នៅ​លើ​ទីផ្សារ​អន​ឡាញ​ ជាពិសេស​ Alibaba​ ដែល​ជា​គេហទំព័រ​បោះ​ដុំ​ទំនិញ​ធំ​បំផុត​ នៅក្នុង​ប្រទេស​ចិន​ និង​លើ​ពិភពលោក ដែលមានលោក Jack Ma ជាសហស្ថាបនិក និងជាមេធំ​។

លោក​រដ្ឋមន្ត្រី​ ក៏បាន​ជម្រាប​ជូន​ក្រុមហ៊ុន​ Shenzhen​ 4PX​ Express​ អំពី​កិច្ចប្រឹងប្រែង​របស់ក្រ​សួង​ពាណិជ្ជកម្ម​ ក្នុង​ការជំរុញ​វិស័យ​ E-Commerce​ តាមរយៈ​ការ​ពន្លឿន​ច្បាប់​ស្តី​ពី​ E-Commerce​ និង​យុទ្ធសាស្ត្រ​វិស័យ​នេះ​ ការ​កសាង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​វប្បធម៌​កម្ពុជា​ នៅ​តាម​ទី​ក្រុង​ធំៗ​ក្នុង​ប្រទេស​ចិន​ និង​ការ​ធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​ (CTIS​) ជំនាន់​ទី៤​ ជាដើម​។

លោក​ KEVIN​ Yue​ Li​ ស្ថាបនិក​ក្រុមហ៊ុន​ Shenzhen​ 4PX​ Express​ ​បាន​ប្តេជ្ញា​ចូលរួម​អភិវឌ្ឍន៍​វិស័យ​ E-Commerce​ ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​ និង​រាជរដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​ការ​ចាប់ដៃ​គូ​ ជាមួយ​អង្គការ​ UNDP​ និង​ក្រុមហ៊ុន​ក្នុង​ស្រុក​ ព្រមទាំង​ការ​កសាង​ស្ថានីយ​មួយ​ ដែល​សហគ្រាស​ធុន​តូច​ និង​មធ្យម​ អាច​ទម្លាក់​ផលិតផល​របស់​ខ្លួន​ ដើម្បី​ក្រុមហ៊ុន​លក់​ និង​ចែកចាយ​ទៅកាន់​ទីផ្សារ​ក្នុង​តំបន់​ និង​ពិភពលោក​។

ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​កាលពី​ពេល​ថ្មី​ៗនេះ​ ក៏បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ និង​កិច្ច​ព្រមព្រៀង​សហ​ហិរញ្ញប្បទាន​ រវាង​ UNDP​ ជាមួយ​ក្រុមហ៊ុន​ SHENZHEN​ 4PX​ EXPRESS​ CO​., LTD​ លើ​គម្រោង​ “ផ្សារភ្ជាប់​ប្រទេស​កម្ពុជា​៖ រួមគ្នា​ឆ្ពោះទៅ​រក​សេដ្ឋកិច្ច​ឌីជីថល​” ដើម្បី​ជំរុញ​ និង​លើកកម្ពស់​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ឆ្លងដែន​ ដោយមាន​មូលដ្ឋាន​ទីផ្សារ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​អភិវឌ្ឍ​សមត្ថភាព​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​នៅក្នុង​តំបន់​ ដើម្បី​បង្ហាញ​ពិភពលោក​ពី​ផលិតផល​របស់​ខ្លួន​តាមរយៈ​វេទិកា​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​សកល​របស់​ក្រុមហ៊ុន​ Alibaba​ ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​ 4PX​ Epress​៕

LEAVE A REPLY

Please enter your comment!
Please enter your name here