ឡាវអនុម័តគម្រោងផ្លូវល្បឿនលឿនដំណាក់កាលទី៤ចេញពីទីក្រុងហ្លួងព្រះបាង ទៅកាន់ច្រកព្រំដែនឡាវ-ចិន Boten

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: រដ្ឋាភិបាលឡាវ បានអនុម័តគម្រោងសាងសង់ផ្លូវល្បឿនលឿនឡាវ -ចិនដំណាក់កាលទី៤ ចេញពីទីក្រុងហ្លួងព្រះបាង និងខេត្តឧដុមសៃ (Oudomxay)ឆ្ពោះទៅកាន់ច្រកព្រំដែន Boten ដែលមានទីតាំងទល់មុខទីក្រុង Mohan ក្នុងខេត្តយូណានរបស់ប្រទេសចិន និងមានចម្ងាយពីគ្នាប្រមាណ៦៣គីឡូម៉ែត្រ។

ការអនុម័តនេះធ្វើឡើង បន្ទាប់ពីមានជំនួបរវាងលោក Fang Hong ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសឡាវ ជាមួយលោក Ngampasong Muongmany រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនឡាវ ដើម្បីពន្លឿនការសាងសង់គម្រោងនេះ។ នេះបើយោងតាមសារពត៌មាន Laotian Times។

ក្នុងជំនួបនេះ ភាគីទាំង២បានពិភាក្សាគ្នា លើបញ្ហាជាច្រើនទាក់ទង នឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសឡាវ និងបានបង្ហាញការឯកភាពគ្នា ក្នុងការ​ពន្លឿន​ការ​សាង​សង់​ផ្លូវ​ល្បឿន​លឿន រវាងឡាវ- ចិនបញ្ចប់ឱ្យបានឆាប់រហ័ស សំដៅស្វែងរកផលប្រយោជន៍រួម សម្រាប់ប្រទេសទាំង២។

ទោះជាយ៉ាងណាក្តី ប្រភពខាងលើមិនបានផ្តល់ព័ត៌មានលម្អិត អំពីពេលវេលាជាក់លាក់នៃការចាប់ផ្តើម និងការបញ្ចប់ការសាងសង់នៅឡើយនោះទេ ។

ផ្លូវល្បឿនលឿនឡាវ-ចិន មាន​ចម្ងាយ​សរុប​ប្រមាណ៤២៣គីឡូម៉ែត្រ។ ការសាងសង់​ចែកចេញ​ជា៤ ដំណាក់កាល ដោយក្នុងនោះ ដំណាក់កាល​ទី១ មាន​ចម្ងាយ១០៩គីឡូម៉ែត្រ​តភ្ជាប់ពី​ទីក្រុង​វៀងច័ន្ទ ទៅកាន់​ទីក្រុងវ៉ាងវៀង បានបញ្ចប់រួចរា ល់ បន្ទាប់ពីបើកការដ្ឋានសាងសង់ កាលពីខែធ្នូ ឆ្នាំ២០២០។

ដំណាក់កាលទី២ តភ្ជាប់ពីទីក្រុងវ៉ាងវៀង ទៅកាន់ទីក្រុងហ្លួងព្រះបាង មានចម្ងាយ១៣៧គីឡូម៉ែត្រ និងដំណាក់កាលទី៣ តភ្ជាប់ចេញពីទីក្រុងហ្លួងព្រះបាង ទៅកាន់ខេត្តឧដុមសៃ (Oudomxay) មានចម្ងាយ១១៤គីឡូម៉ែត្រ និងកំពុងស្ថិតក្នុងដំណាក់កាលត្រួតពិនិត្យ កិច្ចសន្យាសាងសង់នៅឡើយ៕

ប្រភព:Laotian Times

LEAVE A REPLY

Please enter your comment!
Please enter your name here