ដោយៈ គង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ បានបើកកិច្ចប្រជុំពិភាក្សាស្ដីពី ការត្រៀមរៀបចំទស្សនកិច្ចសិក្សាស្វែងយល់ និងផ្លាស់ប្ដូរបទពិសោធន៍អំពី ការគ្រប់គ្រង នីតិវិធីច្បាប់ បទដ្ឋានគតិយុត្ត និងការអភិវឌ្ឍវិស័យផ្លូវដែកទៅកាន់ប្រទេសថៃ។
កិច្ចប្រជុំ ដែលបានធ្វើឡើងកាលពីចុងសប្តាហ៍មុន ដឹកនាំលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ពីចម្ងាយពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួង-សា្ថប័នពាក់ព័ន្ធ តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្រុមការងារជំនាញបច្ចេកទេស និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង។
កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិនិត្យទៅលើប្រធានបទសំខាន់ៗមួយចំនួន ដែលត្រូវលើកយកទៅជជែក ពិភាក្សាជាមួយភាគីថៃ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើការដឹកជញ្ជូន ឆ្លងកាត់ច្រកព្រំដែនអន្តរជាតិ សំដៅពង្រឹងរំហូរ នៃការដឹកជញ្ជូនទំនិញ និងអ្នកដំណើរនៅតាមព្រំដែនអន្តរជាតិកម្ពុជា-ថៃ ឱ្យមានភាពល្អប្រសើរឡើង ជាពិសេស ដើម្បីសិក្សាស្វែងយល់បន្ថែមពីការលើកកម្ពស់ និងការតភ្ជាប់វិស័យដឹកជញ្ជូន តាមផ្លូវដែករវាងប្រទេសទាំងពីរ ក៏ដូចជាផ្លាស់ប្ដូរបទពិសោធន៍ រវាងគ្នាទៅវិញទៅមក សំដៅពន្លឿននូវការអនុវត្តកិច្ចព្រមព្រៀងស្ដីពី ការដឹកជញ្ជូនផ្លូវដែករវាងប្រទេសទាំងពីរ កម្ពុជា-ថៃ។
នៅក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូកម្ពុជាគ្រោងនឹងជួបសវនាការ និងសម្តែងការគួរសមផងដែរ ជាមួយក្រសួងដឹកជញ្ជូនថៃ និងជួបពិភាក្សាការងារ ជាមួយសហគ្រាសផ្លូវដែករដ្ឋថៃ ស្ថាប័នភ្នាក់ងារថៃផ្តល់ជំនួយ សម្រាប់ប្រទេសជិតខាង(NEDA) លេខាធិការដ្ឋានគម្រោង អភិវឌ្ឍន៍របៀងសេដ្ឋកិច្ចខាងកើត(EEC) ផែស្ងួតផ្លូវដែកឡាតក្រាបាំង(ICD) អង្គភាព និងវិស័យឯកជនដែលបម្រើឱ្យវិស័យផ្លូវដែកថៃ៕