ដោយៈ គង់ សូរិយា
ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្រ្តីពាក់ព័ន្ឋបានបើកកិច្ចពិភាក្សាទី២ ក្រោមប្រធានបទ “ការអភិរក្សប្រាសាទ ការគ្រប់គ្រងទឹកនិងព្រៃឈើ ការស្រាវជ្រាវប្រពៃណីទំនៀមទម្លាប់ កំណាយបុរាណវិទ្យា កិច្ចសហប្រតិបត្តិការអន្តរជាតិ និងICC-Angkor”។
កម្មវិធីកិច្ចពិគ្រោះយោបល់ស្ដីពី “ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ”នេះ បានពិនិត្យ និងពិភាក្សា អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា គណៈកម្មាធិការ ICC-Angkor លើកិច្ចការរក្សាតម្លៃលេចធ្លោជាសកល របស់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ តាមរយៈការថែរក្សា អភិរក្សបេតិកភណ្ឌរូបី និងបេតិកភណ្ឌអរូបី ដែលជាសមាសធាតុមិនអាចខ្វះបាននៃតំបន់ឧទ្យានអង្គរ ការគ្រប់គ្រងការសាងសង់ ក្នុងតំបន់ឧទ្យានអង្គរ ដើម្បីរក្សាឱ្យបាននូវបូរណភាព (Integrity) និងសភាពដើម (Authenticity) នៃអង្គរ។