ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (SIA) គ្រោងនឹងបង្កើនការបើកជើងហោះហើរ និងបង្កើនសមត្ថភាពផ្ទុកអ្នកដំណើរទៅកាន់ទីក្រុងទេសចរណ៍សំខាន់ៗនៅលើពិភពលោកចាប់ពីខែមីនាដល់ខែតុលាឆ្នាំ២០២៥ខាងមុខ។
តួយ៉ាង ក្រុមហ៊ុនគ្រោងបង្កើនជើងហោះហើរមកកាន់ខេត្តសៀមរាបរបស់កម្ពុជាពី១ដងក្នុងមួយថ្ងៃដល់២ដងក្នុងមួយថ្ងៃ ខណៈជើងហោះហើរទៅកាន់ទីក្រុងហូជីមិញ ប្រទេសវៀតណាមនឹងត្រូវបានបង្កើនពី១៩ដងក្នុងមួយសប្តាហ៍ដល់៣ដងក្នុងមួយថ្ងៃ។
-->
ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីក៏គ្រោងបើកសេវាកម្មហោះហើរចំនួន១ដងក្នុង១ថ្ងៃទៅកាន់អាកាសយានដ្ឋាន London Gatwick នៃប្រទេសអង់គ្លេស ចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ កើនឡើងពីសេវាកម្មហោះហើរចំនួន៥ដងក្នុងមួយសប្តាហ៍នាពេលបច្ចុប្បន្ន។
ការបើកជើងហោះហើរទៅកាន់ទីក្រុងរ៉ូមប្រទេសអុីតាលី ក៏នឹងកើនឡើងដល់៥ដងក្នុងមួយសប្តាហ៍នៅចន្លោះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ និងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ កើនឡើងពីជើងហោះហើរប្រចាំសប្តាហ៍ចំនួន៤ដងនាពេលបច្ចុប្បន្ន។
ក្រុមហ៊ុនអាកាសចរណ៍ខាងលើក៏គ្រោងនឹងធ្វើការតភ្ជាប់ជើងហោះហើរពីទីក្រុងសិង្ហបុរី ទៅកាន់ទីក្រុង Milan របស់អុីតាលី និងបន្តទៅកាន់ទីក្រុង Barcelona របស់ប្រទេសអេស្ប៉ាញ ចំនួន៣ដងក្នុងមួយសប្តាហ៍ចាប់ពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ដូចគ្នា។
ទន្ទឹមនឹងនេះ ការបើកជើងហោះហើរទៅកាន់អាកាសយានដ្ឋាន Narita នៃទីក្រុងតូក្យូ ប្រទេសជប៉ុន នឹងត្រូវធ្វើដំណើរតាមយន្តហោះ Airbus A380 នៅចន្លោះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ និងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។
ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី(SIA) បានបញ្ជាក់ថា យន្តហោះ A380 ក៏នឹងឈប់បើកដំណើរការទៅកាន់ទីក្រុងបុមបៃចាប់ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ និងទីក្រុង Delhi ចាប់ពីថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី២៧ ខែកក្កដា ហើយនឹងត្រូវបានដាក់ជំនួសមកវិញដោយយន្តហោះប្រភេទ Boeing 777-300ER។
ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី(SIA) បានគូសបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃច័ន្ទថា ចំណាត់ការនេះជាការគាំទ្រដល់កំណើនតម្រូវការខ្ពស់សម្រាប់ការធ្វើដំណើរតាមផ្លូវអាកាសទៅកាន់គោលដៅទេសចរណ៍ពេញនិយមមួយចំនួនលើពិភពលោក៕


ប្រភព: CNA