ដោយៈ គង់ សូរិយា
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជាបានអះអាងថថា ប្រទេសចិននឹងគាំទ្រដល់កម្ពុជា ក្នុងការអភិវឌ្ឍប្រទេសទៅតាមមាគ៌ារបស់ខ្លួន ហើយនឹងពង្រីកទីផ្សារ សម្រាប់ទំនិញកម្ពុជា ដើម្បីជំរុញការនាំចេញផលិតផលកម្ពុជា ទៅទីផ្សារចិនឲ្យបានកាន់តែច្រើន។
ថ្លែងនៅក្នុងកិច្ចពិភាក្សាស្ដីអំពី ដំណើរថ្មីនៃកំណែទម្រង់ប្រទេសចិន កាលានុវត្តភាពថ្មី នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន» រៀបចំឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី៩ ខែសីហានេះ លោក Wang Wenbinបានថ្លែងថា ចិននិងកម្ពុជាគឺជាមិត្តដែកថែប និងកំពុងកសាងប្រទេសទាំងពីរ ឲ្យទៅសហគមន៍ជោគវាសនារួមដែលប្រកបដោយ “គុណភាពខ្ពស់ ស្តង់ដារខ្ពស់ និងកម្រិតខ្ពស់”។
លោកបញ្ជាក់ថា “យើងនឹងចែករំលែកទីផ្សារ ជាមួយភាគីកម្ពុជា ដើម្បីជំរុញឲ្យការនាំចេញកាន់តែធំធេង ទៅកាន់ទីផ្សារនៃប្រទេសចិន និងទៅសហគ្រិននៃប្រទេសចិន ដើម្បីអភិវឌ្ឍប្រទេសកម្ពុជា និងជំរុញគម្រោងកាន់តែច្រើន ដូចជាតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ”។
កម្ពុជា ចិន មានទំនាក់ទំនងការទូតរយៈពេល៧៥ឆ្នាំមកហើយ។ ឆ្នាំ ២០២៤នេះ គឺជាឆ្នាំដំបូងនៃការអនុវត្តសហគមន៍ជោគវាសនារួមរវាងប្រទេសទាំងពីរ។
លោក Wang បានបន្តថា ចិនក៏នឹងសហការជាមួយប្រទេសកម្ពុជា លើការផ្លាស់ប្ដូរបទពិសោធន៍អភិបាលកិច្ច ដើម្បីដើរលើមាគ៌ាកែទម្រង់ តាមស្ថានភាពរបស់ប្រទេសរៀងខ្លួន។
លោកនិយាយថា “ភាគីចិននឹងផ្ដល់ការគាំទ្រ ដល់ភាគីកម្ពុជា ក្នុងការសម្រេចបាននូវមាគ៌ាអភិវឌ្ឍន៍ ដែលគោរពតាមស្ថានភាព និងឯករាជ្យភាពនៃប្រទេសកម្ពុជា”។ លោកបន្តថា “យើងនឹងចែករំលែកបទពិសោធន៍ កែទម្រង់ដើម្បីឲ្យយើងមានកិច្ចសហប្រតិបត្តិការកាន់តែវិជ្ជមាន ដើម្បីឲ្យការកសាងសហគមន៍ជោគវាសនារួមចិន និងកម្ពុជាកាន់តែធំធេង”។
លោកបន្តថា ចិននឹងសហការជាមួយប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ ដើម្បីតាមរយៈនយោបាយឈ្នះឈ្នះ ដើម្បីសន្តិភាព និងភាពរុងរឿងនៅលើពិភពលោក ជាពិសេសក្នុងពេលដែលពិភពលោក កំពុងប្រឈមជាមួយនឹងបញ្ហាជាច្រើន។
លោកបណ្ឌិតសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ទំនាក់ទំនងកម្ពុជាចិន មានតាំងពីមុនគ្រឹះសករាជ។ បច្ចុប្បន្ននេះ ប្រទេសទាំងពីរ មានចំណុចរួមជាច្រើន ដូចជាការតភ្ជាប់ដោយទន្លេមេគង្គ និងការហូរចូលនៃប្រពៃណីវប្បធម៌ចិនមកលើសង្គមកម្ពុជា តួយ៉ាងការប្រើចង្កឹះជាដើម។
លោកបន្តទៀតថា “នេះជាវប្បធម៌ ដែលចាក់ចូលជ្រៅដោយមិនដឹងខ្លួន ហើយកម្ពុជាក៏បានទទួល ដោយមិនបានដឹង”។ លោកបន្តថា “ការទទួលវប្បធម៌នេះ ធ្វើឲ្យមិត្តភាពរវាងប្រទេសទាំងពីរ កាន់តែមានការរីកច្រើនទ្វេឡើង”។
លោកក៏ស្នើឲ្យប្រព័ន្ធផ្សព្វផ្សាយចិន ជួយផ្សព្វផ្សាយអំពីកម្ពុជាផងដែរ ជាពិសេសសក្ដានុពលទេសចរណ៍ ដូចជាប្រាសាទអង្គរវត្ត ដែលលោកចាត់ទុកថា ជាមូលដ្ឋានគ្រឹះនៃវប្បធម៌របស់កម្ពុជា៕