ដោយៈ និស្ស័យ
កែបៈ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានចេញសេចក្ដីសម្រេចដាក់ឱ្យអនុវត្តបន្តលើគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរតេជោសន្តិភាពកែប” សម្រាប់សាធារណជននិងភ្ញៀវទេសចរទៅទស្សនាកំសាន្ត។
គម្រោងនេះ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប មានបណ្តោយប្រវែង២៧០០ម៉ែត្រ។ នេះបើតាមសេចក្ដីប្រកាសរបស់គណៈកម្មាធិការជាតិ គ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។
-->
យោងតាមសេចក្ដីប្រកាសបានឲ្យដឹងថា គម្រោងនេះនឹងត្រូវបានបន្ត លើការងារសាងសង់មួយចំនួនដូចជា៖ អភិវឌ្ឍឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ មានទទឹងប្រវែង៣០ម៉ែត្រ និងតំបន់សុវត្ថិភាព ហែលទឹកសមុទ្រកម្សាន្ត។ សាងសង់ជញ្ជាំងទប់ដីការពារឆ្នេរសមុទ្រ ធ្វើពីបេតុងអារម៉េស្របតាមបណ្តោយឆ្នេរសមុទ្រ ផ្លូវថ្មើរជើងចំនួន២គន្លង មានទទឹងប្រវែង៣ម៉ែត្រ ដោយមានផ្លូវសម្រាប់ជន មានពិការភ្នែកនៅចំកណ្តាលស្របតាមបណ្ដោយឆ្នេរសមុទ្រ ផ្លូវជិះកង់ចំនួន២តន្លង មានទទឹងប្រវែង៣ម៉ែត្រ ស្របតាមបណ្តោយឆ្នេរសមុទ្រ សួនច្បារមានទទឹងប្រវែងយ៉ាងតិច៥០ម៉ែត្រ ដោយត្រូវរៀបចំចាក់ខ្សាច់បំពេញបន្ថែម ស្របតាមស្ថានភាពដីរដ្ឋជាក់ស្ដែង តាមបណ្ដោយឆ្នេរសមុទ្រ) និងសាងសង់ចំណតរថយន្តសាធារណៈ និងបន្ទប់ទឹកសាធារណៈ និងការងារមួយចំនួនទៀត។
រាល់ការអនុវត្តគម្រោង ត្រូវគោរពនិងអនុវត្តឱ្យបានត្រឹមត្រូវ ស្របតាមលិខិតអនុញ្ញាត និងកិច្ចសន្យានៃការអនុវត្តគម្រោងប្លង់អភិវឌ្ឍរមណីយដ្ឋាន ឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “តជោសន្តិភាពកែប” សម្រាប់សាធារណជននិងទេសចរ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប របស់គណៈកម្មាធិការជាតិ គ្រប់គ្រងនិងអភិវឌ្ឍន៍ តំបន់ឆ្នេរសមុទ្រកម្ពុជា។
គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នឹងរៀបចំប្លង់លម្អិតសម្រាប់សាងសង់សួនច្បារសាធារណៈ និងដាំដើមឈើនៅលើដីចំណីឆ្នេរសមុទ្រ និងប្លង់លម្អិត សម្រាប់រៀបចំឆ្នេរខ្សាច់កម្សាន្ត សាធារណៈកម្រិតខ្ពស់ ព្រមទាំងសេចក្ដីណែនាំសម្រាប់ការអនុវត្ត ការប្រើប្រាស់ និងការថែរក្សាស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន៕
