តើការស្នាក់នៅសណ្ឋាគារក្នុងទីក្រុងធំៗនៅតំបន់អាស៊ានមានតម្លៃជាមធ្យមចំនួនប៉ុន្មានក្នុងមួយយប់?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិ ដែលធ្វើដំណើរចូលមកកាន់តំបន់អាស៊ាន បាននិងកំពុងស្ទុះងើបឡើងវិញ ដោយក្នុងនោះ វិស័យសណ្ឋារគារ ក៏ទទួលបានសន្ទុះពីការរីកចម្រើននៃទីផ្សារទេសចរណ៍ផងដែរ។

ខាងក្រោមនេះជាតម្លៃសណ្ឋាគារ ជាមធ្យមនៅក្នុងទីក្រុងចំនួន៣ ក្នុងតំបន់អាស៊ាននៅឆមាសទី១ ឆ្នាំ២០២៤នេះ។

ទី១: រដ្ឋធានីហាណូយ ប្រទេសវៀតណាម

នៅឆមាសទី១ ទីក្រុងហាណូយមានស្តុកសណ្ឋាគារ ដែលមានស្រាប់ សរុបចំនួន១១.១២០បន្ទប់ ចេញពីគម្រោងអភិវឌ្ឍន៍ចំនួន៦៧។ ចំនួនបន្ទប់សណ្ឋាគារផ្កាយ៥ ដែលមាននៅក្នុងស្តុកបានកើនឡើង៣ភាគរយ នៅត្រីមាសទី២ ខណៈចំនួនបន្ទប់សណ្ឋាគារផ្កាយ៤ បានធ្លាក់ចុះ៧%។ នេះបើយោងតាមរបាយការណ៍ពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills។

ដោយឡែក នៅក្នុងត្រីមាសទី២ អត្រាគ្របដណ្តប់ការស្នាក់នៅសណ្ឋាគារជាមធ្យម ក្នុងទីក្រុងហាណូយបានកើនឡើងដល់៦៧%។ តម្លៃបន្ទប់ជាមធ្យម បានកើនឡើង១១%នៅត្រីមាសទី២ បើធៀបនឹងឆ្នាំមុន ដល់ប្រមាណ២,៧៥លានដុង(ប្រហែល១០៨,៨០ដុល្លារ) ក្នុងមួយយប់។

ទី២: រាជធានីបាងកក ប្រទេសថៃ

អត្រាគ្របដណ្តប់ការស្នាក់នៅសណ្ឋាគារ ជាមធ្យមនៅទីក្រុងបាងកក ក្នុងឆមាសទី១ បានថយចុះបន្តិចមកនៅត្រឹម៧៥,២% បើធៀបនឹងអត្រា៧៥,៤% ក្នុងឆមាសទី២ ឆ្នាំមុន។នេះ​បើយោងតាមរបាយការណ៍ ពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman & Wakefield។

នៅឆមាសទី១ គេសង្កេតឃើញមានសណ្ឋាគារ បើកដំណើ​រការថ្មីចំនួន៣ទីតាំង ដែលមានចំនួន១.០៤៥បន្ទប់ ខណៈការស្នាក់នៅសណ្ឋារគារ នៅទូទាំងទីក្រុងបាងកក មានតម្លៃជាមធ្យមចំនួន៣.៦៧៥បាត (ប្រហែល១០២,៨៦ដុល្លារ)ក្នុងមួយយប់។

ទី៣: ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី

នៅឆមាសទី១ គម្រោងសណ្ឋាគារ ដែលបានបញ្ចប់ការសាងសង់រួចរាល់ និងបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ មានសរុបចំនួន៧២៥បន្ទប់ ដោយក្នុងនោះចំនួន៣២ភាគរយជាសណ្ឋាគារលំដាប់ផ្កាយ៣។ ចំនួន៤៦%ជាសណ្ឋាគារលំដាប់ផ្កាយ៤ ខណៈចំនួន២២%ទៀតជាសណ្ឋាគារលំដាប់ផ្កាយ៥។

យោងតាមរបាយការណ៍ ពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman & Wakefield បានឱ្យដឹងថា អត្រាគ្របដណ្តប់ការស្នាក់នៅសណ្ឋាគារ ជាមធ្យមនៅទូទាំងទីក្រុងហ្សាការតា បានស្ថិតក្នុងរង្វង់៦០ភាគរយ ខណៈតម្លៃស្នាក់នៅជាមធ្យម មានកម្រិតជាង១,២លានរូពៀ (ប្រហែល៧៤ដុល្លារ)ក្នុងមួយយប់៕

ប្រភព:Savills

LEAVE A REPLY

Please enter your comment!
Please enter your name here