តើដីឧស្សាហកម្ម ឃ្លាំង និងរោងចក្រនៅប្រទេសថៃមានតម្លៃលក់-ជួលបែបណា?

0

ដោយ: គង់ លាងហួរ

បាងកក: ទីផ្សារអចលនទ្រព្យឧស្សាហកម្ម នៅក្នុងប្រទេ សថៃ ដូចជាដីធ្លី ឃ្លាំង និងរោងចក្រកំពុងរីកចម្រើន ស្របពេលថៃ បានក្លាយជាគោលដៅវិនិយោគ របស់ក្រុមហ៊ុនផលិតកម្មធំៗ ជាពិសេសវិស័យរថយន្តអគ្គិសនី។

តួយ៉ាង ការផ្គត់ផ្គង់ដីឧស្សាហកម្ម ដែលមានស្រាប់ (SILPs) មានទំហំផ្ទៃក្រឡាសរុបចំនួន២១៥.០៣៧ រ៉ៃ(ប្រហែល៣៤.៤០៦ហិកតា)។ អត្រាដីឧស្សាហកម្ម ដែលគេទុកទំនេរចោលបានធ្លាក់ចុះ មកនៅត្រឹម៩,០៥%ក្នុងត្រីមាសទី២ បើធៀបនឹងអត្រា៩,៣% នៅក្នុងត្រីមាសទី១។

តម្លៃលក់ដីឡូតិ៍ឧស្សាហកម្មជាមធ្យម នៅប្រទេសថៃបានកើនឡើងដល់៧,២០លានបាត (ជាង២០ម៉ឺនដុល្លារ)ក្នុងមួយរ៉ៃ(១.៦០០ម៉ែត្រការ៉េ)ក្នុងត្រីមាសទី២ បើធៀបនឹង៧,១២លានបាតក្នុងមួយរ៉ៃក្នុងត្រីមាសទី១។ ការផ្គត់ផ្គង់ដីឧស្សាហកម្មថ្មីចំនួន១៥.២៣៥រ៉ៃ ត្រូវបានគេព្យាករណ៍ថា នឹងចាក់ចូលទៅក្នុងទីផ្សារចន្លោះពីឆ្នាំ២០២៤នេះ ដល់ឆ្នាំ២០២៦ខាងមុខ។

រីឯ ការផ្គត់ផ្គង់រោងចក្រ ដែលមានស្រាប់ក្នុងត្រីមាសទី២ មានទំហំផ្ទៃក្រឡាសរុប ចំនួន៣,២២លានម៉ែត្រការ៉េ។ អត្រារោងចក្រ ដែលគេទុកទំនេរចោលសរុប បានធ្លាក់ចុះពី១៦,៩%នៅត្រីមាសទី១ដល់១៦,៥% នៅក្នុងត្រីមាសទី២ ខណៈតម្លៃជួលរោងចក្រ ជាមធ្យមប្រចាំខែ បានបន្តស្ថិតនៅទ្រឹងត្រឹម១៩០បាត (ប្រហែល៥,៣០ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។

ចំណែក ការផ្គត់ផ្គង់ទីតាំងឃ្លាំងស្តុកទំនិញ (RBWs) បានកើនឡើង០,៤%  ដល់ទំហំផ្ទៃក្រឡាសរុប ចំនួន៥,៦៣លានម៉ែត្រការ៉េក្នុងត្រីមាសទី២ បើធៀបនឹង៥,៦១លានម៉ែត្រការ៉េក្នុងត្រីមាសទី១។ អត្រាចំនួនឃ្លាំង ដែលគេទុកទំនេរចោល សរុប បានកើនឡើងដល់២១,២៤% នៅក្នុងត្រីមាសទី២ បើធៀបនឹង២០,៩៥% ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ដូចគ្នា។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman&Wakefield។

តម្លៃជួលឃ្លាំងជាមធ្យម ក្នុងត្រីមាសទី២ ឆ្នាំនេះ បន្តស្ថិតនៅទ្រឹងត្រឹម១៥៤បាត (ប្រហែល៤,៣០ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។ ជាមួយគ្នានេះ គម្រោងសាងសង់ឃ្លាំងសម្រាប់ជួល ដែលមានទំហំផ្ទៃក្រឡា ចំនួន៧៤៩.៨៩០ម៉ែត្រការ៉េ កំពុងស្ថិតក្រោមការអភិវឌ្ឍន៍៕

ប្រភព: Cushman & Wakefield

LEAVE A REPLY

Please enter your comment!
Please enter your name here