ដោយ: គង់ លាងហួរ
ប៉េកាំង: ប្រទេសចិនបង្ហាញក្តីសង្ឃឹមថា តំបន់ Lancang-Mekong នឹងកំណត់ស្តង់ដារ សម្រាប់កិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវប្រកបដោយគុណភាពខ្ពស់ ដឹកនាំគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ត្រួសត្រាយគំនិតផ្តួចផ្តើម សន្តិសុខសកល និងជំរុញគំនិតផ្តួចផ្តើមអរិយធម៌សកល។
ក្នុងសុន្ទរកថាខាងលើ របស់អ្នកនាំពាក្យក្រសួងការបរទេសបានធ្វើឡើង ស្របពេលរដ្ឋមន្ត្រីការបរទេសលោក Wang Yi កំពុងបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៩ នៅប្រទេសថៃ ចាប់ពីថ្ងៃពុធ ដល់ថ្ងៃសៅរ៍សប្តាហ៍នេះ។
អ្នកនាំពាក្យបានបន្តថា ប្រទេសចិនសង្ឃឹមថា នឹងធ្វើការជាមួយបណ្តាប្រទេសជាប់ទន្លេមេគង្គ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស ដើម្បីពិនិត្យមើលវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ ចាប់យកបទពិសោធន៍កន្លងមក និងរៀបចំផែនការសម្រាប់ជំហានបន្ទាប់ដើម្បីជំរុញភាពជាដៃគូ។
យន្តការកិច្ចសហប្រតិបត្តិការមេគង្គ -ឡានឆាង បង្ហាញពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ តាមរយៈការពិគ្រោះយោបល់ និងការចែករំលែកអត្ថប្រយោជន៍ ដោយមានការចូលរួមពីប្រទេសចំនួន៦ រួមមានប្រទេសចិន កម្ពុជា មីយ៉ាន់ម៉ា ឡាវ ថៃ និងវៀតណាម។
អ្នកនាំពាក្យលើកឡើងថា ចាប់តាំងពីបើកដាក់ឱ្យដំណើរការនៅឆ្នាំ២០១៦ យន្តការកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ បានផ្តល់លទ្ធផលជាផ្លែផ្កា រួមចំណែកប្រកបដោយប្រសិទ្ធភាពដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម និងនាំមកនូវផលប្រយោជន៍ជាក់ស្តែង ដល់ប្រជាជនរបស់ប្រទេសទាំង៦។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា “ប្រទេសទាំងអស់នៅក្នុងមហាអនុតំបន់ទន្លេមេគង្គ បានចូលរួមក្នុងការកសាងសហគមន៍មួយមានអនាគតរួមគ្នា ទាំងក្នុងក្របខ័ណ្ឌទ្វេរភាគីជាមួយប្រទេសចិន និងពហុភាគីក្រោមយន្តការ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ”។
នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេស លោកWang ក្នុងនាមជាសមាជិកការិយាល័យ នយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន នឹងចូលរួមកិច្ចពិភាក្សាក្រៅផ្លូវការរជាមួយរដ្ឋមន្ត្រីការបរទេសឡាវ មីយ៉ាន់ម៉ា និងថៃ ដើម្បីផ្លាស់ប្តូរទស្សនៈគ្នាស្តីពី ស្ថានភាពក្នុងតំបន់ ការរួមគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងបញ្ហាផ្សេងៗទៀត។ នេះបើយោងតាមអ្នកនាំពាក្យ។
ទាក់ទិននឹងដំណើរទស្សនកិច្ចរបស់លោក Wang ទៅកាន់ប្រទេសមីយ៉ាន់ម៉ា អ្នកនាំពាក្យក្រសួងការបរទេសចិនបានគូសបញ្ជាក់ថា ដំណើរនេះមានគោលបំណង ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការទ្វេរភាគី ក្នុងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកក្នុងវិស័យផ្សេងៗ ពង្រឹងចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរ និងជំរុញការកសាងសហគមន៍ចិន-មីយ៉ាន់ម៉ាឱ្យមានអនាគតរួមគ្នា។
អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់បន្ថែមថា “ក្នុងនាមជាមិត្ត និងអ្នកជិតខាងរបស់មីយ៉ាន់ម៉ា ប្រទេសចិនអនុវត្តន៍ តាមយ៉ាងតឹងរ៉ឹងនូវគោលការណ៍ មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់មីយ៉ាន់ម៉ា ក្នុងការថែរក្សាស្ថិរភាព អភិវឌ្ឍន៍សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងផ្តល់ជំនួយក្នុងន័យស្ថាបនា សម្រាប់ភាគីនានាក្នុងប្រទេសមីយ៉ាន់ម៉ា ឱ្យបានត្រឹមត្រូវ ដោះស្រាយការខ្វែងគំនិតគ្នា តាមរយៈការពិគ្រោះយោបល់ផ្នែកនយោបាយ ក្នុងក្របខណ្ឌនៃរដ្ឋធម្មនុញ្ញ និងច្បាប់៕
ប្រភព:China Daily