ដោយៈ គង់ សូរិយា
ភ្នំពេញៈ ប្រតិភូក្រុមហ៊ុនចិនធំមួយ បានចាប់អារម្មណ៍ចំពោះសក្តានុពល និងបរិយាកាសវិនិយោគនៅកម្ពុជា។
ក្នុងជំនួបសម្តែងការគួរសម ជាមួយសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្រោមកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយគណៈប្រតិភូក្រុមហ៊ុនវិនិយោគចិន តំណាងដោយលោកZhao Yudong ប្រធានក្រុមហ៊ុន Everbright Group Everbright Sunshine Asset Management Co.,Ltd ដែលបានប្រព្រឹត្តទៅនៅវិមានសន្តិភាព។
ភាគីចិនបាននិងកំពុងចាប់អារម្មណ៍ ចំពោះសក្តានុពល និងបរិយាកាសវិនិយោគ លើវិស័យសំខាន់ៗមួយចំនួននៅកម្ពុជា ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម ហិរញ្ញវត្ថុ និងថាមពល ស្របពេលដែលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ទទួលការវិនិយោគ ធ្វើពាណិជ្ជកម្ម ដែលជាដង្ហើមដ៏ចាំបាច់បំផុត សម្រាប់ជំរុញខឿនសេដ្ឋកិច្ចជាតិ៕