ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបង្ហាញពីវឌ្ឍនភាពគម្រោង ស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ១២,៣៦ភាគរយហើយ។
តាមក្រសួងបានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន១២,៣៦% ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកវ៉ាង វិនធៀន ឯកអគ្គរដ្ឋចិនប្រចាំកម្ពុជា។
បច្ចុប្បន្នសម្រាប់ការងារ សសរគ្រឹះចំនួន៣៦ដើម បានចាក់បេតុងរួច ក្នុងចំណោម១៥៦ដើម និងចាក់ជើងតាងបាន៦ ក្នុងចំណោម២០ជើងតាង។ ចំណែកឯការងារហេដ្ឋារចនាសម្ព័ន្ធផ្នែកក្រោម ចាក់សរសរភ្លោះបាន៤ក្នុងចំណោម១២ សសរ ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។
គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) មានប្រវែងសរុប១៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ ទទឹងផ្លូវ២៧ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ ទទឹងផ្លូវ២៧ម៉ែត្រ) សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន៕
:: ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT)
– Facebook: https://www.facebook.com/mpwt.gov.kh
– Telegram: https://t.me/mpwtnews
– TikTok: https://www.tiktok.com/@mpwt.tiktok
– YouTube: https://www.youtube.com/@mpwt.youtube