ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ របស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតបានប្រកាសថា ខ្លួនគ្រោងបើកការដ្ឋានសាងសង់ អគារការិយាល័យខ្ពស់កប់ពពកមួយ ដើរដោយថាមពលអ៊ីដ្រូសែនស្អាត នៅដើមឆ្នាំ២០២៥ខាងមុខ។
អគារនេះនឹងមានកម្ពស់៥០ជាន់ និងមានឈ្មោះថា Forbes International Tower ជាស្ថាប័នទស្សនាវដ្តីធុរកិច្ចដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក។ គម្រោងសាងសង់ត្រូវការទុនវិនិយោគចំនួន១ពាន់លានដុល្លារ។ នេះបើយោងតាមសារពត៌មាន Reuters។
អគារ Forbes International Tower នឹងត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន Magnom Properties ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនឧស្សាហកម្ម អារ៉ាប៊ីសាអូឌីត Rawabi Holding ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ ទៅកាន់រដ្ឋធានីថ្មីរបស់អេហ្ស៊ីប។
រដ្ឋធានីថ្មី នឹងផ្ទុកប្រជាជនជាង៦លាននាក់ និងត្រូវបានសាងសង់នៅក្នុងតំបន់រហោដ្ឋាន លើវាលខ្សាច់ស្ថិតនៅភាគខាងកើតនៃទីក្រុងគែរ(Cairo)។
អគារការិយាល័យកប់ពពក នឹងប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ ខណៈអេហ្ស៊ីបកំពុងព្យាយាម ប្រែក្លាយប្រទេសរបស់ខ្លួន ជាមជ្ឈមណ្ឌលថាមពលបៃតង ដើម្បីប្រឈមមុខនឹងការប្រកួតប្រជែងក្នុងតំបន់។
បណ្តាក្រសួងនានារបស់រដ្ឋាភិបាល ត្រូវបានផ្ទេរទៅកាន់ទីក្រុងរដុ្ឋធានីថ្មី ចាប់ពីខែកក្កដា ឆ្នាំ២០២៣។ ប៉ុន្តែគេសង្កេតឃើញមានប្រជាជនតិចតួចណាស់ បានផ្លាស់ទីលំនៅ ហើយការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ មិនទាន់ត្រូវបានបញ្ចប់រួចរាល់នៅឡើយ រួមទាំងផ្លូវដែកផងដែរ។
លោក Karim Dayhoum នាយកទទួលបន្ទុកលើគម្រោងអភិវឌ្ឍន៍នានា របស់ក្រុមហ៊ុនអចលនទ្រព្យ Magnom Properties បានលើកឡើងថា ក្រុមហ៊ុននឹងចាប់ផ្តើមការរចនាឌីហ្សាញអគារនេះ ឱ្យបានយ៉ាងលម្អិត ក្នុងពេលឆាប់ៗខាងមុខ ហើយយើងមានបំណងបញ្ចប់ ការសាងសង់នៅត្រឹមឆ្នាំ២០៣០។
ការសាងសង់រដ្ឋធានីថ្មីជាមហិច្ឆតា ខ្ពស់បំផុតក្នុងចំណោមបណ្តាគម្រោងធំៗផ្សេងទៀត របស់រដ្ឋបាលប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sisi។
គម្រោងទាំងនោះ បានជំរុញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែក៏បានធ្វើឱ្យវិបត្តិថវិកាមានភាពតានតឹង ព្រមទាំងបង្កើនបំណុល និងការហូរចូលនៃរូបិយប័ណ្ណបរទេស។ ការណ៍នេះ បានបង្ខំឱ្យរដ្ឋាភិបាលអេហ្ស៊ីប កាត់បន្ថយការវិនិយោគសាធារណៈ ក្រោមការដាក់សម្ពាធ ពីមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)៕
ប្រភព: Reuters